ក្រុមហ៊ុនHuaweiជឿថា អឺរ៉ុប​រក្សា​ទំនុកចិត្ត​លើ​Huaweiមិន​យក​គំរូ​តាម​អាមេរិក​

21-05-2019 4:24 pm 820
  ស្តាប់
ស្តាប់ជាសំឡេង

​អនុប្រធាន​ក្រុមហ៊ុន Huawei អ្នកស្រី Catherine Chen បាន​ប្រាប់​កាសែត Corriere della Sera នៅក្នុង​បទសម្ភាសន៍​មួយ ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ថា ក្រុមហ៊ុន​នេះ បានធ្វើការ​នៅ​ទ្វីបអឺរ៉ុប​ក្នុង​រយៈពេល​ពី ១០ ទៅ ២០ ឆ្នាំ​មកហើយ ដោយបាន​សហការគ្នា​យ៉ាង​ជិតស្និទ្ធ ជាមួយ​ក្រុមហ៊ុន ទូរគមនាគមន៍​លើ​ការអភិវឌ្ឍ​បណ្តាញ 5G ។ ឆ្លើយ​នឹង​សំណួរ​ដែល​សួរថា តើ​អ្នកស្រី​មាន​ការព្រួយបារម្ភ​ថា បណ្តា​ប្រទេស​នៅ​អឺរ៉ុប នឹង​ធ្វើតាម​អាមេរិក ដាក់​កំហិត​លើ​ក្រុមហ៊ុន Huawei​ឬទេ ? អ្នកស្រី​ថា មិន​គិត​ឡើយ​ថា រឿង​បែបនេះ អាច​នឹង​កើតឡើង​នៅ​អឺរ៉ុប ហើយ​អ្នកស្រី​ជឿថា អឺរ៉ុប​នឹងធ្វើ​ការសម្រេចចិត្ត​ដោយ​ឯករាជ្យ​។​

​ការអះអាង​របស់​ក្រុមហ៊ុន Huawei យ៉ាង​ដូច្នេះ ធ្វើឡើង​ចំ​ពេលដែល​ក្រុមហ៊ុន ផលិត​ឧបករណ៍​ទូរគមនាគមន៍​ធំ​បំផុត​របស់​ពិភពលោក​មួយ​នេះ កំពុងរង​នូវ​ការដាក់​សម្ពាធ​យ៉ាងធ្ងន់ធ្ងរ ពី​រដ្ឋាភិបាល​អាមេរិក​។ រដ្ឋបាល​របស់លោក​ដូណាល់ ត្រាំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន បានសម្រេច​បញ្ចូល​ក្រុមហ៊ុន​Huawei ទៅក្នុង​បញ្ជីខ្មៅ​ពាណិជ្ជកម្ម​របស់ខ្លួន ជាហេតុ​ធ្វើឲ្យ​ក្រុមហ៊ុននេះ មាន​ផល​លំបាក​បំផុត ក្នុង​ការធ្វើ​ជំនួញ​ជាមួយ​ក្រុមហ៊ុន​អាមេរិក​។​

​ក្រសួងពាណិជ្ជកម្ម​អាមេរិក បានចេញ​ច្បាប់​មួយ ដាក់បញ្ចូល​ក្រុមហ៊ុន​Huawei និង​សាខា​ចំនួន​៦៨​នៅក្នុង​ប្រទេស​ជាង​២០​ទូទាំង​ពិភពលោក ទៅក្នុង​បញ្ជី​ពិសេស​របស់ខ្លួន​។ តាមរយៈ​ការដាក់បញ្ចូល​នេះ នឹង​ហាមឃាត់​មិនឲ្យ​ក្រុមហ៊ុន​Huawei ទិញ​គ្រឿងបន្លាស់​ឬ​សម្ភារ​ពី​ក្រុមហ៊ុន​អាមេរិក​បានឡើយ បើ​គ្មាន​ការយល់ព្រម​ពី​រដ្ឋាភិបាល​អាមេរិក​។ សម្រាប់​អាមេរិក​ជឿជាក់ថា ក្រុមហ៊ុន​Huawei លួច​បំពាក់​ឧបករណ៍ ដើម្បី​ស៊ើបការណ៍​យក​ព័ត៌មាន​សម្ងាត់​ពី​អ្នកប្រើប្រាស់ ដែល​បង្ក​ហា​នី​ភ័យ​ខ្ពស់​ដល់​សន្ដិសុខ​ជាតិ​។ ប៉ុន្ដែ​ការចោទប្រកាន់​នេះ ត្រូវបាន​ក្រុមហ៊ុន​Huawei ច្រានចោល​ម្ដង​ជា​ពីរដង ដោយ​និយាយថា ​ទីក្រុង​វ៉ាស៊ីនតោន ចោទប្រកាន់ដោយគ្មាន​ភស្តុតាង​ច្បាស់លាស់។ 

​បន្ទាប់ពី​លោក​ត្រាំ​ហាម​មិនឲ្យ​ក្រុមហ៊ុនអាមេរិក ធ្វើ​ជំនួញ​ជាមួយ​ក្រុមហ៊ុន Huawei​មក ក្រុមហ៊ុន Google​អាមេរិក បានប្រកាស​នៅ​ថ្ងៃអាទិត្យ ទី​១៩ ខែ​ឧសភា ពី​គម្រោង​ព្យួរ​កិច្ចសហប្រតិបត្តិការ ជាមួយ​ក្រុមហ៊ុន Huawei​។ វិធានការ​របស់ Google ចំពោះ Huawei ធ្វើឡើង​ដើម្បី​បិទទ្វារ​មិនឲ្យ​អតិថិជន​របស់ Huawei បន្ត​ប្រើ​កម្មវិធី Google ដូចជា Gmail Google Maps ជាដើម​៕

 

 

ព័ត៌មានផ្សេងទៀត