រដ្ឋាភិបាល​ប្រតិកម្ម​នឹង​​ការស្នើច្បាប់​នៃ​សមាជិក​​ព្រឹទ្ធសភា​​អាមេរិក​ ដែល​ទាមទារ​​ដាក់​សម្ពាធ​​កម្ពុជា​​

24-05-2019 10:07 am 4059
  ស្តាប់
ស្តាប់ជាសំឡេង

​រដ្ឋាភិបាល​កម្ពុជា​ចាត់ទុក​សេចក្ដីស្នើច្បាប់​ថ្មី​មួយទៀត របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក ចង់ឱ្យ​មានច្បាប់​ចង​កាតព្វកិច្ច​កម្ពុជា​ឱ្យ​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​ឱ្យបាន​ពេញលេញ និង​ទាមទារ​ឱ្យ​ដោះលែង​លោក​កឹម សុខា ជាបន្ទាន់ ដោយ​ឥត​លក្ខខណ្ឌ​នោះ ថា ជា​និន្នាការ​ពិសពុល​ប្រឆាំង​ទៅនឹង​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​។ 

​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃទី​២៣ ឧសភា របស់​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បានចាត់ទុក​ការព្យាយាម​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទាំងនេះ​ថា ជា​និន្នាការ​អវិជ្ជមាន​ប្រកបដោយ​ពិសពុល​ប្រឆាំង​ទៅនឹង​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​ជាង​៨៣% ដែល​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​បន្ត​គ្រប់គ្រង​អំណាច និង​ចាត់ទុកថា នេះ​ជា​ចេតនា​បង្កើត​ព្រឹត្តិការណ៍​នយោបាយ​។ 

​ប្រតិកម្ម​នេះ ធ្វើឡើង​ក្រោយ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​បី​រូប រួមគ្នា​ស្នើច្បាប់​ជំរុញ​ការអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស ដើម្បី​ស្ដារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ​។ ច្បាប់​នេះ នឹង​បញ្ចូល​ការដាក់ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​ផងដែរ​។​

​សមាជិក​ព្រឹទ្ធសភា​អាមេរិក​បី​រូប ពី​គណបក្សកាន់អំណាច និង​គណបក្សប្រឆាំង បាន​រួមគ្នា​ស្នើច្បាប់​ថ្មី​មួយ​នេះ កាលពី​ថ្ងៃទី​១៤ ឧសភា តែ​ទើបតែ​ត្រូវបាន​លេចចេញ​ជា​សាធារណ​: កាលពី​ថ្ងៃទី ២២ ឧសភា​។ ច្បាប់​នោះ​មាន​លេខ​កូដ S. 1468 ស្ដីពី​ការទទួលខុសត្រូវ​របស់​កម្ពុជា និង ការវិលត្រឡប់​មកវិញ​នៃ​ការវិនិយោគ​ឆ្នាំ​២០១៩ (Cambodia Accountability and Return on Investment Act of 2019) ដែល​ស្នើឡើង​ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ងាក​មក​គោរព​គោលការណ៍ ដែល​មានចែង​នៅក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ឱ្យបាន​ពេញលេញ​។​

​សមាជិក​ព្រឹទ្ធសភា​ទាំងបី​រូបនោះ មកពី​ខាង​គណបក្ស​សាធារណរដ្ឋ គឺ​លោក លិន​ស៊ី ហ្ក្រា​ហែម (Linsey Graham) ជា​អ្នក​ផ្ដួចផ្ដើម​ស្នើច្បាប់​នេះ និង​គាំទ្រ​ដោយ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ពីររូប​ទៀត គឺ​លោក ឌិក ឌើ​ប៊ិន (Dick Durbin) ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​លោក ម៉ាកូ រូប៊ី​អូ (Marco Rubio) ខាង​គណបក្ស​សាធារណរដ្ឋ​។​នេះ​បើតាម​សេចក្តីចម្លង​សេចក្តីស្នើច្បាប់​ដែល ផ្សព្វផ្សាយ​ដោយ​VOA​។​

​ច្បាប់​នេះ តម្រូវឱ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​កឹម សុខា ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ ដោះលែង​អ្នកទោសនយោបាយ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ ព្រមទាំង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ផង ហើយ​ទម្លាក់ចោល​រាល់​បទចោទប្រកាន់​លើ​ពួកគាត់​។ ច្បាប់​នេះ ក៏​ទាមទារ​ឱ្យ​ទម្លាក់ចោល​រាល់​ការចោទប្រកាន់ ដោយ​ហេតុផល​នយោបាយ លើ​មេដឹកនាំ​ផ្សេងទៀត របស់​បក្សប្រឆាំង មាន​ទាំង​លោក​សម រង្ស៊ី និង​ទម្លាក់ចោល​បទ​ចោទ​លើ​អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​ពីររូប​ផង គឺ​លោក អ៊ួ​ន ឈិន និង​លោក យាង សុធា​រិន្ទ​។​

​លើសពីនេះទៅទៀត ច្បាប់​នេះ ក៏​ស្នើឱ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវតែ​លុបចោល​ច្បាប់​វិសោធនកម្ម ស្ដីពី​គណបក្សនយោបាយ ដើម្បី​អនុញ្ញាតឱ្យ​គណបក្សប្រឆាំង​បើក​ដំណើរការ​ឡើងវិញ និង​ផ្ដល់​នីតិសម្បទា ដល់​មន្ត្រីជាន់ខ្ពស់​បក្ស​ប្រឆាំង​ទាំងអស់ ដែល​រង​បម្រាម​សិទ្ធិ​នយោបាយ​។​

​ក្នុង​សេចក្តីស្នើច្បាប់ ករណី​រដ្ឋាភិបាល​កម្ពុ​ជា មិន​អនុវត្តតាម គឺ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ត្រូវ​ដាក់ទណ្ឌកម្ម​លើ​បុគ្គល ដែលជា​មន្ត្រី​រដ្ឋាភិបាល រួមមាន បង្កក​ទ្រព្យសម្បត្តិ និង​ព្យួរ​ការអនុគ្រោះ​ពន្ធ​ទូទៅ ឬ GSP និង​មិន​បន្ធូរបន្ថយ​ចំពោះ​ការ​ជំពាក់​បំណុល​អាមេរិក​ជាដើម​។​

​យ៉ាងនេះក្តី អង្គភាព​អ្នកនាំពាក្យ​អះអាង​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ថា កម្ពុជា​ពេលនេះ​បាន​ក្លាយជា​ប្រទេស​ដែល​គ្រប់គ្រង​ដោយ​នីតិរដ្ឋ ហើយ​គោរព​យ៉ាង​មុតមាំ​នូវ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ជាមួយនឹង​ការរៀបចំ​ការបោះឆ្នោត​ដោយ​ទៀងទាត់ សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដើម្បី​ផ្តល់​សិទ្ធិ​ឱ្យ​ពលរដ្ឋ​ជ្រើសរើស​មេដឹកនាំ​ប្រទេស​។ ដូច្នេះ កម្ពុជា​មិន​ទទួលយក​នូវ​ការជ្រៀតជ្រែក​ណាមួយ មកលើ​កិច្ចការ​ផ្ទៃក្នុង​ខ្លួន​ឡើយ​។​

​អង្គភាព​អ្នកនាំពាក្យ​បាន​បន្តថា ប៉ុនប៉ង​ដើម្បី​ស្នើច្បាប់​សាជាថ្មី គឺជា​និន្នាការ​អវិជ្ជមាន ប្រកបដោយ​ពិសពុល និង​ពិតប្រាកដ​ណាស់​ប្រឆាំង​ទៅនឹង​សុច្ឆន្ទៈ នយោបាយ​របស់​ប្រជាជន​កម្ពុជា ដែលមាន​ចំនួន​ដ៏​ច្រើន​លើសលប់​ជាង ៨៣% នៃ​ចំនួន​អ្នកបោះឆ្នោត​ទាំងអស់ កាលពី​ខែកក្កដា ឆ្នាំ​២០១៨ បាន​បោះឆ្នោត​គាំទ្រ គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បន្ត​ដឹកនាំ​ម្ពុ​ជា ក្នុង​ភាពស្របច្បាប់​ពេញលេញ ព្រមទាំង​មាន​ការគាំទ្រ​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ផងដែរ​។​

​យ៉ាងណា អង្គភាព​អ្នកនាំពាក្យ ក៏​បានបញ្ជាក់​សាជាថ្មី​ថា កម្ពុជា​មាន​នយោបាយ​ការបរទេស​ក្នុង​ភាពជា​មិត្តភក្តិ​ស្និទ្ធស្នាល និង​គោរព​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក ទាំង​ក្នុង​ក្របខណ្ឌ​ទ្វេភាគី និង​ពហុភាគី នៅក្នុង​កម្រិត​តំបន់ និង​លើ​ឆាក​អន្តរជាតិ​។ កិច្ចសហប្រតិបត្តិការ​នេះ ក៏បាន​រួមចំណែក​ដល់​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​ឱ្យមាន​ការរីកចម្រើន​ផងដែរ​៕

ព័ត៌មានផ្សេងទៀត