កូរ៉េខាងជើង​​ព្រមាន​​ចាត់វិធានការ​​ក្ដៅ​​បើ​អាមេរិក​​មិន​ប្រគល់​​កប៉ាល់​​ដឹកទំនិញ​​ឲ្យ​វិញ​

22-05-2019 4:27 pm 638
បេសកជនពិសេសកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ

​បេសកជន​ពិសេស​កូរ៉េខាងជើង​ប្រចាំ​អង្គការសហប្រជាជាតិ បាន​ព្រមាន​ថា​ប្រទេស​របស់លោក​បាន​ត្រៀម​រួចហើយ​នឹង​ចាត់វិធានការ​ក្ដៅ ប្រសិនបើ​អាមេរិក​មិន​ប្រគល់​កប៉ាល់​ដឹកទំនិញ​ដែល​ឃាត់ទុក​មកវិញ​ទេ​។ លោក​គីម សុង​បាន​ថ្លែង​បែបនេះ​ទៅកាន់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ នៅ​ទីស្នាក់ការ​កណ្ដាល​អង្គកា​រ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ញូវយ៉ក​សហរដ្ឋអាមេរិក​។ សន្និសីទកាសែត​ធ្វើឡើង​បន្ទាប់ពី​ក្រសួង​យុត្ដិធម៌​អាមេរិក​ប្រកាស​កាលពី​ថ្ងៃទី​០៩​ឧសភា​ថា បាន​ឃាត់​កប៉ាល់​មួយគ្រឿង​ឈ្មោះ​Wise Honest​។ 

​ទីក្រុង​វ៉ាស៊ីនតោន​និយាយថា កប៉ាល់​កូរ៉េខាងជើង​មួយគ្រឿង​នេះ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​នាំចេញ​ធ្បូងថ្ម រំលោភ​លើ​ទណ្ឌកម្ម​ដែល​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​បានដាក់​។ ប៉ុន្ដែ​ទីក្រុង​ព្យុងយ៉ាង​ថា​ទង្វើ​នេះ គឺជា​ការ​ក្បត់​ស្មារតី​នៃ​កិច្ចព្រមព្រៀង​កំពូល​ទ្វេភាគី​ហើយ និង​អាច​ចាត់ទុកបាន​ថា​ជាការ​ប្លន់​យក​តែម្ដង​។ លោក​គីម​បាន​ថ្កោលទោស​ចំពោះ​ការឃាត់​នាវា​ធ្វើឡើង​ដោយ​អាមេរិក ជា​អំពើ​បង្កហេតុ​ប្រឆាំង​កូរ៉េខាងជើង​។ បេសកជន​រូបនេះ​បន្ថែមថា​អាមេរិក​គួរតែ​ពី​ចារណា​ពី​ផលវិបាក​ដែល​អាច​កើតមានឡើង ធ្វើឲ្យប៉ះពាល់​ដល់​ការអភិវឌ្ឍនៅពេ​លអ​នាគត​។​

​សូមបញ្ជាក់ថា កូរ៉េខាងជើង​កំពុង​ព្យាយាម​ដាក់​សម្ពាធ​លើ​រដ្ឋបាល​របស់លោក​ដូណាល់ ត្រាំ ខណៈដែល​ការចរចា​ស្ដីពី​ការរំលាយ​នុយក្លេអ៊ែរ​ត្រូវ​ជាប់គាំង​។ កាលពី​ដើមខែ​នេះ​កូរ៉េខាងជើង​បាន​ធ្វើតេស្ដ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ដល់​ទៅ​ពីរលើក​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង និង​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ការរំលោភ​លើ​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត