អាមេរិក​​រំពឹង​​នឹងមាន​​ក្រុមហ៊ុន​​ច្រើន​ទៀត​​ឈប់​ធ្វើ​​អាជីវកម្ម​​ជាមួយ​Huawei

24-05-2019 10:24 am 2819
  ស្តាប់
​រដ្ឋមន្ដ្រីការបរទេស​អាមេរិក​លោក​ម៉ៃ ផុម​ភី​អូ
ស្តាប់ជាសំឡេង

​រដ្ឋមន្ដ្រីការបរទេស​អាមេរិក​លោក​ម៉ៃ ផុម​ភី​អូបាន​បង្ហាញ​ក្ដី​រំពឹងថា នឹងមាន​ក្រុមហ៊ុន​អន្ដរជាតិ​ជាច្រើន​ទៀត​ឈប់​ធ្វើ​ជំនួញ​ជាមួយ​ក្រុមហ៊ុន​ចិន​Huawei​។ លោក​បន្ថែមថា​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​ចិន​មួយ​នេះ អាចនឹងទទួល​បាន​ព័ត៌មាន​សំខាន់ៗ​ពី​ក្រុមហ៊ុន​អាមេរិក តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​។ ទីក្រុង​វ៉ាស៊ីនតោន​បាន​ហាមឃាត់​មិនឲ្យ​ក្រុមហ៊ុនអាមេរិក ធ្វើ​ជំនួញ​ជាមួយ​ក្រុមហ៊ុន​Huawei​ឡើយ ប្រសិនបើ​គ្មាន​ការយល់ព្រម​ពី​រដ្ឋាភិបាល​។ 

​ថ្លែង​ក្នុង​កម្មវិធី​ទូរទស្សន៍​CNBC​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​ផុម​ភី​អូនិ​យាយថា ក្រុមហ៊ុន​Huawei​មាន​ទំនាក់ទំនង​យ៉ាង​ជ្រាលជ្រៅ​ជាមួយ​បក្ស​កុម្មុយនីស្ដ​ចិន ដែល​ធ្វើឲ្យ​ព័ត៌មាន​ទាក់ទង​នឹង​សហរដ្ឋ​អាមេរិក​ប្រឈម​ហា​នី​ភ័យ​ខ្ពស់​។ ប៉ុន្ដែ​ក្រុមហ៊ុន​Huawei​បាន​ច្រានចោល​ការចោទប្រកាន់​។ លោក​បន្ថែមថា​រដ្ឋាភិបាល​ចិន​អាច​ប្រើប្រាស់​ព័ត៌មាន​ទាំងនោះ​សម្រាប់​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់គេ ដូច្នេះ​នៅពេលដែល​បណ្ដា​ប្រទេស​ផ្សេង​យល់​ពី​ហា​នី​ភ័យ​ដែល​ពួកគេ​អាច​ជួបប្រទះ នោះ​នឹងមាន​ក្រុមហ៊ុន​ជាច្រើន​ទៀត​គិត​ឡើងវិញ​ពី​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​Huawei​។​

​គួរ​បញ្ជាក់ថា​បច្ចុប្បន្ន​ក្រៅពី​ក្រុមហ៊ុន​អាមេរិក​ផ្អាក​ការផ្គត់ផ្គង់​កម្មវិធី​និង​គ្រឿងបន្លាស់ មាន​បណ្ដា​ក្រុមហ៊ុន​មួយចំនួន​នៅ​អង់គ្លេស នៅ​ជប៉ុន​ជាដើម បានប្រកាស​ផ្អាក​ទិញ​ទូរស័ព្ទ​ស្មា​ត​ហ្វូន​ពី​ក្រុមហ៊ុន​Huawei​។ កត្ដា​នេះ​ធ្វើឲ្យ​ក្រុមហ៊ុន​Huawei​និង​រដ្ឋាភិបាល​ចិន​ខឹង​អាមេរិក​កាន់តែខ្លាំង និង​ចោទថា​លោក​ត្រាំ​ចង់​រារាំង​សន្ទុះ​វាយលុក​ទីផ្សារ​របស់​ក្រុមហ៊ុន​Huawei ដោយសារតែ​ក្រុមហ៊ុន​កំពុងមាន​ប្រជាប្រិយភាព​ខ្លាំង​ជាង​ក្រុមហ៊ុន​យក្ស​របស់​អាមេរិក​។ 

​រដ្ឋមន្ដ្រីការបរទេស​ចិន​បាន​ព្រមាន​ថ្មីៗ​នេះ​ថា ទីក្រុង​ប៉េកាំង​ត្រៀមលក្ខណៈ​រួចជាស្រេច​ប្រយុទ្ធ​ដល់​ទីបញ្ចប់​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​។ ចំណែក​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ចិន​និយាយថា ទីក្រុង​ប៉េកាំង​បាន​បញ្ជូន​តំណាង​ពិសេស​ទៅ​ដោះស្រាយ​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន ហើយ​ព្រមាន​ថា​ចិន​មាន​សមត្ថភាព​ក្នុង​ការការពារ​សិទ្ធិ​ស្របច្បាប់ និង​ផលប្រយោជន៍​ក្រុមហ៊ុន​ចិន​ទាំងអស់​៕

ព័ត៌មានផ្សេងទៀត