ក្រុមហ៊ុន​ចិន​២ បង្ហាញ​គម្រោង​វិនិយោគ​ការកែច្នៃ​កសិផល​នៅ​កម្ពុជា​

23-05-2019 8:04 pm 1061
  ស្តាប់
ស្តាប់ជាសំឡេង

​ក្នុង​ជំនួប​រវាង​លោក​វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជាមួយ​តំណាង​ក្រុមហ៊ុន​ចិន​ចំនួន​២ នៅ​រសៀល​ថ្ងៃ​ទី​២៣ ឧសភា ភាគី​ក្រុមហ៊ុន​ទាំង​២ បានលើកឡើង​ពី​គោលបំណង​វិនិយោគ​លើ​វិស័យ​កសិកម្ម ដោយ​ផ្តោត​លើ​ការកែច្នៃ​កសិផល​នៅ​កម្ពុជា ...

​ក្នុងជំនួប​នោះ លោក Peng FA FU តំណាង​ក្រុមហ៊ុន Haikou ZhiZhuAng Biotechnology Co.,Ltd បានលើកឡើង​ពី​គោលបំណង​ចម្បង​របស់​ក្រុមហ៊ុន គឺ​វិនិយោគ​លើ​ការដាំដុះ ដោយ​សហការ​ជាមួយ​កសិករ តាមរយៈ​ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​, សាងសង់​រោងចក្រ​កែច្នៃ វេច​ខ្ចប់ និង​នាំចេញ ។​

​លោក​តំណាង​ក្រុមហ៊ុន​បាន​លើកឡើង​បន្តថា លោក​សង្ឃឹមថា​លោក​រដ្ឋមន្ត្រី វេង សាខុន និង​មន្ត្រី​ជំនាញ នឹង​ជួយ​គាំទ្រ សហការ​ក្នុង​ការរៀបចំ​បែបបទ​សមស្រប តាម​នីតិវិធី​គតិយុត្ត ដើម្បី​ជា​ប្រយោជន៍​ដល់​ភាគី​ទាំងសងខាង ពិសេស​ដល់​ប្រជា​កសិករ​ដែល​ជា​អ្នកអនុវត្ត​ផ្ទាល់ ។​

​ដោយឡែក តំណាង​ក្រុមហ៊ុន Jiangsu Long An Agricultural លោក HUANG Ming An បាន​ថ្លែង​អរគុណ​ចំពោះ​លោក​រដ្ឋមន្ត្រី វេង សាខុន ដែល​បញ្ជូន​មន្ត្រី​ជំនាញ​ទៅធ្វើ​ទស្សនកិច្ច ដើម្បី​ស្វែងយល់​ពី​ពូជស្រូវ Japonica នៅ​ប្រទេស​ចិន ។​

​លោក​ថា ក្រុមហ៊ុន​កំពុង​រៀបចំ​ដាំ​ដុះ​ស្រូវ​ប្រភេទ​នេះ លើ​ផ្ទៃដី​៣០០​ហិកតា នៅ​ខេត្ត​កំពង់ធំ ហើយ​សង្ឃឹមថា នឹង​ទទួលបាន​ផល​ជាង ៦,៥​តោន ក្នុង​មួយ​ហិកតា ។ ក្រុមហ៊ុន​ក៏​បាន​ចុះកិច្ចសន្យា​ជាមួយ​កសិករ ដើម្បី​សាកល្បង​ដាំ​ដុះ​ពូជស្រូវ​នេះ  ហើយ​ប្រមូល​ទិញ​ក្នុង​តម្លៃ​១​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម លក់​ចេញ​ទៅ​ប្រទេស​វៀតណាម ។​

​លោក HUANG Ming An បន្តថា ទៅ​ថ្ងៃ​អនាគត ក្រុមហ៊ុន​របស់​លោក គ្រោង​វិនិយោគ​បង្កើត​រោង​ម៉ាស៊ីន​កិនស្រូវ​, ស្ថានីយ​ពិសោធន៍​ពូជ និង​ផលិតកម្ម​ដោយផ្ទាល់ ។​

​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​សំដែង​ក្ដី​សប្បាយរីករាយ ស្វាគមន៍ និង​ផ្ដល់​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ចិន​ទាំង​២ ក្នុង​ការ​មក​វិនិយោគ​ការកែច្នៃ​កសិផល​នៅ​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា យោង​លើ​សក្តានុពល​ឱកាស និង​គោលនយោបាយ​អនុគ្រោះ​របស់​រាជរដ្ឋាភិបាល បាន​ស្វាគមន៍ គាំទ្រ និង​ផ្តល់​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន លើ​ការវិនិយោគ​ការកែច្នៃ​កសិផល និង​ជូនពរ​ឱ្យ​ទទួលបាន​ជោគជ័យ​នាពេល​អនាគត ៕

ព័ត៌មានផ្សេងទៀត