ក្រសួងទេសចរណ៍​បង្ហាញបញ្ហា​ដែលប៉ះពាល់ដល់​ការទាក់ទាញ​ទេសចរអន្តរជាតិ​

23-05-2019 2:47 pm 585
  ស្តាប់
ស្តាប់ជាសំឡេង

ក្រុមប្រឹក្សាភិបាល​សិក្សា​ទីផ្សារ​និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​បាន​ឯកភាពគ្នា​នឹង​លើកយក​ដំណោះស្រាយ​មួយចំនួន​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​ដាក់ជូន​រាជរដ្ឋាភិបាល​ដើម្បី​កំណត់​យុទ្ធសាស្ត្រ​ទាក់ទាញ​កំណើន​ទេសចរ​មក​កម្សាន្ត​នៅ​កម្ពុជា ។​ការឯកភាព​គ្នា​នេះ​ធ្វើឡើង​នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ នា​ថ្ងៃទី​២១​ខែ​ឧសភា ឆ្នាំ​២០១៩។​

​លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានបង្ហាញ​បញ្ហា​ជាក់ស្ដែង​ដែល​កើតមាន​ក្នុង​វិស័យ​ទេសចរណ៍​បច្ចុប្បន្ន​រួមមាន​៖​បញ្ហា​ទិដ្ឋាការ​របស់​ភ្ញៀវទេសចរ​អន្តរជាតិ កិច្ចការ​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​ទេសចរណ៍​ក្រៅប្រទេស ពិសេស​ត្រូវ​ត្រៀមខ្លួន​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​នៅ​ឆ្នាំ​២០២១ និង​ការរៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​ធំៗ​ដទៃទៀត​ដូចជា CTM 2019 ការទទួល​ភ្ញៀវទេសច​រ​ចិន ២០០០​នាក់​នាពេលខាងមុខ​។​

​កិច្ច​ការតភ្ជាប់​ជើងហោះហើរ​ដឹកជញ្ជូន​ភ្ញៀវទេសចរ​ពី​នាវា​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ ទៅកាន់​ខេត្តសៀមរាប​-​អង្គរ ខណៈ​បច្ចុប្បន្ន​មិនទាន់មាន​ក្រុមហ៊ុន​ណាមួយ​រៀបចំ​ខ្សែ​ទស្សនកិច្ច​នេះ​នៅឡើយ​។​ម្យ៉ាងទៀត​ក៏បាន​ជំរុញឱ្យមាន​ជើងហោះហើរ​សម្រាប់​ភ្ញៀវទេសចរ ពង្រីក​ជើងហោះហើរ​ពី​ប្រទេស​ឥណ្ឌា​ដើម្បី​ទាក់ទាញ​កំណើន​ទេសចរ​ឥណ្ឌា និង​ទេសចរ​ទី​បី​នៅ​ប្រទេស​ឥណ្ឌា​បន្ថែម​។​

​កិច្ចការ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ​ឱ្យបាន​ច្រើន​នៅ​ខេត្តសៀមរាប ដើម្បី​បំពេញតម្រូវការ​កម្សាន្ត​ជូន​ភ្ញៀវទេសចរ​ក្រៅពី​ប្រាសាទអង្គរវត្ត និង​ប្រាសាទ​សំខាន់​ដទៃទៀត ពិសេស​លោក​ក៏បាន​លើក​ពី​បំណង​ចង់​រៀបចំ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ជួរ​ភ្នំ​គូ​លែង​ឱ្យទៅ​ផលិតផល​ទេសចរណ៍​ថ្មី ។​

​ក្នុងនោះ​ក៏មាន​បញ្ហា​លក់​វត្ថុ​អនុស្សាវរីយ៍ និង​ទំនិញ​នានា​ជូន​ភ្ញៀវទេសចរ ខណៈ​ការ​ក្លែងបន្លំ​លក់ទំនិញ​ក្លែងក្លាយ និង​ទំនិញ​គ្មាន​គុណភាព​ឱ្យ​ភ្ញៀវ​នៅតែមាន​។​បញ្ហា​ប្រព័ន្ធ​ហេដ្ឋារចនាសម្ពន្ធ​នៅក្នុ​ង​ក្រុង​សៀមរាប និង​នៅតាម​តំបន់​ទេសចរណ៍​មួយចំនួន​មិនទាន់​ត្រូវបាន​រៀបចំ​ឱ្យ​សម​សួន និង​បង្ក​ការ​រុញ​រា​អំពី​ភ្ញៀវទេសចរ​ដែល​ចង់​ទស្សនា​នៅ​កម្ពុជា​។​

​ក្រៅពីនេះ​នៅមាន​បញ្ហា​មួយចំនួនទៀត ដែល​ប៉ះពាល់​ដល់​ការទាក់ទាញ​កំណើន​ទេសចរ​អន្តរជាតិ ហើយ​អង្គ​ប្រជុំបាន​ឯកភាពគ្នា​នឹង​លើក​បញ្ហា​ទាំងនេះ​ទៅ​ពិភាក្សាគ្នា​បន្តបន្ទាប់​ទៀត ហើយនឹង​ដាក់ជូន​រាជរដ្ឋាភិបាល ដើម្បី​កំណត់​យុទ្ធសាស្ត្រ​ដោះស្រាយ​ទាំងនោះ​ឱ្យបាន​ត្រឹមត្រូវ​៕

ព័ត៌មានផ្សេងទៀត