ឥណ្ឌូនេស៊ី៖លោក​វី​ដូ​ដូ​ទទួល​ជ័យជម្នះ ក្លាយជា​ប្រធានាធិបតី​អាណត្តិ​ទី​ពីរ​

21-05-2019 10:26 am 553
  ស្តាប់
លោក​ចូកូ វី​ដូ​ដូ
ស្តាប់ជាសំឡេង

​ឥណ្ឌូនេស៊ី​បានរៀបចំ​ការបោះឆ្នោត​កាលពី​ថ្ងៃទី​១៧​ខែមេសា​ឆ្នាំ​២០១៩ ដោយមាន​មនុស្ស​១៩២​លាន​នាក់​មាន​សិទ្ធិ​បោះឆ្នោត​។ លទ្ធផល​បោះឆ្នោត​ផ្លូវការ ត្រូវបាន​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត បង្ហាញ​ឲ្យដឹង នៅ​ថ្ងៃ​អង្គារ​ទី​២១​ខែឧសភា​នេះ​។ យោងទៅតាម​គណៈកម្មកា​រ​បោះឆ្នោត​ឲ្យដឹងថា លោក​ចូកូ វី​ដូ​ដូ​បានឈ្នះ ដោយ​ទទួលបាន​សំឡេងគាំទ្រ​៥៥.៥​ភាគរយ ទល់នឹង​គូប្រជែង​លោក Prabowo Subianto ដែល​បរាជ័យ​នៅក្នុង​ការបោះឆ្នោត ទទួលបាន​សំឡេងគាំទ្រ​៤៥.៥​ភាគរយ​។ 

​តាម​ការពិតទៅ លទ្ធផល​បោះឆ្នោត​ផ្លូវការ ត្រូវ​ប្រកាស​នៅ​ថ្ងៃទី​២២​ខែឧសភា​ឆ្នាំ​២០១៩​ឯណោះ​ទេ ប៉ុន្តែ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឥណ្ឌូនេស៊ី បានប្រកាស​មុន​ថ្ងៃ​កំណត់ ព្រោះ​បារម្ភ​ខ្លាច​មាន​អំពើហិង្សា​ផ្ទុះឡើង​។ យ៉ាងណា​ទោះបី​ពង្វាង​ថ្ងៃ​ប្រកាស​លទ្ធផ​លក្តី ក៏​ឥណ្ឌូនេស៊ី​នៅតែ​រឹតបន្តឹង​សន្តិសុខ​ខ្ពស់​នៅក្នុង​ទីក្រុង​ចា​កាតា មានការ​ដាក់ពង្រាយ​ក​ង​កម្លាំង​សន្តិសុខ​ចំនួន​ប្រមាណ​៣២ ០០០​នាក់ ដើម្បី​ការពារ​នៅ​ថ្ងៃ​ប្រកាស​លទ្ធផល​បោះឆ្នោត​។​

​អ្នកគាំទ្រ​លោក Prabowo Subianto បាន​និយាយ​រួចហើយ​ថា ប្រសិនបើ​លទ្ធផល​ផ្លូវការ ដែល​ប្រកាស​ដោយ​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត ដូចនឹង​លទ្ធផល​ក្រៅផ្លូវការ​នោះ ពួកគេ​នឹង​ប្រមូលផ្តុំ​គ្នា​តវ៉ា​តាម​ដងផ្លូវ ដើម្បី​ប្រឆាំងនឹង​លទ្ធផល​បោះឆ្នោត​។ ក្រុមប្រឆាំង​បាន​ទាត់ចោល​លទ្ធផល​បោះឆ្នោត ដោយ​អះអាងថា មាន​ការលួចបន្លំ​សន្លឹកឆ្នោត​។ សំអាង​លើ​ភស្តុតាង​ដែល​រកឃើញ គណបក្សប្រឆាំង ធ្លាប់បាន​ព្រមាន​ប្តឹងទៅ​តុលាការ​ធម្មនុញ្ញ​ផងដែរ​។ យ៉ាងណា​ភ្លាមៗ​ក្រោយ​លទ្ធផល​ផ្លូវការ​ត្រូវបាន​លាតត្រដាង លោក Prabowo Subianto មិនទាន់​បញ្ជាក់​ជាថ្មីទៀត​នោះទេ​ថា នឹង​យក​សំណុំរឿង​នេះ ទៅ​ត​តាំងនៅ​តុលាការ​ឬ​យ៉ាងណា​។​

​គួរ​ជម្រាបជូន​ដែរថា លោក​វី​ដូ​ដូ​បច្ចុប្បន្ន​មានវ័យ​៥៧​ឆ្នាំ បានទទួល​ជ័យជម្នះ​ជា​ប្រធានាធិបតី នៃ​ប្រទេស​ឥណ្ឌូនេស៊ី ចំនួន​ពីរ​អាណត្តិ​ជាប់ៗ​គ្នា រាប់ទាំង​ការបោះឆ្នោត​លើក​នេះ ខណៈ​អាណត្តិ​ទីមួយ​នៅ​ឆ្នាំ​២០១៤​។ មុន​ជាប់ឆ្នោត​ក្លាយជា​ប្រធានាធិបតី​ដំបូង លោក​វី​ដូ​ដូ​ធ្លាប់បម្រើ​ការងារ​ជា​ចៅហ្វាយក្រុង Surakarta​ពី​ឆ្នាំ​២០0៥-២០១២ និង​ធ្លាប់ជា​អភិបាល​រដ្ឋធានី​ចា​កាតា​ពី​ឆ្នាំ​២០១២-២០១៤៕

ព័ត៌មានផ្សេងទៀត