ក​.​ផ​.​ផ គ្រោង​លើក​បញ្ហា​សំខាន់ៗ​ជូន​រដ្ឋាភិបាល​ដោះស្រាយ​ដើម្បី​ទាញ​កំណើន​ទេសចរ​

22-05-2019 6:45 pm 804
  ស្តាប់
ស្តាប់ជាសំឡេង

​ការឯកភាព​លើក​ជា​សំណើ​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់​ពី​បញ្ចប់​នូវ​កិច្ចប្រជុំ​ពិភាក្សា របស់​ក្រុមប្រឹក្សាភិបាល​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា នៅ​ថ្ងៃ​ទី​២១ ឧសភា ។ បញ្ហា​ទាំងនោះ រួមមាន ការលើកលែង​ទិដ្ឋាការ​ទេសចរ​អន្តរជាតិ​,  ការតភ្ជាប់​ជើងហោះហើរ​ដឹកជញ្ជូន​ទេសចរ ពី​នាវា​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ​ទៅ​សៀមរាប និង​ការពង្រីក​ជើងហោះហើរ​ពី​ប្រទេស​ឥណ្ឌា​ជា​ដើម ...

​ក្រុមប្រឹក្សាភិបាល​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា (​ក​.​ផ​.​ផ​) បាន​ឯកភាព នឹង​លើកយក​ដំណោះស្រាយ​មួយចំនួន ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍ ដាក់​ជូន​រាជរដ្ឋាភិបាល ដើម្បី​កំណត់​យុទ្ធសាស្ត្រ​ទាក់ទាញ​កំណើន​ទេសចរ​មក​កម្សាន្ត​នៅ​កម្ពុជា​បន្ថែម ពិសេស​គឺ​គោលដៅ​ទេសចរណ៍​សំខាន់ៗ​របស់​កម្ពុជា ។​

​ក្នុង​កិច្ចប្រជុំ នា​ថ្ងៃ​ទី​២១ ឧសភា ប្រធាន និង​សមាជិក​នៃ​ក្រុមប្រឹក្សាភិបាល​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា បាន​លើកឡើង​នូវ​បញ្ហា​ជាក់ស្តែង​មួយចំនួន​ដែល​មាន​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​បច្ចុប្បន្ន ក្នុងនោះ​រួមមាន ៖

- កិច្ចការ​ទិដ្ឋាការ​របស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ ត្រូវបាន​លោក​រដ្ឋមន្ត្រី ថោង ខុន ដែល​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា បាន​លើកឡើង​នូវ​មតិយោបល់ ចង់ឱ្យ​មាន​ការលើកលែង​ទិដ្ឋាការ​ជូន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ។​

- កិច្ចការ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា ទៅ​កាន់​ទីផ្សារ​ទេសចរណ៍​ក្រៅ​ប្រទេស​នានា ពិសេស​ត្រូវ​ត្រៀម​ខ្លួន​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន នៅ​ឆ្នាំ​២០២១ និង​ការរៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​ធំៗ​ដទៃទៀត ដូចជា CTM ២០១៩ ការ​ទទួលភ្ញៀវ​ទេសច​រ​ចិន ២​ពាន់​នាក់ នាពេលខាងមុខ ។​

- កិច្ច​ការតភ្ជាប់​ជើងហោះហើរ​ដឹកជញ្ជូន​ភ្ញៀវទេសចរ ពី​នាវា​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ ទៅកាន់​ខេត្ត​សៀមរាប​-​អង្គរ ខណៈ​បច្ចុប្បន្ន មិនទាន់​មាន​ក្រុមហ៊ុន​ណា​មួយ​រៀបចំ​ខ្សែ​ទស្សនកិច្ច​នេះ​នៅឡើយ ។ ម្យ៉ាងទៀត លោក ថោង ខុន ក៏​បាន​ជំរុញ​ឱ្យមាន​ជើងហោះហើរ​សម្រាប់​ភ្ញៀវទេសចរ​ប្រភេទ​នេះ​ផង​ដែរ ។​

- កិច្ចការ​ពង្រីក​ជើងហោះហើ​រ​ពី​ប្រទេស​ឥណ្ឌា ដើម្បី​ទាក់ទាញ​កំណើន​ទេសចរ​ឥណ្ឌា និង​ទេសចរ​ទី​បី​នៅ​ប្រទេស​ឥណ្ឌា​បន្ថែម ។​

- កិច្ចការ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ​ឱ្យបាន​ច្រើន​នៅ​ខេត្ត​សៀមរាប ដើម្បី​បំពេញ​តម្រូវការ​កម្សាន្ត​ជូន​ភ្ញៀវ​ទេសចរ ក្រៅ​ពី​ប្រាសាទ​អង្គរវត្ត និង​ប្រាសាទ​សំខាន់​ដទៃទៀត ពិសេស​លោក​រដ្ឋមន្ត្រី ក៏​បាន​លើក​ពី​បំណង​ចង់​រៀបចំ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ជួរ​ភ្នំ​គូលែន ឱ្យទៅ​ជា​ផលិតផល​ទេសចរណ៍​ថ្មី​សម្រាប់​កម្ពុជា ។​

- បញ្ហា​លក់​វត្ថុ​អនុស្សាវរីយ៍ និង​ទំនិញ​នានា​ជូន​ភ្ញៀវទេសចរ ខណៈ​ការ​ក្លែងបន្លំ​លក់ទំនិញ​ក្លែងក្លាយ​និង​ទំនិញ​គ្មាន​គុណភាព​ឱ្យ​ភ្ញៀវ នៅតែ​បន្ត​មាន ។​

- បញ្ហា​ប្រព័ន្ធ​ហេដ្ឋារចនាសម្ពន្ធ​នៅក្នុ​ង​ក្រុង​សៀមរាប និង​នៅតាម​តំបន់​ទេសចរណ៍​មួយចំនួន មិនទាន់​ត្រូវបាន​រៀបចំ​ឱ្យ​សមសួន និង​បង្ក​ការ​រុញ​រា​អំពី​ភ្ញៀវទេសចរ​ដែល​ចង់​ទស្សនា​នៅ​កម្ពុជា ។​

​គូសបញ្ជាក់ថា ក្រុមប្រឹក្សាភិបាល​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា មាន​សមាសភាព ចូលរួម​ពី​ក្រសួង​ទេសចរណ៍​, ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​, រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​, សមាគម​ទី​ភ្នាក់ងារទេសចរណ៍​កម្ពុជា​, សមាគម​ទី​ភ្នាក់ងារទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​, ក្រុមហ៊ុន​អាកាសចរណ៍​អង្គរ​អ៊ែរ និង​វិស័យ​ឯកជន​ពាក់ព័ន្ធ​ដទៃទៀត ៕

ព័ត៌មានផ្សេងទៀត