«​ឯកភាព​ជាតិ​»​​គឺ​ចាំ​បាច់​​សម្រាប់​​កម្ពុជា​​ក្នុង​​គ្រា​​ជម្លោះ​​ពាណិជ្ជ​កម្ម​​ពិភព​លោក​​

23-05-2019 2:56 pm 906
  ស្តាប់
រូបសំណាក់ព្រះបាទជ័យវរ្ម័នទី២។
ស្តាប់ជាសំឡេង

​កម្ពុជា​ធ្លាប់​ហែល​ឆ្លង​ក្នុង​ភ្លើងសង្គ្រាម​កាលពី​អតីតកាល ដោយសារ​ការប្រជែក​ឥទ្ធិពល​នៃ​ពួក​មហាអំណាច​។​សង្គ្រាម​នេះ​ត្រូវបាន​បញ្ចប់​ទៅវិញ ក្រោម​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ឆ្នាំ​១៩៩១ ពោលគឺ​ពេល​សង្គ្រាមត្រជាក់​បាន​បិទ​បញ្ចប់​។​ប៉ុន្តែ​បច្ចុប្បន្ន​សង្គ្រាម​ពានិជ្ជកម្ម​រវាង​មហាអំណាច​ពីរ គឺ ចិន និង អាមេរិក ផ្ទុះឡើង​ជាថ្មី​បង្ក​ជា​ក្តីបារម្ភ​សម្រាប់​ពិភពលោក​ទាំងមូល​។​កម្ពុជា​គួរតែ​គិតគូ​ពី​ជម្លោះ​ពាណិជ្ជកម្ម​នេះ ហើយ​ប្រសិនជា​អាច​នយោបាយ​សម្របសម្រួល​ដើម្បី «​ឯកភាព​ជាតិ​» គឺជា​រឿង​ចាំបាច់ ក្នុង​បរិបទ​សង្គ្រាម​ពាណិជ្ជកម្ម​ពិភពលោក​សព្វថ្ងៃ​។

​កាលពី​ជាង​២០​ឆ្នាំមុន កម្ពុជា​ធ្លាប់​ហែល​ឆ្លង​ក្នុង​ភ្លើងសង្គ្រាម ដោយសារ​ការប្រជែក​ឥទ្ធិពល​នៃ​ពួក​មហាអំណាច និង ការបាត់បង់​ឯកភាព​ជាតិ​ទាំងមូល​។​ពលរដ្ឋ​កម្ពុជា បាន​ឆ្លងកាត់​ក្នុង​ភ្នក់ភ្លើងសង្គ្រាម និង ទឹកភ្នែក ដោយសារ​ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀស​ចេញពី​ទីលំនៅ​របស់ខ្លួន​ដោយ​បង្ខំ និង ការបង្ខំ​ឱ្យ​ធ្វើការ​ដូច​សត្វ​ធាតុ​។​

​មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋ​កម្ពុជា​ជាង​៣​លាន​នាក់ ត្រូវស្លាប់​ដោយ​គ្មាន​ថ្នាំសង្កូវ​ព្យាបាល គ្មាន​អាហារ​បរិភោគ​គ្រប់គ្រាន់ និង គ្មាន​សិទ្ធិសេរីភាព គ្មាន​លទ្ធិប្រជាធិបតេយ្យ ហើយ​សូម្បីតែ​សិទ្ធិ​រស់រានមានជីវិត​ដែលជា​សិទ្ធិ​មូលដ្ឋាន​មាន​ពី​កំណើត​របស់​មនុស្ស​ក៏​គ្មាន​ដែរ​។​

​បច្ចុប្បន្ន​កម្ពុជា មាន​សុខសន្តិភាព​ដោយ​គ្មាន​សង្គ្រាម កំពុងមាន​ការអភិវឌ្ឍ និង កំពុង​មានឈ្មោះ​បោះ​សំឡេង​លើ​ឆាក​អន្តរជាតិ​។​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ជារឿយ​តែងតែ​លើកឡើង​ពី​តម្លៃ និង សារសំខាន់​នៃ​សន្តិភាព ហើយ​ព្រមាន​កំទេចចោល​រាល់​ជន ឬ​ក្រុម​ណា​ដែល​មានបំណង​បំផ្លាញ​សន្តិភាព​។​

​ផ្ទុយ​ពី​រដ្ឋាភិបាល សម្រាប់​ក្រុមប្រឆាំង និង មតិ​ខ្លះ​យល់ថា កម្ពុជា​មិនទាន់មាន​សន្តិភាព​នោះទេ ហើយ ការ​បញ្ចប់សង្គ្រាម​ប្រដាប់អាវុធ គឺជា​ផ្នែក​មួយ​នៃ​សន្តិភាព​ប៉ុណ្ណោះ​។​សន្តិភាព​ពិតប្រាកដ គឺជា​សន្តិភាព​ទាំង​ផ្លូវកាយ និង សន្តិភាព​ផ្លូវចិត្ត គ្មាន​ការជិះជាន់​លើ​ពលរដ្ឋ​ក្រីក្រ អ្នកទន់ខ្សោយ និង មាន​យុត្តិធម៌​សង្គម ហើយ​ពួកគេ​ទាមទារ​ឱ្យមាន​ការផ្លាស់ប្តូរ​។​

​ការមិន​ឯកភាពគ្នា​រវាង​អ្នកនយោបាយ​នេះ បាន​បង្ក​ឱ្យ​សង្គម​ខ្មែរ​បែកបាក់ អ្នកនយោបាយ​បង្កើតជា​ចលនា​សង្គម និង ល្បិចកល​ផ្សេងៗ ដើម្បី​បម្រើ​ប្រយោជន៍​នយោបាយ និង អំណាច ហើយ​បាន​បន្ត​អូសបន្លាយ​មក​ដល់ពេល​បច្ចុប្បន្ន​។ ជម្លោះ​អ្នកនយោបាយ​ខ្មែរ ត្រូវបាន​គេ​មើលឃើញថា កំពុង​នាំ​កម្ពុជា​ឈានទៅ​បាត់បង់​ផលប្រយោជន៍ គឺ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ គឺ​EBA របស់​អឺរ៉ុប និង GSP របស់​អាមេរិក​។​

​ជម្លោះផ្ទៃក្នុង​កម្ពុជា ធ្វើឡើង​ស្របពេល​អាមេរិក និង ចិន កំពុងមាន​សង្គ្រាម​ពាណិជ្ជកម្ម​។ ជា​សង្គ្រាម​បង្ក​ជា​ក្តីបារម្ភ​ដល់​នាំឱ្យ​ប្រទេស​តូច តាច​មួយចំនួន​។​កម្ពុជា​ត្រូវបាន​គេ​មើលឃើញថា ជា​ចំណុច​នៃ​ការ​ប្រទាញប្រទង់​គ្នា​រវាង​មហាអំណាច​ទាំងពីរ​ព្រោះ​ប្រទេស​នេះ កាន់​របប​ប្រជាធិបតេយ្យ តែមាន​នយោបាយ​គាំទ្រ​ចិន​។​អ្នកជំនាញ​ខ្លះ​យល់ថា អាមេរិក ទំនងជា​មិន​សប្បាយចិត្ត​ពេល​ឃើញ​កម្ពុជា​ងាក​ទៅ​ចិន​ជ្រុល​ពេក​។​អ៊ីចឹង​ហើយ​បានជា​ទំនាកទំនង​កម្ពុជា និង អាមេរិក មិនសូវ​ល្អ​នៅ​រយៈពេល​ចុងក្រោយ​នេះ​។​

​រីឯ​ចិន​មិន​ចង់ឃើញ​វៀតណាម​ជា​សម្ព័ន្ធមិត្ត​អាមេរិក គ្រប់គ្រង​កម្ពុជា​ទេ ព្រោះ​វា​អាចធ្វើឱ្យ​រាំងស្ទះ​ដល់​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ចិន​តាមរយៈ​ផ្លូវ​សូត្រ ដើម្បី​ឈាន​ក្លាយជា​មហាអំណាច​ពិភពលោក​។ ដូច្នេះ​តើ​កម្ពុជា​គួរ​ឈរ​នៅ​ចំណុច​ណា​?

​ជារួម​ក្នុង​បរិបទ​ពិភពលោក​បច្ចុប្បន្ន ការគិត​រិះរក​វិធីសាស្ត្រ​រួមគ្នា ដើម្បី​រក្សា​ការពារ​អធិបតេយ្យភាព ឯករាជ្យ និង​ផលប្រយោជន៍​ជាតិ គឺជា​រឿង​ចាំបាច់​សម្រាប់​មនុស្ស​ខ្មែរ​ទូទៅ ជាពិសេស​អ្នកនយោបាយ​។ គេ​ជឿជាក់ថា អ្នកដឹកនាំ​ខ្មែរ​គ្រប់​ជំនាន់​តែង​ចង់បាន​អធិបតេយ្យភាព ឯករាជ្យ​ជាតិ  និង ការអភិវឌ្ឍ ប៉ុន្តែ​ការជ្រើសរើស​ផ្លូវ​ដើរ មិន​ប្រាកដថា ត្រឹមត្រូវ​ទាំងអស់​នោះទេ មានតែ​ការ​ជែង​ជែក សួរដេញដោល​គ្នា​រវាង​ខ្មែរ និង ខ្មែរ​គ្នាឯង​ដោយ​ដាក់​ផលប្រយោជន៍​កម្ពុជា​ជាធំ​ទេ ទើប​ជា​រឿង​ប្រសើ​សម្រាប់​ជាតិ​។​

​អ្នកនយោបាយ គួរ​នាំគ្នា​រម្លឹក​ឡើងវិញ​ពី​មេរៀន​ប្រវត្តិសាស្ត្រ​ដែល​កម្ពុជា​ធ្លាប់បាន​ហែល​ឆ្លង​ក្នុង​ភ្លើងសង្គ្រាម​អស់​ជាង​៣​ទសវត្ស ដើម្បី​ពិនិត្យ​លើ​ផែនទី​បង្ហាញផ្លូវ​ចាស់ ឬក៏​ផ្លាស់ប្តូរ​ផែនទី​ថ្មី ក្នុងន័យ​រក្សា​ប្រយោជន៍​ជាតិ​។ ជាតិ​កម្ពុជា ត្រូវការ​មាន​ផែនទី​បង្ហាញផ្លូវ​មួយ​ច្បាស់លាស់ បើ​មិន​ដូច្នោះ​ទេ កម្ពុជា​អាច​នឹង​ដើរ​ជាន់​តាមដាន​ប្រវត្តិសាស្ត្រ​ដ៏​សែន​ឈឺចាប់​។​

​ក្នុងពេល​ស្ថានការណ៍​ចាំបាច់​មកដល់ នយោបាយ​សម្របសម្រួល ដើម្បី​ឯកភាព​ជាតិ គឺជា​រឿង​ដែល​មិនអាច​បោះបង់​បាន​សម្រាប់​កម្ពុជា ព្រោះ​នយោបាយ​នេះ​ជា​គន្លឹះ​ដ៏​សំខាន់​នៅក្នុង​ការដោះស្រាយ​បញ្ហា​ដែល​ជាប់គាំង​។ ឯកភាព​ជាតិ អាច​កើត​មានបាន ទាមទារ​ការលុបបំបាត់​ការស្រឡាញ់​អំណាច និង គ្រួសារ​បក្សពួក​របស់​ខ្លួន​។​បង្កើត​ទំនុកចិត្ត​គ្នា​ទៅវិញទៅមក​រវាង​ខ្មែរ​និង​ខ្មែរ ហើយ​ភាពស្មោះត្រង់​និង​គ្នា គឺជា​កត្តាចាំបាច់​ផងដែរ​សម្រាប់​សង្គម​មា​ន​ការ ឯកភាពគ្នា​៕

 ពាក្យគន្លឹះ  ឯកភាពជាតិ

ព័ត៌មានផ្សេងទៀត