អ៊ីរ៉ង់​​មិនមែន​​អ៊ីរ៉ាក់​ឡើយ​ អាមេរិក​ត្រូវ​​ហ៊ាន​ប្រឈមមុខ​​បើ​ផ្ទុះ​សង្គ្រាម​មែន​

21-05-2019 4:20 pm 2752
រូបភាពផែនទីអាមេរិក(ឆ្វេង)​និងផែនទីអ៊ីរ៉ង់

​ភាព​តានតឹង​រវាង​អាមេរិក​ជាមួយ​អ៊ីរ៉ង់ បាន​ស្ថិតក្នុង​កម្រិត​ធ្ងន់ធ្ងរ​ជា​ប្រវត្ដិសាស្ដ្រ​នា​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ​។ អាមេរិក​បាន​បញ្ជូន​ក​ង​កម្លាំង​វាយប្រហារ​ទៅ​មជ្ឈិម​បូព៌ា ដើម្បី​ត្រៀម​ទប់ទល់​ជាមួយ​អ៊ីរ៉ង់ ខណៈ​អ៊ីរ៉ង់​ក៏​ប្រកាស​ត្រៀម​ការពារ​ខ្លួន​រួចជាស្រេច​។ បញ្ហា​នេះ​បាន​បង្ក​ក្ដីបារម្ភ​ខ្លាច​ផ្ទុះ​ការប្រឈមមុខ​ដោយ​យោធា ហើយ​អាច​ឈានដល់​សង្គ្រាម​។  តើ​ប្រទេស​ទាំងពីរ​ស្ថិតក្នុង​កាលៈទេសៈ​នេះ​បាន​យ៉ាងម៉េច ហើយ​អ្វី​ជា​ដើមចម អ្វី​ជា​បញ្ហា​ប្រឈម​?

​ជា​បន្ដ​សូម​ស្ដាប់​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ រៀបចំ​ជូន​ដោយ​ពេញ ផេង​ដូចតទៅ​៖

​សំឡេង​៖

អ្វីដែល​កំពុង​កើតឡើង​ជាមួយ​អ៊ីរ៉ង់​?

​កាលពី​ថ្ងៃទី​០៥​ឧសភា ទីប្រឹក្សា​សន្ដិសុខ​ជាតិ​អាមេរិក​លោក​John Bolton បានចេញ​សេចក្ដីថ្លែងការណ៍​ប្រកាសថា អាមេរិក​នឹង​បញ្ជូន​នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង​ជា​ក្រុម​វាយប្រហារ និង​យន្ដហោះ​ទម្លាក់​គ្រាប់​B-52 ទៅកាន់​តំបន់​មជ្ឈិមបូព៌ា​ដើម្បី​ប្រឆាំង​ការវាយប្រហារ​ពី​អ៊ីរ៉ង់​។ លោក​Bolton​បាន​និយាយថា អាមេរិក​មិន​ចង់​ធ្វើសង្គ្រាម​ជាមួយ​អ៊ីរ៉ង់​ទេ ប៉ុន្ដែ​ការ​ដាក់ពង្រាយ​កម្លាំង​នៅ​ទីនោះ​ដើម្បី​បង្ហាញ​ទៅ​អ៊ីរ៉ង់​ថា ប្រសិនបើ​មាន​ការវាយប្រហា​រលើ​អាមេរិក​ឬ​សម្ព័ន្ធមិត្ដ​អាមេរិក នោះ​អ៊ីរ៉ង់​នឹង​ទទួល​ការឆ្លើយតប​វិញ​ភ្លាមៗ​។ អាមេរិក​ក៏បាន​បញ្ជូន​សម្ភារ​យោធា​ជាច្រើន​ទៀត​នៅ​កាន់​តំបន់​មជ្ឈិម​បូព៌ា​។​

​ការគំរាមកំហែង​ពិតប្រាកដ​ដែល​អាមេរិក​ទទួល​ពី​អ៊ីរ៉ង់​នៅតែ​មិនទាន់​ច្បាស់ ប៉ុន្ដែ​មន្ដ្រី​អាមេរិក​និយាយថា​មាន​ការបញ្ជាក់​ពី​លទ្ធភាព​នៃ​ការវាយប្រហារ​ប្រឆាំង​កងកម្លាំង​អាមេរិក​នៅក្នុង​តំបន់ ធ្វើឡើង​ដោយ​អ៊ីរ៉ង់​ផ្ទាល់​និង​សម្ព័ន្ធមិត្ដ​របស់គេផ​ង​។ របាយការណ៍​ព័ត៌មាន​បាន​ចេញផ្សាយ​ថា រដ្ឋបាល​របស់លោក​Donald Trump បាន​ពិភាក្សា​ពី​ផែនការ​បញ្ជូន​ទ័ព​១២​ម៉ឺន​នាក់​ទៅ​មជ្ឈិមបូព៌ា ចន្លោះពេល​ផ្ទុះ​ភាព​តានតឹង​ជាមួយ​អ៊ីរ៉ង់​។ ប៉ុន្ដែ​លោក​ប្រធានាធិបតី​Trump​ប្រកាស​ច្រានចោល​ព័ត៌មាន​នេះ ហើយ​បន្ថែមថា​ប្រសិន​មាន​ការបញ្ជូន​ទ័ព​ទៅ​មែន លោក​នឹង​បញ្ជូនទៅ​ច្រើនជាង​នេះ មិនមែន​ត្រឹមតែ​១២​ម៉ឺន​នាក់​ទេ​។ លោក​Trump​បាន​ជំរុញ​ឲ្យ​ទី​ក្រុងតេ​រ៉ង់​អង្គុយ​ចុះ​ចរចា​គ្នា​ជាមួយ​អាមេរិក និង​បានចេញ​ការព្រមាន​តាមរយៈ​ប្រព័ន្ធ​ធ្វី​ត​ទ័​រ​។​

​ចំពោះ​មេដឹកនាំ​អ៊ីរ៉ង់​ធ្លាប់​បានប្រកាសថា ពួកគេ​មិន​ចង់​ធ្វើសង្គ្រាម​ជាមួយ​អាមេរិក​ទេ ប៉ុន្ដែ​ពួកគេ​ត្រៀម​រួចជាស្រេច​ឆ្លើយតប​បើ​មាន​ការវាយប្រហារ​។ អ៊ីរ៉ង់​គំរាមថា​អាចមាន​សមត្ថភាព​ក្នុងការ​ចម្រាញ់​អ៊ុយ​រ៉ា​ញ៉ូម​បានយ៉ាង​ឆាប់រហ័ស ប្រើប្រាស់​ក្នុង​ការផលិត​អាវុធ​។ ស្របពេល​ជាមួយគ្នា​សមាជិកសភា​គណបក្ស​ប្រជាធិបតេយ្យ​អាមេរិក បាន​បង្កើន​ការប្រកាសអាសន្ន​ពី​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់ ហើយ​ពួកគេ​មិន​ចង់ឲ្យមាន​ការប្រើប្រាស់​យោធា ដោយ​គ្មាន​ការយល់ព្រម​នៅក្នុង​សភា​ឡើយ​។ ចំណែក​សមាជិក​សភាគ​ណ​បក្ស​សាធារណរដ្ឋ ជំនួស​ឲ្យ​ការបន្ទោ​សលើ​អ៊ីរ៉ង់​ទាក់ទង​នឹង​ការប្រឈមមុខគ្នា​នេះ ពួកគេ​បាន​ជំរុញ​ឲ្យ​លោក​Trump​មាន​ជំហរ​រឹងមាំ​។​

​អា​មរិក​-​អ៊ីរ៉ង់​ឈានដល់​ការប្រឈមមុខគ្នា​បាន​ដោយ​របៀប​ណា​?

​អាមេរិក​និង​អ៊ីរ៉ង់​មាន​ប្រវត្ដិសាស្ដ្រ​ស្មុគស្មាញ​ជាមួយគ្នា ហើយក៏​ជា​សត្រូវ​នឹង​គ្នា​រាប់​ទសវត្ស​មកហើយ​ដែរ រហូតដល់​មេដឹកនាំ​អ៊ីរ៉ង់​មួយចំនួន​ទទូច​ម្ដង​ហើយ​ម្ដងទៀត​ថា​ចង់ឲ្យ​អាមេរិក​ស្លាប់ទៅ​។ ទំនាក់ទំនង​អាមេរិក​-​អ៊ីរ៉ង់​បានចាប់ផ្ដើម​តាមរយៈ​រដ្ឋប្រហារ​រៀបចំ​ដោយ​CIA​ក្នុង​ទសវត្ស​ឆ្នាំ​១៩៥០ ដែល​អាមេរិក​បាន​ចាត់តាំង​ឲ្យ​ព្រះរាជា​ព្រះបាទ​Shah Mohammad Reza Pahlavi ជា​អ្នកទទួលខុសត្រូវ​ក្នុងប្រទេស​តំបន់​មជ្ឈិមបូព៌ា​មួយ​នេះ​។ ប៉ុន្ដែ​ព្រះបាទ​Shah​ត្រូវបាន​ក្រុម​បដិវត្ដន៍​អ៊ីស្លាម​ផ្ដួលរំលំ​ក្នុង​ឆ្នាំ​១៩៧៩ ដែលជា​ការបោះ​បោរ​មួយ​ធ្វើឲ្យរញ្ជូយ​ដល់​មូលដ្ឋានគ្រឹះ​នៃ​ពិភព​មូស្លីម​ក្នុងពិភពលោក និង​មាន​វិបត្ដិ​ចំណាប់ខ្មាំង​នៅ​ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុង​តេ​រ៉ង់ ហើយ​បាន​បន្ដ​ជា​ប្រធានបទ​ដ៏​គួ​ឲ្យ​ចាប់អារម្មណ៍​សម្រាប់​ទីក្រុង​វ៉ាស៊ីនតោន​។​

​រយៈពេល​ជាច្រើន​ឆ្នាំ​បន្ទាប់ពី​ការ​ស្អប់ខ្ពើម​គ្នា អតីត​ប្រធានាធិបតី​អាមេរិក​លោក​Barack Obama បាន​ស្វះស្វែង​រក​ការពង្រឹង​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់​តាមរយៈ​មធ្យោបាយ​ការទូត​។ រដ្ឋបាល​របស់លោក Obama​បានរៀបចំ​កិច្ចព្រមព្រៀង​មួយ​ឈ្មោះថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែល​បាន​ចរចា​ត្រូវរ៉ូវ​ជាមួយ​ប្រទេស​មហាអំណាច​៥​បូក​១​ក្នុង​ខែកក្កដា​ឆ្នាំ​២០១៥​។ តាមរយៈ​កិច្ចព្រមព្រៀង​នេះ​គេ​សង្ឃឹម​អាច​ការពារ​មិនឲ្យ​អ៊ីរ៉ង់​ផលិត​អាវុធ​នុយក្លេអ៊ែ​រ ជា​ថ្នូរ​នឹង​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​សេដ្ឋកិច្ច​។​

​យ៉ាងណាមិញ​ក្រុម​អ្នក​រិះគន់​និយាយថា កិច្ចព្រមព្រៀង​នៅ​មិនទាន់​គ្រប់គ្រាន់​អាច​ហាមឃាត់​អ៊ីរ៉ង់​ពី​ការផលិត​អាវុ​នុយក្លេអ៊ែរ​ទេ ហើយក៏​មិនអាច​ទុកចិត្ដ​ទី​ក្រុងតេ​រ៉ង់​បានដែរ​។ ជាមួយនឹង​បញ្ហា​ទាំងអស់​នេះហើយ ដែល​លោក​Trump​បានសម្រេច​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ក្នុង​ខែឧសភា​ឆ្នាំ​២០១៨ ទោះបី​គ្មាន​ភស្ដុតាង​បង្ហាញថា​អ៊ីរ៉ង់​រំលោភ​កិច្ចព្រមព្រៀង​ក៏ដោយ​។ ការដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ធ្វើឲ្យ​អាមេរិក​ដើរ​ផ្លូវតែឯង​ពី​សម្ព័ន្ធមិត្ដ​ដទៃ ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​។ បន្ទាប់ពីនោះ​ក៏​ធ្វើឲ្យ​ទំនាក់ទំនង​អាមេរិក​-​អ៊ីរ៉ង់​ប្រែក្លាយ​កាន់តែ​អាក្រក់​ខ្លាំង​។​

​ស្ថានភាព​អាក្រក់​នេះ​មិន​ត្រូវ​បានធ្វើឲ្យ​ធូរស្រាល​ឡើងវិញ​ទេ បន្ទាប់ពី​លោក​Trump​កាលពី​ខែមេសា​បានចាត់ទុក​កង​កម្លាំង​បដិវត្ដន៍​អ៊ីរ៉ង់​ថា​ជា​អង្គការ​ភេរវកម្ម​បរទេស​មួយ​។ ករណីនេះ​ជំរុញ​ឲ្យ​មេដឹកនាំ​អ៊ីរ៉ង់​ព្រមាន​ចាត់វិធានការ​ប្រឆាំង​អាមេរិក រហូត​មានការ​សងសឹក​ទៅវិញទៅមក​។ អាមេរិក​និង​អ៊ីរ៉ង់​បាន​ប្រឆាំង​គ្នា​ផងដែរ​ក្នុង​សង្គ្រាម​នៅ​ប្រទេស​យេមែន ជា​កន្លែង​ដែល​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អា​រ៉ាប៊ីសាអូឌីត​និង​គាំទ្រ​ដោយ​អាមេរិក វាយប្រហារ​ប្រឆាំង​ក្រុម​ឧទ្ទាម​ហូ​ធី​គាំទ្រ​ដោយ​អ៊ីរ៉ង់​និង​សម្ព័ន្ធមិត្ដ​។ ក្រៅពីនេះ​មាន​ការប្រឈមមុខគ្នា​ក្នុង​ជម្លោះ​នៅ​ប្រទេស​ស៊ី​រី ដោយ​អ៊ីរ៉ង់​និង​សម្ព័ន្ធមិត្ដ​គាំទ្រ​ប្រធានាធិបតីស៊ីរី​Bashar Assad ប៉ុន្ដែ​លោក​Trump​គាំទ្រ​កងកម្លាំង​ប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី​។ លោក​Trump​ធ្លាប់បាន​បញ្ជា​ឲ្យ​បាញ់​មី​ស៊ី​ល​ជិត​៦០​គ្រាប់​ប្រឆាំង​កងកម្លាំង​ស៊ី​រី នៅពេល​ផ្ទុះ​កំហឹង​ខ្លាំង​កាលពី​ខែមេសា​ឆ្នាំ​២០១៧​ផងដែរ​។​

​សមាជិកសភា​គណបក្ស​ប្រជាធិបតេយ្យ​មួយចំនួន រួមទាំង​អ្នកជំនាញ​ជាច្រើនរូប គិតថា​គោលនយោបាយ​របស់លោក​ត្រាំ​Trump​ទៅលើ​ប្រទេស​អ៊ីរ៉ង់ កំពុង​ត្រូវបាន​ជំរុញ​ដោយ​ទីប្រឹក្សា​សន្ដិសុខ​ជាតិ​លោក​Bolton​។ លោក​Bolton​ក៏​ជា​បុគ្គល​មួយរូប​រុញច្រាន​ឲ្យមាន​សង្គ្រាមនៅ​អ៊ីរ៉ាក់ និង​បាន​គាំទ្រ​ចំពោះ​សកម្មភាព​យោធា​ប្រឆាំង​អ៊ីរ៉ង់​ជាច្រើនលើក​កាលពី​អតីតកាល​។​

​តើ​អ្វីខ្លះ​ជា​បញ្ហា​ប្រឈម​?

​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់​នឹងមាន​សក្ដានុពល​កាន់តែ​អាក្រក់ ជាង​ការ​លុកលុយ​របស់​អាមេរិក​នៅ​ក្នុងប្រទេស​អ៊ីរ៉ាក់​កាលពី​ឆ្នាំ​២០០៣​ទៅទៀត​។ សង្គ្រាម​នៅ​អ៊ីរ៉ាក់​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​រាប់ពាន់នាក់ ធ្វើឲ្យ​អាមេរិ​កធ្លាក់​ក្នុង​សង្គ្រាមដែល​ខាតបង់​ច្រើនហើយ​មាន​រយៈពេល​យូរ​ទៀត​។ អ្វីដែល​កាន់តែ​ធ្ងន់ធ្ងរ​វា​បាន​រុញច្រាន​ឲ្យ​កើតជា​ក្រុម​រដ្ឋ​អ៊ីស្លាម​ឡើង បង្កបញ្ហា​អសន្ដិសុខ​រហូតមកដល់​បច្ចុប្បន្ន ទោះបី​ពួកគេ​បាត់បង់​មូលដ្ឋាន​ធំ​ហើយ​ក្ដី​។​

​សម្រាប់​អ៊ីរ៉ង់​មាន​ប្រជាជន​ប្រមាណ​៨២​លាន​នាក់ ហើយ​យោធា​របស់​អ៊ីរ៉ង់​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​១៤​ជា​កងទ័ព​ដែល​មានអំណាច​បំផុត​។ យោងតាម​ការប៉ាន់ប្រមាណ​បច្ចុប្បន្ន អ៊ីរ៉ង់​មាន​បុគ្គលិក​យោធា​សកម្ម​ចំនួន​៥២៣,០០០​នាក់ និង​បុគ្គលិក​យោធា​បម្រុង​ចំនួន​២៥០,០០០​នាក់​ទៀត​។ ប្រៀបធៀប​ទៅ​ប្រទេស​អ៊ីរ៉ាក់​មាន​ប្រជាជន​តែ​២៥​លាន​នាក់​ប៉ុណ្ណោះ និង​មាន​កងទ័ព​តែ​៤៥០,០០០​នាក់​ទេ គ្រា​ដែល​អាមេរិក​ឈាន​ជើង​ចូលលុកលុយ​កាលពី​ជាង​មួយ​ទសវត្ស​មុន​។ អ៊ីរ៉ង់​ក៏មាន​ផ្ទៃ​ដៃ​ធំ​ជាង​អ៊ីរ៉ាក់​គឺ​១,៦៤៨,១៩៥​គីឡូម៉ែត្រ​ការ៉េ ចំណែក​អ៊ីរ៉ាក់​មាន​ផ្ទៃដី​សរុប​៤៣៧,០៧២​គីឡូម៉ែត្រ​ការ៉េ ហើយ​ឥទ្ធិពល​របស់​អ៊ីរ៉ង់​បាន​កើនឡើង​ខ្លាំង ខណៈ​អ៊ីរ៉ាក់​បាន​ដួលរលំ​ក្រោយ​អាមេរិក​ធ្វើសង្គ្រាម​នៅ​ទីនោះ​។ 

​ប្រសិនបើ​អាមេរិក​បើក​ការវាយប្រហារ​ប្រឆាំង​អ៊ីរ៉ង់ នោះ​វា​នឹង​ជះឥទ្ធិពល​ដល់​តំបន់​មជ្ឈិមបូព៌ា​ទាំងមូល​។ អ៊ីរ៉ង់​មាន​សម្ព័ន្ធមិត្ដ​ជាច្រើន​នៅក្នុង​តំបន់ ក្នុងនោះ​ក៏មាន​ក្រុម​សកម្មប្រយុទ្ធ​ផងដែរ​ដូចជា​ក្រុម​Hezbollah​ក្នុងប្រទេស​លី​បង់​ជាដើម​។ តាម​ការប៉ាន់ប្រមាណ​ពី​មន្ទីរ​បញ្ច​កោណ​កាលពី​ខែមេសា កងកម្លាំង​សម្ព័ន្ធមិត្ដ​របស់​អ៊ីរ៉ង់​បាន​សម្លាប់កងទ័ព​អាមេ​រិក​នៅ​អ៊ីរ៉ាក់ យ៉ាងហោចណាស់​៦០៨​នាក់ ចន្លោះ​ពី​ឆ្នាំ​២០០៣​ដល់​២០១១​។ បន្ថែម​លើ​នេះ អ៊ីរ៉ង់​មាន​ព្រំដែន​ជាមួយ​ប្រទេស​មួយចំនួន​ដែលជា​សម្ព័ន្ធមិត្ដ​អាមេរិ​កដូចជា​តួក​គី អ៊ីរ៉ាក់ និង​អា​ហ្វ​ហ្គានី​ស្ថាន ហើយ​ក្នុងនោះ​មាន​ប្រទេស​អាមេរិក​ដាក់​កងទ័ព​ផងដែរ​។ ប្រទេស​ទាំងនោះ​បច្ចុប្បន្ន​គ្មាន​មួយណា​មាន​ស្ថិរភាព​ឡើយ ដោយ​ពួកគេ​កំពុង​បន្ដ​ដោះស្រាយ​ជម្លោះ​និង​ផលវិបាក​ដែល​កំពុង​ជួបប្រទះ ជាក់ស្ដែង​មាន​វិបត្ដិ​ប្រជាជន​ជម្លៀស​ខ្លួន​រាប់លាន​នាក់​។​

​ក្នុង​លក្ខខណ្ឌ​ភូមិសាស្ដ្រ​នយោបាយ អ៊ីរ៉ង់​គឺជា​សម្ព័ន្ធមិត្ដ​រុស្ស៊ី​និងចិន ហើយ​គេ​មិនដឹង​ឡើយ​ថា​មហាអំណាច​ទាំងពីរ​នឹង​មានប្រតិកម្ម​យ៉ាងណា ប្រសិនបើ​ជម្លោះ​អ៊ីរ៉ង់​-​អាមេរិក​ផ្ទុះឡើង​មែន​។ សម្ព័ន្ធមិត្ដដ៏​សំខាន់​របស់​អាមេរិក​ដូចជា​អ៊ីស្រាអែល​និង​អា​រ៉ាប៊ីសាអូឌីត ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​អ៊ីរ៉ង់ ទំនង​នឹង​ធ្លាក់ចូល​ក្នុង​សង្គ្រាម​អាមេរិក​-​អ៊ីរ៉ង់​ដូចគ្នា​។ សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​អាចធ្វើឲ្យ​រំខាន​ដល់​សេដ្ឋកិច្ច​បន្ថែមទៀត ព្រោះ​អ៊ីរ៉ង់​មាន​ព្រំប្រទល់​ជាប់​ច្រក​សមុទ្រ​Hormuz ជា​ច្រក​ដ៏​ចង្រៀត​មួយចរា​ចរដឹក​ប្រេង​ប្រមាណ​មួយ​ភាគបី​នៃ​ប្រេង​លើ​ពិភពលោក​។ ក្រុម​ជំនាញ​បាន​ព្យាករណ៍​ថា​ប្រសិនបើ​ផ្លូវទឹក​នេះ​ត្រូវ​បិទ នោះ​ការនាំចេញ​ប្រេង​ទៅកាន់​ពិភពលោក​នឹង​ធ្លាក់ចុះ​៣០​ភាគរយ​ជា​រៀងរាល់ថ្ងៃ ហើយ​តម្លៃ​ប្រេង​វិញ​ក៏​កើនឡើង​ខ្ពស់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​Washington Post​។​

​កងកម្លាំង​របស់​អ៊ីរ៉ង់​អាច​នឹងរង​បរាជ័យ​ដោយសារ​កងកម្លាំង​អាមេរិក ប៉ុន្ដែ​ទន្ទឹមគ្នា​អាមេរិក​ក៏ត្រូវ​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយសារ​មី​ស៊ី​ល មីន​បង្កប់​ក្នុង​សមុទ្រ និង​ការវាយប្រហារ​ពី​យន្ដហោះ​ចម្បាំង​អ៊ីរ៉ង់​ដែរ​។ ចំពោះ​កងទ័ព​អ៊ីរ៉ង់​ដែល​រួច​ជីវិត​ពី​សង្គ្រាម នឹង​នាំគ្នា​កេណ្ឌ​កម្លាំង​បះបោរ​ប្រឆាំង​ការកាន់កាប់​របស់​អាមេរិក​។ នោះ​ហើយ​គឺជា​សេណារីយោ​ដែល​កើតឡើង​លើ​អាមេរិក នៅពេល​ធ្វើសង្គ្រាម​ក្នុងប្រទេស​អ៊ីរ៉ាក់​។​

​និយាយ​ឲ្យ​ខ្លី​ទៅ ទោះបី​អាមេរិក​មាន​យោធា​ដែលមាន​ឥទ្ធិពល​បំផុត​ក្នុង​លោក ប៉ុន្ដែ​ប្រសិនបើ​ផ្ទុះ​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​នោះ​នឹងត្រូវ​រង​ការបំផ្លិចបំផ្លាញ​លើ​ផ្នែក​ជាច្រើន​។ នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​គ្រាន់​ជា​ប្រទេស​តូច​មួយ វា​បាន​បង្កបញ្ហា​ដល់​អាមេរិក​ទៅហើយ ចុះ​ទម្រាំ​ប្រទេស​អ៊ីរ៉ង់​មាន​ទំហំ​ធំ​ជាង​អ៊ីរ៉ាក់​ដល់​ទៅ​ពីរ​ភាគ រឿង​អី​ដែលថា​គ្មាន​ផលប៉ះពាល់​ដល់​អាមេរិក​?

ព័ត៌មានផ្សេងទៀត