នាយករដ្ឋមន្ដ្រី​​ជប៉ុន​​ចង់​ដើរតួ​​ជា​អ្នកសម្រប​សម្រួល​​ភាព​តានតឹង​​អ៊ីរ៉ង់​-​អាមេរិក​

24-05-2019 3:30 pm 1732
  ស្តាប់
ពីឆ្វេង ប្រធានាធិបតីអាមេរិក នាយករដ្ឋមន្ដ្រីជប៉ុន ប្រធានាធិបតីអ៊ីរ៉ង់
ស្តាប់ជាសំឡេង

​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​NHK​ជប៉ុន​បានឲ្យដឹងថា នាយករដ្ឋមន្ដ្រី​ជប៉ុន​កំពុង​ពិចារណា​ពី​ការធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​អ៊ីរ៉ង់ ដើម្បី​ជួយ​បន្ធូរបន្ថយ​ស្ថានការណ៍​តានតឹង​រវាង​អ៊ីរ៉ង់​ជាមួយ​អាមេរិក​។ បើសិន​សម្រេច​ជា​ផ្លូវការ​ថា​នឹង​ទៅ​មែន លោក​ស៊ីន​ហ្ស៊ូ អាបេ​គឺជា​នាយករដ្ឋមន្ដ្រី​ជប៉ុន​ដំបូង​គេ ដែល​ធ្វើដំណើរ​ទៅ​ជាន់​ទឹកដី​អ៊ីរ៉ង់​គិតពី​ឆ្នាំ​១៩៧៨​។ តាម​ការបញ្ជាក់​ពី​ប្រភព​មិន​បញ្ចេញ​ឈ្មោះ លោក​អាបេ​កំពុង​ពិចារណា​លើ​ដំណើរទស្ស​ន​កិច្ច​ទៅកាន់​ប្រទេស​អ៊ីរ៉ង់ ដើម្បី​ជួប​ប្រធានាធិបតី​អ៊ីរ៉ង់​លោកហាស​សាន រ៉ូ​ហានី​នៅ​ពាក់កណ្ដាល​ខែមិថុនា​។ លោក​នឹង​សម្រេចចិត្ដ​ចុងក្រោយប​ន្ទា​ប់​ពី​ជួប​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ នៅក្នុង​ទីក្រុង​តូ​ក្យូប្រទេស​ជប៉ុន​នា​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ​។ 

​លោក​អាបេ​នៅតែ​ឲ្យ​តម្លៃ​ដល់​ទំនាក់ទំនង​ជាមួយ​ប្រទេស​អ៊ីរ៉ង់ ហើយ​លោក​តែងតែ​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់​ជា​រៀងរាល់ឆ្នា​តាំងពី​ឆ្នាំ​២០១៣ នៅក្រៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ញូវយ៉ក​។ កាលពី​សប្ដាហ៍​មុន​លោក​បាន​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ដ្រីការបរទេស​អ៊ីរ៉ង់​ផងដែរ ដែល​ធ្វើ​ទស្សនកិច្ច​យ៉ាង​ភ្ញាក់ផ្អើល​ទៅកាន់​ប្រទេស​ជប៉ុន​។ នៅក្នុង​កិច្ច​ជំនួប​ថ្នាក់ដឹកនាំ​ទាំងពីរ​បញ្ជាក់ថា ប្រទេស​ទាំងពីរ​នឹង​បន្ដ​រក្សា​ការអភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី​ដដែល​។ លោក​អា​បេ​សង្កត់ធ្ងន់ថា លោក​សង្ឃឹម​អ៊ីរ៉ង់​នឹង​បន្ដ​ប្រកាន់ខ្ជាប់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែ​រ ដែល​បាន​ចុះហត្ថលេខា​ជាមួយ​ប្រទេស​មហាអំណាច​៥+១​កាលពី​ឆ្នាំ​២០១៥​។​

​សូមបញ្ជាក់ថា រដ្ឋបាល​របស់លោក​ដូណាល់ ត្រាំ​បានប្រកាស​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​កាលពី​ឆ្នាំមុន ហើយ​បាន​ដាក់ទណ្ឌកម្ម​ជាថ្មី​លើ​អ៊ីរ៉ង់​។ ជាការ​សងសឹក​អ៊ីរ៉ង់​បានប្រកាស​ឈប់​អនុវត្ដ​តាម​លក្ខខណ្ឌ​មួយចំនួន​ដែល​បាន​ឯកភាព​ក្នុង​កិច្ចព្រមព្រៀង និង​ព្រមាន​ចង់​ចាប់ផ្ដើម​កម្មវិធី​នុយក្លេអ៊ែរ​ឡើងវិញ​។ ភាព​តានតឹង​ផ្ទុះឡើង​កាន់តែខ្លាំង​ក្រោយពេល​អាមេរិក​បញ្ជូន​នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង យន្ដហោះ​ទម្លាក់​គ្រាប់​និង​កងកម្លាំង​វាយប្រហារ​ទៅ​មជ្ឈិមបូព៌ា ត្រៀម​ទប់ទល់​ការវាយប្រហារ​ពី​អ៊ីរ៉ង់​។ រីឯ​អ៊ីរ៉ង់​ក៏​ប្រកាស​ត្រៀម​រួចជាស្រេច បើ​អាមេរិក​វាយប្រហារ​នោះ​ខ្លួន​នឹង​ឆ្លើយតប​វិញ​ភ្លាមៗ​។ បច្ចុប្បន្ន​នៅ​មិនទាន់មាន​ដំណោះស្រាយ​សមស្រប បញ្ចប់​ភាព​តានតឹង​នៅឡើយ​ទេ​៕

 ពាក្យគន្លឹះ  ជប៉ុនអាមេរិកអ៊ីរ៉ង់

ព័ត៌មានផ្សេងទៀត