ក្រសួងការពារជាតិ​ស្នើ​ឲ្យ​សមត្ថកិច្ច​វែកមុខ​អ្នក​ក្លែង​Facebook​ប្រើ​រូប​លោក​ទៀ បាញ់​

22-05-2019 10:15 am 751

​ក្រសួង​ការពារជាតិ នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា​នេះ បាន​អំពាវនាវ​ដល់​សមត្ថកិច្ច ស្រាវជ្រាវ​វែកមុខ​អ្នកបង្កើត Facebook មួយ​ឈ្មោះ Gro Angel ដែល​បាន​ប្រើប្រាស់​រូប​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ការពារជាតិ បង្ហោះ​សារ​វាយប្រហារ​លើ​ថ្នាក់ដឹកនាំ​កម្ពុជា ក្នុង​គោលបំណង​បង្ក​ឲ្យ​សាធារណ​ជន​មាន​ការភាន់ច្រឡំ​។

​តាមរយៈ Facebook ផ្លូវការ របស់​លោក​ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​បញ្ជាក់​ដែរ​ថា «​គណនី​ហ្វេ​សប៊ុក (Facebook Account) ឈ្មោះ Gro Angel មិនមែនជា គណនី​ហ្វេ​សប៊ុក របស់​ខ្ញុំ​នោះ​ទេ​។ ខ្ញុំ​មិន​មាន​ពាក់ព័ន្ធ​ទៅនឹង​រាល់​ការផ្សព្វផ្សាយ​ព័ត៌មាន​របស់ គណនី​ហ្វេ​សប៊ុក ឈ្មោះ Gro Angel នេះឡើយ​។ ហេតុដូច្នេះ សូម​សាធារណ​ជន​ជ្រាប​ជា​ព័ត៌មាន​»​។​

​ជាមួយគ្នានេះ លោក​ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បាន​បញ្ជាក់​លើ Facebook ផងដែរ​ថា​៖ «​នា​ថ្មីៗ​នេះ មាន​ហ្វេ​សបុ​កមួយ​ឈ្មោះ Gro Angel បាន​យក​រូប សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ទៅ​ប្រើប្រាស់​ក្នុង Facebook របស់ខ្លួន ហើយ​បាន​សរសេរ​រិះគន់ រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ចេតនា​បង្ក​ឱ្យ​មាន​ការភាន់ច្រឡំ​ដល់​សាធារណជន​។ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ សូម​បញ្ជាក់​ជូន​សាធារណជន​ឱ្យបាន​ជ្រាបថា ខ្លឹមសារ​ចោទប្រកាន់​នានា ដែល​បាន​បង្ហោះ​នៅលើ​ហ្វេ​ស​បុក ឈ្មោះ Gro Angel នេះ​មិន​មាន​ការពាក់ព័ន្ធ​ជាមួយនឹង សម្តេច​ពិជ័យ​សេនា ទៀ បាញ់ នោះទេ​»​។​

​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ រូបនេះ ក៏​បាន​ព្រមាន​ដល់​ជន​ដែល​បង្កើត​ហ្វេ​សបុ​ក​មួយ​នេះ ឱ្យ​បញ្ឈប់​ការប្រើប្រាស់​រូប​លោក​រដ្ឋ​មន្ត្រី​ទៀ បាញ់ ហើយ​បាន​អំពាវនាវ​ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច ស្រាវជ្រាវ​ចំពោះ អ្នក​ហ្វេ​ស​បុក​ឈ្មោះ Gro Angel នេះ​ដើម្បី​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ផង​ដែរ​៕

 ពាក្យគន្លឹះ  លោកទៀបាញ់ក្លែងfacebook

ព័ត៌មានផ្សេងទៀត