តាមការបញ្ជាក់ពីរបាយការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ចិន Huawei អាចនឹងធ្វើប្រតិបត្ដិការប្រព័ន្ធOSផ្ទាល់ខ្លួន សម្រាប់ទូរស័ព្ទស្មាតហ្វូននិងកុំព្យូទ័រយួរដៃក្នុងប្រទេសចិន នៅរដូវស្លឹកឈើជ្រុះខាងមុខនេះហើយ។ ការបង្ហាញដូច្នេះបន្ទាប់ពីអាមេរិកបញ្ចូលក្រុមហ៊ុនក្នុងបញ្ជី។ ប្រធានផ្នែកអាជីវកម្មអតិថិជនលោកRichard Yu ប្រាប់បណ្ដាញសារព័ត៌មានCNBCថា ប្រព័ន្ធកំណែទម្រង់ជាអន្ដរជាតិ អាចនឹងរួចរាល់សម្រាប់ការប្រើប្រាស់នៅត្រីមាសទីមួយនិងទីពីរឆ្នាំ២០២០។
លោកYuបន្ថែមថា សព្វថ្ងៃHuaweiនៅតែប្ដេជ្ញាចិត្ដ ក្នុងការប្រើប្រាស់Microsoft WindowsនិងGoogle Android ប៉ុន្ដែប្រសិនបើមិនអាចប្រើប្រព័ន្ធប្រតិបត្ដិការនេះទេ ក្រុមហ៊ុនHuaweiនឹងដើរតាមផែនការB ប្រើប្រាស់ប្រព័ន្ធប្រតិបត្ដិការOSផ្ទាល់ខ្លួនវិញ។ តាមពិតក្រុមហ៊ុនមិនចង់ធ្វើដូច្នេះទេ ប៉ុន្ដែត្រូវបង្ខំចិត្ដធ្វើដោយសាររដ្ឋាភិបាលអាមេរិក។
សូមបញ្ជាក់ថា ក្រុមហ៊ុនHuaweiបានទទួលរងការខាតបង់ក្នុងសប្ដាហ៍នេះ ដោយសារការសម្រេចចិត្ដរបស់ក្រុមហ៊ុនGoogle កាត់ផ្ដាច់ការផ្គត់ផ្គង់ផ្នែកខ្លះនៃប្រព័ន្ធប្រតិបត្ដិការAndroid OSដល់ក្រុមហ៊ុន ក្រោយអាមេរិកចេញបញ្ជាហាមឃាត់មិនឲ្យក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក លក់ឬផ្ទេរបច្ចេកវិទ្យាទៅឲ្យក្រុមហ៊ុនHuaweiទៀត៕