ក្រុមហ៊ុន​​ផ្គត់ផ្គង់​​ទូរស័ព្ទ​ធំៗ​​មួយ​ចំនួន​​ផ្អាក​​ការបញ្ជាទិញ​​ពី​ក្រុមហ៊ុន​Huawei

23-05-2019 3:29 pm 3084
  ស្តាប់
ទូរស័ព្ទស្មាតហ្វូន​របស់ក្រុមហ៊ុនHuawei
ស្តាប់ជាសំឡេង

​បណ្ដា​ក្រុមហ៊ុន​មួយចំនួន​នៅក្នុង​តំបន់​អាស៊ី​និង​អឺរ៉ុប កំពុងតែ​ផ្អាក​ការបញ្ជាទិញ​ទូរស័ព្ទ​ស្មា​ត​ហ្វូន​របស់​ក្រុមហ៊ុន​Huawei បន្ទាប់ពី​អាមេរិក​សម្រេច​រឹតបន្ដឹង​លើ​ក្រុមហ៊ុន​នេះ​កាលពី​សប្ដាហ៍​មុន​។ អាមេរិក​បាន​បញ្ចូល​ក្រុមហ៊ុន​Huawei​ទៅក្នុង​បញ្ជីខ្មៅ​នៃ​ការនាំចេញ មានន័យថា​ក្រុមហ៊ុន​ចិន​មួយ​នេះ​មិនអាច​ទិញ​កម្មវិធី​ឬ​គ្រឿងបន្លាស់​នានា ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​បានឡើយ​។ ឧបករណ៍​ដែលមាន​ស្រាប់​មិន​ប៉ះពាល់​ទេ ប៉ុន្ដែ​នឹង​គំរាមកំហែង​ដល់​ផលិតផល​ជំនាន់​ថ្មី ព្រមទាំង​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​បណ្ដាញ​ឥត​ខ្សែ​5G​ផងដែរ​។​

​ក្រុមហ៊ុន​Vodafone(VOD) ជា​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ធំជាងគេ​ទី​ពីរ​ក្នុង​លោក បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា​នឹង​ផ្អាក​ការ​កុម្មង់​ទុក​មុន​នូវ​ទូរស័ព្ទ​ប្រភេទ​Huawei Mate 20X (5G)​នៅ​ចក្រភព​អង់គ្លេស​។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រុមហ៊ុន​ប្រាប់​បណ្ដាញសារព័ត៌មាន​CNN​។ ក្រុមហ៊ុន​ផ្គត់ផ្គង់​ទូរស័ព្ទ​ដ៏​ធំ​បំផុត​របស់​អង់គ្លេស​មួយ​នេះ សម្រេច​ចាត់វិធានការ​ជា​បណ្ដោះអាសន្ន​លើ​ការផ្អាក​បញ្ជា​ទិញ​ទូរស័ព្ទ​Huawei Mate 20X (5G) ប៉ុន្ដែ​នៅ​មិនទាន់​ច្បាស់លាស់​នឹង​សម្រេច​យ៉ាងណាទេ​ចំពោះ​ឧបករណ៍​5G​។ សម្រាប់​ក្រុមហ៊ុន​ដឹកជញ្ជូន​ដ៏​ធំ​បំផុត​មួយទៀត​របស់​អង់គ្លេស​EE ក៏​ប្រកាស​ពន្យារពេល​ណែនាំ​ពី​ស្មា​ត​ហ្វូន​ជំនាន់​ថ្មី​របស់​ក្រុមហ៊ុន​Huawei​ដែរ​។ ក្រុមហ៊ុន​នេះ​ទើបបាន​ឧទ្ទេសនាម​ទូរស័ព្ទ​Mate 20X 5G​កាលពី​សប្ដាហ៍​មុន​។​

​ចំណែក​ក្រុមហ៊ុន​ប្រតិ​បត្ដិកា​រ​ទូរស័ព្ទ​កំពូល​មួយ​របស់​ជប៉ុន ក៏​ចាត់វិធានការ​ស្រដៀង​គ្នា​ដែរ​ប្រឆាំង​ផលិតផល​ក្រុមហ៊ុន​Huawei គឺ​ទូរស័ព្ទ​Huawei P30 Lite​។ ទូរស័ព្ទ​នេះ​គ្រោង​នឹង​បង្ហាញ​វត្ដ​មាននៅ​ជប៉ុន​ចុងខែ​នេះហើយ ប៉ុន្ដែ​ត្រូវ​ក្រុមហ៊ុន​ផ្អាក​វិញ​។ ក្រុមហ៊ុន​ទូរគមនាគមន៍​ឈានមុខ​របស់​ជប៉ុន​NTT Docomo (DCMYY) ប្រកាស​បញ្ឈប់​ការ​កក់​ទុក​មុន​សម្រាប់​ទូរស័ព្ទ​Huawei P30 Lite និង​កំពុង​ពិនិត្យមើល​ផលប៉ះពាល់​នៃ​ការ​រឹតបន្ដឹង​របស់​អាមេរិក​។ រីឯ​ក្រុមហ៊ុន​ផ្សេងទៀត​មាន​KDDI​និង​SoftBank Corp. និយាយថា​ពួកគេ​នឹង​ពន្យារពេល​ចេញលក់​ទូរស័ព្ទ​ថ្មី​របស់​ក្រុមហ៊ុន​Huawei​។​

​ការផ្អាក​បញ្ជា​ទិញ​ទូរស័ព្ទ​ស្មា​ត​ហ្វូន​ពី​ក្រុមហ៊ុន​Huawei ជា​ភស្ដុតាង​បង្ហាញ​យ៉ាងច្បាស់​ថា យុទ្ធនាការ​ប្រឆាំង​ក្រុមហ៊ុន​Huawei​របស់លោក​ដូណាល់ ត្រាំ ពិតជា​ធ្វើឲ្យប៉ះពាល់​ដល់​អាជីវកម្ម​របស់​ក្រុមហ៊ុន Huawei​។ ក្រុមហ៊ុន​Huawei​កាលពី​ឆ្នាំមុន​បាន​វ៉ា​ដាច់​ក្រុមហ៊ុន​Apple ក្លាយជា​ក្រុមហ៊ុន​លំដាប់ថ្នាក់​លេខ​ពីរ នៅ​ពីក្រោយ​ក្រុមហ៊ុន​Samsung ជា​ក្រុមហ៊ុនទូរស័ព្ទ​ទទួលបាន​ការគាំទ្រ​ខ្លាំង​បំផុត​ក្នុង​លោក​។ ក្រុមហ៊ុន​ពឹងផ្អែក​ខ្លាំង​លើ​ទីផ្សារ​អន្ដរជាតិ ដើម្បី​លក់​ផលិតផល​របស់ខ្លួន​ដល់​ទៅ​ពាក់កណ្ដាល​។ ក្រោយពី​អាមេរិក​ប្រកាស​ដាក់​បម្រាម​លើ​ក្រុមហ៊ុន​Huawei ក្រុមហ៊ុន​Google​បាន​បង្ខំចិត្ដ​កាត់​ផ្ដាច់ការ​ផ្គត់ផ្គត់​ប្រព័ន្ធ​Android​ថ្មី​ទៅឲ្យ​ក្រុមហ៊ុន​Huawei​ភ្លាមៗ​ដែរ​។ ក្រសួងពាណិជ្ជកម្ម​អាមេរិក​អនុញ្ញាតឲ្យ​ក្រុមហ៊ុន​Google ផ្ដល់​សេវាកម្ម​ដែល​កំពុងដំណើរកា​រនា​ពេលបច្ចុប្បន្ន​ទៅឲ្យ​ក្រុមហ៊ុន​Huawei ក្នុង​រយៈពេល​៩០​ថ្ងៃ​ប៉ុណ្ណោះ​ជា​ពេលវេលា​បណ្ដោះអាសន្ន​។​

​ប៉ុន្ដែ​សម្រាប់​ក្រុមហ៊ុន​Huawei​បាន​ចេញមុខ​អះអាងថា ខ្លួន​នឹង​ព្យាយាម​គ្រប់​មធ្យោបាយ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម ហើយ​ប្រាប់​ទៅ​អតិថិជន​កុំឲ្យ​ព្រួយបារម្ភ ព្រោះ​ក្រុមហ៊ុន​នឹង​រក​វិធីសាស្ដ្រ​សម្រាប់​រស់រានមានជីវិត​តទៅទៀត​៕

ព័ត៌មានផ្សេងទៀត