ការរាប់សន្លឹកឆ្នោតបានចាប់ផ្ដើមហើយនៅទូទាំងប្រទេសឥណ្ឌា បន្ទាប់ពីការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ដ្រីថ្មីបិទបញ្ចប់កាលពីថ្ងៃ១៩ឧសភា។ ការបោះឆ្នោតនៅប្រទេសឥណ្ឌាខុសពីការបោះឆ្នោតក្នុងបណ្ដាប្រទេសដទៃ គឺមានរយៈពេលជាងមួយខែឯណោះ ចាប់ផ្ដើមតាំងពីថ្ងៃទី១១ខែមេសារហូតដល់ថ្ងៃទី១៩ខែឧសភា។ មូលហេតុដោយសារតែប្រទេសឥណ្ឌាមានទំហំធំ និងទីតាំងខ្លះមិនអាចរៀបចំការបោះឆ្នោតក្នុងពេលតែមួយបាន ទើបត្រូវរៀបចំជា៧ដំណាក់កាល។
ការចាប់អារម្មណ៍នៅពេលនេះកំពុងផ្ដោតលើលោកនាយករដ្ឋមន្ដ្រីណារិនដ្រា ម៉ូឌីនិងសម្ព័ន្ធមិត្ដ ថាអាចបន្ដឈ្នះសំឡេងភាគច្រើនទៀតឬយ៉ាងណា។ លោកម៉ូឌីបានចូលកាន់តំណែងតាំងពីឆ្នាំ២០១៤។ គូប្រជែងធំបំផុតរបស់លោកម៉ូឌីគឺគណបក្សប្រឆាំងដឹកនាំដោយលោករ៉ាហ៊ុល ហ្គាន់ឌី។ តាមរយៈប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានចេញផ្សាយថា បើតាមការស្ទង់មតិកន្លងមកគណបក្សរបស់លោកម៉ូឌីនិងបក្សជាសម្ព័ន្ធទំនងអាចឈ្នះសំឡេងភាគច្រើន។ លទ្ធផលនឹងប្រកាសជាផ្លូវការ បន្ទាប់ពីការរាប់សន្លឹកឆ្នោត បញ្ចប់នៅថ្ងៃទី២៣ឧសភានេះ៕