ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី២៤ ឧសភា បានសម្រេចផ្តល់ជំនួយជិត៨លានដុល្លារអាមេរិកដល់កម្ពុជា ដើម្បីគាំទ្រការសាងសង់ឧទ្យានថាមពលពន្លឺព្រះអាទិត្យ កម្លាំង១០០មេហ្គាវ៉ាត់ ។ បន្ថែមពីលើនេះ ក៏មានជំនួយ ឥតសំណងជាង១៤លានដុល្លារផ្សេងទៀត គាំទ្រដល់ការអភិវឌ្ឍសមត្ថភាពរបស់អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា...
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តឥណទានសម្បទានចំនួន ៧,៦៤លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការសាងសង់ឧទ្យានថាមពលពន្លឺព្រះអាទិត្យកម្លាំង១០០មេហ្គាវ៉ាត់ ក្នុងខេត្តកំពង់ឆ្នាំង និងកសាងប្រព័ន្ធបញ្ជូនអគ្គិសនី តភ្ជាប់ទៅនឹងបណ្តាញចែកចាយចម្បងក្បែររាជធានីភ្នំពេញ ។
សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៤ ឧសភា ថា បន្ថែមពីលើឥណទានសម្បទានរបស់ ADB ក៏មានឥណទានសម្បទាន ១១លានដុល្លារ និង៣លានដុល្លារ ជាហិរញ្ញប្បទានឥតសំណង ដែលទទួលបានពីមូលនិធិអាកាសធាតុយុទ្ធសាស្ត្រ តាមរយៈកម្មវិធីពង្រីកថាមពលកើតឡើងវិញ ។
បន្ថែមពីនេះ ក៏មានហិរញ្ញប្បទានឥតសំណងសម្រាប់ជំនួយបច្ចេកទេសចំនួន ៥សែនដុល្លារ ផ្តល់ដោយមូលនិធិ e-Asia និងភាពជាដៃគូចំណេះដឹងនៃសាធារណរដ្ឋកូរ៉េ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពរបស់អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ។
លោក Pradeep Tharakan ប្រធានក្រុមអ្នកឯកទេសផ្នែកការប្រែប្រួលអាកាសធាតុរបស់ ADB ថ្លែងថា ការមានប្រភពថាមពលដែលគួរឱ្យជឿជាក់បាន មាននិរន្តរភាព និងតម្លៃសមរម្យ ពិតជាមានសារសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សដូចកម្ពុជា ។
លោកបន្តថា ជំនួយរបស់ ADB នឹងមិនគ្រាន់តែជួយធ្វើពិពិធកម្មប្រភពថាមពលរបស់កម្ពុជា តាមរយៈការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យទេ វាក៏នឹងជួយឱ្យកម្ពុជាសម្រេចបាននូវគោលដៅកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់របស់ខ្លួន យោងតាមកិច្ចព្រមព្រៀង ស្តីពីអាកាសធាតុនៅទីក្រុងប៉ារីសដែរ ។
ក្នុងឆ្នាំ២០១៨ កម្ពុជាអាចផ្គត់ផ្គង់អគ្គិសនី តាមរយៈបណ្តាញដែលបានតម្លើងរួចរាល់ សរុបចំនួន ២.១៧៥ មេហ្គាវ៉ាត់ ក្នុងនោះ ថាមពលពីវារីអគ្គិសនីចំនួន ១.៣៣០មេហ្គាវ៉ាត់ ឬប្រមាណ ៦២% និងការផលិតថាមពលអគ្គិសនីពីឥន្ធនៈហ្វូស៊ីល ចំនួន៧៨០មេហ្គាវ៉ាត់ ឬប្រមាណ៣៦% ។
ADB ថា ទោះបីកម្ពុជាមានពន្លឺព្រះអាទិត្យច្រើន តែសមត្ថភាពផលិតថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យនាពេលបច្ចុប្បន្ន គឺត្រឹមតែ១០មេហ្គាវ៉ាត់ប៉ុណ្ណោះ ។ យោងតាមការសិក្សារបស់ADB កម្ពុជាអាចបន្ថែមថាមពលពន្លឺព្រះអាទិត្យប្រមាណ២០០មេហ្គាវ៉ាត់ ទៅក្នុងបណ្តាញចែកចាយ ត្រឹមឆ្នាំ២០២១ ដោយប្រើប្រាស់បច្ចេកវិទ្យាដែលមានស្រាប់ និងដោយមិនប៉ះពាល់ដល់បណ្តាញចែកចាយ ៕