កម្ពុជា​ស្នើ​វៀតណាម​ជួយ​បណ្តុះបណ្តាល​ជំនាញ​ក្រុម​កុម៉ង់ដូ​

21-05-2019 8:16 pm 1128
  ស្តាប់
ស្តាប់ជាសំឡេង

​ក្នុង​ជំនួប​រវាង​ឧត្តមសេនីយ៍ឯក ស ថេត និង​គណៈប្រតិភូ​វៀតណាម នា​ព្រឹក​ថ្ងៃទី​២១ ឧសភា លោក​ឧត្តមសេនីយ៍ឯក បាន​ស្នើ​ភាគី​វៀតណាម ជួយ​បណ្តុះបណ្តាល​ជំនាញ​ក្រុម​កុម៉ង់ដូ របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។ នេះ​បើ​តាម​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​រសៀល​ថ្ងៃ​ដដែល...

​ឧត្ដមសេនីយ៍ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក្នុងជំនួប​នា​ព្រឹក​ថ្ងៃ​ទី​២១ ឧសភា បានស្នើ​វៀតណាម ជួយ​បណ្ដុះបណ្ដាល និង​បំប៉ន​ជំនាញ​ដល់​ក្រុម​កុម៉ង់ដូ​របស់​ស្នងការដ្ឋាន​នគរបា​ល​រាជធានី​ភ្នំពេញ ដែល​លោក​មាន​បំណង​ចង់​បង្កើត​ឡើង ។​

​លោក​បាន​ថ្លែងថា តាំង​ពី​លោក​ចូល​មក​កាន់​តំណែង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​មិនទាន់បាន​១​ឆ្នាំ​ទេ តែ​លោក​មាន​បំណង​បង្កើត​ក្រុម​កុម៉ង់​ដូឡើង ដែល​មាន​សមាជិក​ប្រមាណ​៦០​នាក់ ។ ក្រុម​នេះ គឺ​ត្រូវ​ចេះ​បាញ់កាំភ្លើង​វែង ខ្លី និង​របៀប​ការពារ​ថ្នាក់ដឹកនាំ ។​

​លោក​ឧត្តមសេនីយ៍ បាន​ថ្លែង​ឱ្យ​គណៈប្រតិភូ​វៀតណាម ទទួល​យក​សំណើ​ទាំងនេះ និង​ស្នើ​ឱ្យ​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​វៀតណាម ព្រោះ​ធនធានមនុស្ស និង​សម្ភារ គឺ​ស្នងការ​រាជធានី​ភ្នំពេញ បានជ្រើសរើស និង​បញ្ជា​ទិញ​រួចរាល់​ហើយ នៅ​ខ្វះ​តែ​ការបណ្តុះបណ្តាល​លើ​ជំនាញ​តែប៉ុណ្ណោះ ។​

​លោកស្នងការ​បាន​បន្ត​ថា ចាប់ពី​ពេលនេះ​ទៅ កម្ពុជា​នឹង​មាន​កិច្ចប្រជុំ​ធំៗ​ជាច្រើន ហើយ​ក្រុម​កុម៉ង់ដូ​នេះ​ទៀតសោត ក៏​នឹង​ជួយ​បន្ថែម​ទៀត ទៅលើ​ការការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ប្រជាពលរដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ ឱ្យបាន​កាន់តែ​ល្អប្រសើរ​ថែម​ទៀត ។​

​យ៉ាងណាក៏ដោយ ក្នុងជំនួប​នោះ គណៈប្រតិភូ​វៀតណាម បាន​សន្យាថា នឹង​យក​សំណើ​នេះ​ទៅ​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​របស់​ខ្លួន ដើម្បី​ពិចារណា លើ​ការជួយ​បណ្តុះបណ្តាល និង​បំប៉ន​ជំនាញ​ដល់​ក្រុម​កុម៉ង់ដូ របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ៕

ព័ត៌មានផ្សេងទៀត