ក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ ក្រុមហ៊ុនHuaweiបានចាប់ផ្ដើមពីអាជីវកម្មក្ស័យធន ទៅជាក្រុមហ៊ុនដែលមានជោគជ័យបំផុតមួយក្នុងពិភពលោក។ ប៉ុន្ដែបច្ចុប្បន្នក្រុមហ៊ុននេះអាចក្លាយជាក្រុមហ៊ុនរងគ្រោះធ្ងន់ធ្ងរបំផុត ដោយសារតែសង្គ្រាមពាណិជ្ជកម្មកំពុងផ្ទុះឡើងរវាងអាមេរិកជាមួយចិន និងពាក់ព័ន្ធជម្លោះផ្នែកបច្ចេកវិទ្យាទៅថ្ងៃអនាគត។ ទូរស័ព្ទស្មាតហ្វូនរបស់ក្រុមហ៊ុនHuawei មានប្រជាប្រិយភាពជាងទូរស័ព្ទiPhoneរបស់ក្រុមហ៊ុនApple និងការលក់ចេញកើនឡើងលឿនជាងក្រុមហ៊ុនSamsungរបស់កូរ៉េខាងត្បូងផងដែរ។
ក្រុមហ៊ុនHuaweiមានមហិច្ឆតាចង់ក្លាយជាក្រុមហ៊ុនស្មាតហ្វូនទំបំផុតក្នុងលោកនៅឆ្នាំក្រោយ និងចង់ក្លាយជាអ្នកដឹកនាំក្នុងការអភិវឌ្ឍបណ្ដាញអត់ខ្សែ5Gផងដែរ។ ប៉ុន្ដែមិនដឹងថាអាចជោគជ័យឬយ៉ាងណាទេ ក្រោយអាមេរិកនិងចិនផ្ទុះសង្គ្រាមពាណិជ្ជកម្មជាមួយគ្នា។ ទោះបីជាក្រុមហ៊ុនចេញមុខអះអាងពីផែនការទៅថ្ងៃអនាគត និងបង្ហាញថាសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន មិនជះឥទ្ធិពលលើការអភិវឌ្ឍផលិតផលរបស់ក្រុមហ៊ុន ប៉ុន្ដែសញ្ញាអវិជ្ជមានមួយចំនួនបានលេចឡើងហើយ។ ក្នុងនោះមានពាក់ព័ន្ធនឹងដៃគូក្រុមហ៊ុនHuawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមេរិក។
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំប៉ុន្មានថ្ងៃមុន បានប្រកាសរារាំងមិនឲ្យក្រុមហ៊ុនអាមេរិកលក់គ្រឿងបន្លាស់និងកម្មវិធីsoftwareទៅឲ្យក្រុមហ៊ុនHuaweiឡើយ។ ការហាមឃាត់នេះបានជះឥទ្ធិពលដល់ក្រុមហ៊ុនGoogleអាមេរិករួចទៅហើយ ស្របពេលGoogleគឺជាដៃគូដ៏ធំមួយរបស់ក្រុមហ៊ុនHuawei។ វានឹងបង្អាក់ដល់ដំណើរការផ្ដល់អាជ្ញាប័ណ្ណដល់ប្រព័ន្ធប្រតិបត្ដិការAndroidជំនាន់ថ្មី រួមទាំងកម្មវិធីនិងសេវាកម្មថ្មីៗរបស់ក្រុមហ៊ុនHuawei លើកលែងតែទូរស័ព្ទស៊េរីចាស់ដែលបានផលិតហើយតែប៉ុណ្ណោះ។
ប៉ុន្ដែដូចបានបញ្ជាក់ហើយថា ក្រុមហ៊ុនHuaweiព្យាយាមអះអាងអាចទប់ទល់នឹងវិបត្ដិនេះបាន ដោយបានរំលឹកដល់អតិថិជនកុំឲ្យព្រួយបារម្ភ ព្រោះក្រុមហ៊ុននឹងធ្វើគ្រប់យ៉ាងដើម្បីដោះស្រាយបញ្ហា ឲ្យបន្ដរស់រានមានជីវិតទៀត។ ជាស្ថាបនិកនិងជានាយកប្រតិបត្ដិក្រុមហ៊ុនHuaweiលោកយិន ចេងហ្វៃ(Ren Zhengfei) ដែលធ្លាប់ជាអតីតវិស្វករក្នុងកងទ័ពចិន បាននិយាយថា ទោះបីជាមានជម្លោះក៏ដោយ ក្រុមហ៊ុនរបស់លោកត្រូវតែធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីទទួលបានភាពជោគជ័យ។ លោកបន្ថែមថាពេលនេះកំពុងប៉ះទង្គិចជាមួយអាមេរិកនៅកម្រិតខ្ពស់បំផុត ប៉ុន្ដែទីបំផុតត្រូវរួមចំណែកដើម្បីជួលដល់មនុស្សជាតិទូទាំងពិភពលោក៕