UN​អរគុណ​កងទ័ព​មួក​ខៀវ​កម្ពុជា ដែល​ពលី​ដើម្បី​សន្តិភាព​ពិភពលោក​

24-05-2019 11:29 am 1448
  ស្តាប់
កងទ័ពមួកខៀវកម្ពជាដែលបង្ហាញដោយអង្គការសហប្រជាជាតិ
ស្តាប់ជាសំឡេង

​បុរស​និង​នារី​ដ៏​អង់អាច​ក្លាហាន ពី​ប្រទេស​កម្ពុជា បាន​ចាកចេញ​ឆ្ងាយ​ពី​ក្រុមគ្រួសារ​របស់​ពួកគេ ហើយ​មក​ចូលរួម​ថែរក្សា​សន្តិភាព ជាមួយ​បេសកកម្ម​ថែរក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​(UN)​នៅ​ជុំវិញ​ពិភពលោក​។ អង្គការសហប្រជាជាតិ​សូម​អរគុណ ចំពោះ​ការលះបង់​របស់​កម្ពុជា ការពា​ក់លី​របស់​កង​ទ័ព​មួក​ខៀវ​ខ្មែរ​ទាំងប្រុស​ទាំងស្រី​។ នេះ​បើតាម​សារ​បង្ហោះ លើ​គណនី​យ​ហ្វេ​សប៊ុក អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​២៤​ខែឧសភា​ឆ្នាំ​២០១៩​នេះ​។​

​គួរ​ជម្រាបជូន​ថា ចាប់តាំងពី​កម្ពុជា ចុះ​កិច្ចព្រមព្រៀង​រួមគ្នា ជាមួយ​អង្គការសហប្រជាជាតិ នៅ​ឆ្នាំ​២០០៦ ដល់​ខែមករា​ឆ្នាំ​២០១៩ រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជូន​កម្លាំង​រក្សា​សន្ដិភាព​សរុប​ចំនួន​៥ ៧៨៣​នាក់ នៅ​ក្នុងនោះ ស្ត្រី​ចំនួន​២៧៧​នាក់ ទៅកាន់​ប្រទេស​មួយចំនួន​លើ​ពិភពលោក ក្នុង​ក្របខណ្ឌ​អង្គការសហប្រជាជាតិ​។ ប្រទេស​ទាំងនោះ​រួមមាន ស៊ូដង់ ស៊ូដង់​ខាងត្បូង លី​បង់ អាហ្វ្រិក​កណ្តាល ស៊ី​រី សាយ​ប្រឹស ម៉ាលី និង​ប្រទេស​ឆាត​។ ជាទូទៅ កងកម្លាំង​ទ័ព​មួក​ខៀវ​របស់​កម្ពុជា ជា​កម្លាំង​ជំនាញ ផ្នែក​វិស្វកម្ម កម្លាំង​ពេទ្យ​កម្រិត​២ កម្លាំង​បោសសម្អាត​មីន កម្លាំង​អាវុធហត្ថ និង​កម្លាំង​កម្ទេច​យុទ្ធភ័ណ្ឌ​មិនទាន់​ផ្ទុះ​។​

បើទោះជា​បេសកកម្ម​ ធ្វើឡើង​ក្នុងន័យ​មនុស្ស​ធម៌ក្តី ប៉ុន្តែ​កម្លាំង​មួក​ខៀវ​កម្ពុជា ក៏​ប្រឈម​នឹង​គ្រោះថ្នាក់​ផ្សេងៗ រហូតដល់​ស្លាប់​បាត់បង់​ជីវិត​ផងដែរ ដោយសារតែ​ប្រទេស​ដែល​កម្លាំង​មួក​ខៀវ​កម្ពុជា​បាន​ឈរជើង កំពុងមាន​សង្គ្រាម តាមរយៈ​ការប្រឈមមុខ​ជាមួយ​ក្រុម​ឧទ្ទាម ឬ​ការវាយប្រហារ​ដោយ​ពួក​ឥស្លាម​ជ្រុលនិយម​ជាដើម​។ តួយ៉ាង កាលពី​ថ្ងៃទី​៨​ខែ​ឧសភា ឆ្នាំ​២០១៧ ទ័ព​មួក​ខៀវ​ខ្មែរ​ដែល​បំពេញបេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆត្រ អង្គការសហប្រជាជាតិ បាន​រង​ការ​វាយឆ្មក់​ពី​ក្រុម​ឧទ្ទាម នៅ​ប្រទេស​អាហ្វ្រិក​កណ្ដាល បណ្តាលឲ្យទ័​ពមួក​ខៀវ​ខ្មែរ​៤​នាក់​ស្លាប់បាត់​បង់ជីវិត​។ 

​យ៉ាងណាក៏ដោយ កម្ពុជា​មិន​រុញ​រា​ក្នុង​ការបន្ត​ចូលរួម​ជា​សកម្មភាព ជាមួយ​អង្គការសហប្រជាជាតិ​ឡើយ​។ ពោល លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ធ្លាប់បាន​អះអាង​ហើយ​ថា នឹង​បង្កើន​កម្លាំង​បន្ថែមទៀត ដើម្បី​ចូលរួមចំណែក​ថែរក្សា​ការពារ​សិន្តិភាព ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​​។ សម្រាប់​រដ្ឋាភិបាល​កម្ពុ​ជា ចាត់ទុក​ការ​បញ្ជួន​កម្លាំង​មួក​ខៀវ ទៅ​បំពេញ​បេស​សកម្ម​ការងារ​ក្រោម​កិច្ចសហការ​ជាមួយ​អង្គការសហប្រជាជាតិ ជា​មោទនភាព​មួយ​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​៕ 


ព័ត៌មានផ្សេងទៀត