នគរបាល​ជាតិ​ចុះ​MOU​ជាមួយ​អង្គការ​DR​សហការ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​

24-05-2019 9:37 pm 815
  ស្តាប់
ស្តាប់ជាសំឡេង

​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ ត្រូវបាន​ចុះហត្ថលេខា​ដោយ​នាយ​ឧត្តមសេនីយ៍ យក់ សុខា អគ្គស្នងការ​រង​នគរបាលជាតិ និង​លោក Todd Willim Morrison ប្រធាន​អង្គការ​សង្គ្រោះ​ជោគវាសនា (DR) នៅ​ព្រឹក​ថ្ងៃទី​២៤ ឧសភា ។ ផ្អែក​តាម​អនុស្សរណៈ​នេះ ភាគី​អង្គការ​សង្គ្រោះ​ជោគវាសនា នឹង​សហការ​ជាមួយ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​ចំនួន​៣​ចំណុច​សំខាន់ៗ ...

​អនុស្សរណៈ​នៃ​ការយោគយល់​ខាងលើ ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង បង្កើន​កិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​សង្គ្រោះ​ជនរងគ្រោះ ព្រមទាំង​ផ្តល់​សេវា​សង្គម​ដល់​ជនរងគ្រោះ ។ នេះ​បើ​តាម​ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ស្រង់​សម្តី​ដោយ គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​រសៀល​ថ្ងៃ​ទី​២៤ ឧសភា ។​

​លោក​បន្តថា ក្នុង​គោលបំណង​នៃ​អនុស្សរណៈ​នៃ​ការយោគយល់​នេះ គឺ​បាន​ផ្តល់ឱកាស​ឱ្យ​អង្គការ​សង្គ្រោះ​ជោគវាសនា (DR) សហការ​ជាមួយ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស នូវ​៣​ចំណុច​សំខាន់ៗ​ដូចជា ៖

១. នៅពេល​អង្គការ​សង្គ្រោះ​ជោគវាសនា (DR) មាន​ព័ត៌មាន ឬ​បណ្តឹង​ពី​គ្រួសារ និង​ជនរងគ្រោះ អង្គការ​នេះ នឹងត្រូវ​ផ្តល់​ព័ត៌មាន​មក​នគរ​បាល​ប្រឆាំង​ការជួញដូរ​មនុស្ស ដើម្បី​ស៊ើបអង្កេត​ផ្ទៀងផ្ទាត់​ព័ត៌មាន និង​មាន​ចំណាត់ការ​តាម​នីតិវិធី និង​ច្បាប់ ។​

២. អង្គការ​សង្គ្រោះ​ជោគវាសនា (DR) អាច​ផ្តល់​ព័ត៌មាន​បន្ថែម ពី​ទីតាំង​សង្ស័យ​ប្រព្រឹត្ត​បទល្មើស និង​ផ្តល់​ភស្តុតាង​ផ្សេងៗ មក​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស ។ អង្គការ​សង្គ្រោះ​ជោគវាសនា ទទួល​ជនរងគ្រោះ ផ្តល់​សេវា​បឋម សេវា​សង្គម​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ផ្តល់​ទី​កន្លែង​សុវត្ថិភាព​ស្នាក់​នៅ​សម្រាប់​ជនរងគ្រោះ ។​

៣. អង្គការ​សង្គ្រោះ​ជោគវាសនា (DR) បានបញ្ជាក់​ថា មាន​មណ្ឌល​ផ្តល់​សេវា និង​គាំពារ​ជនរងគ្រោះ​ចំនួន​៣​កន្លែង ទី​១ នៅ​រាជធានី​ភ្នំពេញ​, ទី​២ នៅ​ខេត្ត​សៀមរាប និង​ទី​៣ នៅ​ខេត្ត​កំពង់ចាម ។ អង្គការ​សង្គ្រោះ​ជោគវាសនា នឹង​សហការ​ជាមួយ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស ដោយ​គោរព​តាម​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា និង​ស្រប​តាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ធរមាន ៕

ព័ត៌មានផ្សេងទៀត