អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយនាយឧត្តមសេនីយ៍ យក់ សុខា អគ្គស្នងការរងនគរបាលជាតិ និងលោក Todd Willim Morrison ប្រធានអង្គការសង្គ្រោះជោគវាសនា (DR) នៅព្រឹកថ្ងៃទី២៤ ឧសភា ។ ផ្អែកតាមអនុស្សរណៈនេះ ភាគីអង្គការសង្គ្រោះជោគវាសនា នឹងសហការជាមួយនគរបាលប្រឆាំងការជួញដូរមនុស្សចំនួន៣ចំណុចសំខាន់ៗ ...
អនុស្សរណៈនៃការយោគយល់ខាងលើ ត្រូវបានធ្វើឡើងក្នុងគោលបំណង បង្កើនកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងសង្គ្រោះជនរងគ្រោះ ព្រមទាំងផ្តល់សេវាសង្គមដល់ជនរងគ្រោះ ។ នេះបើតាមឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ស្រង់សម្តីដោយ គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី២៤ ឧសភា ។
លោកបន្តថា ក្នុងគោលបំណងនៃអនុស្សរណៈនៃការយោគយល់នេះ គឺបានផ្តល់ឱកាសឱ្យអង្គការសង្គ្រោះជោគវាសនា (DR) សហការជាមួយនគរបាលប្រឆាំងការជួញដូរមនុស្ស នូវ៣ចំណុចសំខាន់ៗដូចជា ៖
១. នៅពេលអង្គការសង្គ្រោះជោគវាសនា (DR) មានព័ត៌មាន ឬបណ្តឹងពីគ្រួសារ និងជនរងគ្រោះ អង្គការនេះ នឹងត្រូវផ្តល់ព័ត៌មានមកនគរបាលប្រឆាំងការជួញដូរមនុស្ស ដើម្បីស៊ើបអង្កេតផ្ទៀងផ្ទាត់ព័ត៌មាន និងមានចំណាត់ការតាមនីតិវិធី និងច្បាប់ ។
២. អង្គការសង្គ្រោះជោគវាសនា (DR) អាចផ្តល់ព័ត៌មានបន្ថែម ពីទីតាំងសង្ស័យប្រព្រឹត្តបទល្មើស និងផ្តល់ភស្តុតាងផ្សេងៗ មកនគរបាលប្រឆាំងការជួញដូរមនុស្ស ។ អង្គការសង្គ្រោះជោគវាសនា ទទួលជនរងគ្រោះ ផ្តល់សេវាបឋម សេវាសង្គមបណ្តុះបណ្តាលវិជ្ជាជីវៈ និងផ្តល់ទីកន្លែងសុវត្ថិភាពស្នាក់នៅសម្រាប់ជនរងគ្រោះ ។
៣. អង្គការសង្គ្រោះជោគវាសនា (DR) បានបញ្ជាក់ថា មានមណ្ឌលផ្តល់សេវា និងគាំពារជនរងគ្រោះចំនួន៣កន្លែង ទី១ នៅរាជធានីភ្នំពេញ, ទី២ នៅខេត្តសៀមរាប និងទី៣ នៅខេត្តកំពង់ចាម ។ អង្គការសង្គ្រោះជោគវាសនា នឹងសហការជាមួយនគរបាលប្រឆាំងការជួញដូរមនុស្ស ដោយគោរពតាមអនុស្សរណៈនៃការយោគយល់គ្នា និងស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាជាធរមាន ៕