មនុស្ស​ជាច្រើន​នាក់​ស្លាប់ នៅក្នុង​អំពើហិង្សា​ក្នុង​ពន្ធនាគារ​នៅ​តាជី​គី​ស្ថាន​

20-05-2019 2:50 pm 243
  ស្តាប់
ស្តាប់ជាសំឡេង

​យោងទៅតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងយុត្តិធម៌​តាជី​គី​ស្ថាន ឲ្យដឹងថា អំពើហិង្សា​នៅក្នុង​ពន្ធនាគារ​បាន​កើតឡើង នៅពេលដែល​អ្នកទោស​ប្រមាណ​៣០​នាក់ បាន​រួមគ្នា ចាប់​ឆ្មាំ​យាម​ពន្ធនាគារ​៣​នាក់​ធ្វើជា​ចំណាប់ខ្មាំង​។ ក្រុម​អ្នកទោស​ទាំងនោះ ប្រដាប់​ដោយ​កាំបិទ​និង​អាវុធ​មុត​ស្រួច​ផ្សេងៗ​ទៀត​។ នៅ​ទីបំផុត អ្នកយាម​ទាំង​៣​នាក់​ត្រូវបាន​គេ​សម្លាប់ ហើយ​អ្នកទោស​២៤​នាក់​ផ្សេងទៀត ក៏បាន​ស្លាប់បាត់​បង់ជីវិត នៅក្នុង​អំពើហិង្សា​នេះដែរ​។ នៅពេលនេះ ស្ថានការណ៍​នៅក្នុង​ពន្ធនាគារ បាន​វិល​មករក​សភាព​ធម្មតា​វិញ​ហើយ ក្រោយ​មាន​ការអន្តរាគមន៍​ពី​កងកម្លាំង​សន្តិសុខ​។ 

ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ថ្ងៃទី​១៩​ខែ​ឧសភា នៅក្នុង​ពន្ធនាគារ​មួយ ស្ថិតនៅ​ភាគ​ខាងកើត​ទីក្រុង Dushanbe ចម្ងាយ​ប្រហែល​១០​គីឡូម៉ែត្រ​។ មូលហេតុ ដែល​បណ្តាលឲ្យមាន​អំពើហិង្សា​នេះ​កើតឡើង មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ កំពុង​ស្ថិតនៅក្រោម​ការ​ស៊ើបអង្កេត​នៅឡើយ​។ យ៉ាងណា គេ​បានកំណត់​អត្តសញ្ញាណ​បុគ្គល​ម្នាក់ ដែល​បំផុស​ឲ្យមាន​ការជ្រួលច្របល់​ក្នុង​ពន្ធនាគារ គឺ​ឈ្មោះ Bekhruz Gulmurod ជា​កូនប្រុស​របស់លោក Gulmurod Khalimov ។ លោក Khalimov គឺជា​ទាហាន​កងកម្លាំង​ពិសេស នៃ​ប្រទេស​តាជី​គី​ស្ថាន តែ​លោក​បាន​រត់ចោលជួរ ទៅ​ចុះចូល​ជាមួយ​ពួក​សកម្មប្រយុទ្ធ​IS ហើយ​ត្រូវ​បានសម្លាប់​នៅក្នុង​សមរភូមិ​នៅ​ប្រទេស​ស៊ី​រី​បាត់ទៅ​។​

​គួរ​ជម្រាបជូន​ថា នៅក្នុង​ពន្ធនាគារ​កើតហេតុ​ខាងលើ ជា​កន្លែង​ឃុំឃាំង​អ្នកទោស ដែល​ត្រូវបាន​ផ្តន្ទាទោស ពីបទ​ប្រព្រឹត្ត​នូវ​ភាពជ្រុលនិយម​ខាង​សាសនា នៅក្នុង​នោះ​ក៏មាន​ក្រុម​សកម្មប្រយុទ្ធ​IS​ផងដែរ​។ ពន្ធនាគារ​នេះ ស្ថិតក្រោម​ការ​រិត​បន្តឹង​សន្តិសុខ​ខ្ពស់បំផុត ប៉ុន្តែ​នៅ​មិនអាច​ទប់ស្កាត់​អំពើហិង្សា​បាន​។ នៅក្នុង​ពន្ធនាគារ មាន​ផ្ទុក​អ្នកទោស​សរុប​១ ៥០០​នាក់​។​

​ចន្លោះពេល​៦​ខែ​ប្រទេស​តាជី​គី​ស្ថាន បាន​ជួបប្រទះ​នូវ​អំពើហិង្សា​នៅក្នុង​ពន្ធនាគារ​ចំនួន​២​លើក​។ ពោល កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៨ អំពើហិង្សា​ស្រដៀង​គ្នា​នេះ បាន​កើតឡើង​នៅក្នុង​ពន្ធនាគារ​នៅ Khujand ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​តាជី​គី​ស្ថាន បណ្តាលឲ្យ​អ្នកទោស​២១​នាក់ និង​ឆ្មាំ​យាម​ពន្ធនាគារ​២​នាក់​ស្លាប់បាត់​បង់ជីវិត​។ អំពើហិង្សា​កាលនោះ ក្រុម​សកម្មប្រយុទ្ធ​IS បានប្រកាស​ទទួលខុស​ត្រូវ​៕


ព័ត៌មានផ្សេងទៀត