លោក​ត្រាំ​ព្រមាន​អ៊ីរ៉ង់​បើ​ចង់​វាយប្រហារ នោះ​ទីបញ្ចប់​របស់​អ៊ីរ៉ង់​នឹង​មកដល់​ដូចគ្នា​

20-05-2019 11:17 am 2021
  ស្តាប់
លោកហាសាន រ៉ូហានីប្រធានាធិបតីអ៊ីរ៉ង់នៅខាងឆ្វេងលោកដូណាល់ ត្រាំប្រធានាធិបតីអាមេរិក
ស្តាប់ជាសំឡេង

​តាមរយៈ​សារ​ដែល​បង្ហោះ​លើ​ធ្វី​ត​ទ័​រ​កាលពី​ថ្ងៃអាទិត្យ លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក បាន​អះអាងថា ប្រសិនបើ​អ៊ីរ៉ង់​ចង់​ប្រយុទ្ធ នោះ​ទីបញ្ចប់​របស់​អ៊ីរ៉ង់​ក៏​មកដល់​ដូចគ្នា​។ លោក​ត្រាំ​បាន​ផ្តាំផ្ញើ​ទៅ​អ៊ីរ៉ង់​ទៀតថា កុំ​គំរាម​ប្រឆាំង​អាមេរិក​ម្តងទៀត​ឲ្យសោះ​។ ការព្រមាន​របស់លោក​ត្រាំ ទំនងជា​ចង់​ឆ្លើយតប​ទៅនឹង​មេបញ្ជាការ កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ លោក Hossein Salami ដែល​បាន​លើកឡើងថា អ៊ីរ៉ង់​ចង់បាន​សន្តិភាព តែ​ក៏​មិន​ភ័យខ្លាច​ក្នុងការ​ធ្វើសង្គ្រាម​នោះដែរ​។ យ៉ាងណា ប្រមុខ​ការទូត​អ៊ីរ៉ង់​លោក Mohammad Javad Zarif បាន​ច្រានចោល​លទ្ធភាព​នៃ​ការផ្ទុះ​សង្គ្រាម ដោយ​និយាយថា ទីក្រុង​តេ​អ៊ីរ៉ង់​មិន​ចង់​មាន​ជម្លោះ​ទេ​។​

​ភាព​តានតឹង​រវាង​អាមេរិក​និង​អ៊ីរ៉ង់ បាន​កើនឡើង បន្ទាប់ពី​អ៊ីរ៉ង់​បានប្រកាស​ដកចេញ​នូវ​ការប្ដេជ្ញាចិត្ដ​មួយចំនួ​ន ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ និង​ប្រកាស​ចង់​ចាប់ផ្ដើម​កម្មវិធី​នុយក្លេអ៊ែរ​ឡើងវិញ​។ ក្រោយមក អាមេរិក​បានប្រកាស​ដាក់ទណ្ឌកម្ម​បន្ថែម​។ អាមេរិក​ចោទថា អ៊ីរ៉ង់​មាន​ចេតនា​ចង់​វាយប្រហារ​ផលប្រយោជន៍​អាមេរិក និង​សម្ព័ន្ធមិត្ដ​អាមេរិក​នៅក្នុង​តំបន់​។ ឆ្លើយតប​នឹង​ស្ថានការណ៍​នេះ​អាមេរិក​បាន​បញ្ជូន​នាវាចម្បាំង​USS Gonzalez (DDG-66) និង USS McFaul (DDG-74) បំពាក់​ដោយ​មី​ស៊ី​ល​វាយប្រហារ​កម្រិត​ខ្ពស់​Tomahawk និង​នាវាចម្បាំង​ធុន​ផ្សេងទៀត ទៅកាន់​តំបន់​មជ្ឈិម​បូព៌ា ដើម្បី​ត្រៀម​ទប់​ទល់នឹង​ការវាយប្រហារ​ពី​ប្រទេស​អ៊ីរ៉ង់​។​

​ចំពោះ​ប្រទេស​អ៊ីរ៉ង់ បានចាត់ទុក​ការបញ្ជូន​កងកម្លាំង​អាមេរិក ជា​សង្គ្រាមចិត្ដសាស្ដ្រ​មួយ ហើយ​អ៊ីរ៉ង់​ក៏​ត្រៀម​ជាស្រេច​នៅ​ក្នុងការ​វាយបក​វិញ ដើម្បី​ប្រឆាំង​ការឈ្លានពាន​ពី​អាមេរិក តែ​ទន្ទឹមនឹងនោះ​អ៊ីរ៉ង់​អះអាង​ដូចគ្នា​ដែរថា គ្មាន​បំណង​ចង់​ជ្រើស​យក​សង្គ្រាម​ជាមួយ​អាមេរិក​ឡើយ​។ តែ​អ៊ីរ៉ង់​ក៏​មិនឲ្យ​នរណា​ម្នាក់មក​ឈ្លានពាន សិទ្ធិសេរីភាព និង​អធិបតេយ្យភាព​របស់ខ្លួន​ដែរ​។​

​ជា​ការកត់សំគាល់ ចាប់តាំងពី​អាមេរិក​និង​អ៊ីរ៉ង់​តំឡើង​សម្តី​ដាក់គ្នា​ខ្លាំងៗ មាន​ភាពមិនប្រក្រតី​មួយចំនួន បាន​កើតឡើង​បន្តបន្ទាប់​នៅក្នុង​តំបន់​នេះ​។ នៅ​ក្នុងនោះ រួមមាន​ការវាយប្រហា​រលើ​នាវា​ដឹក​ប្រេង​នៅលើ​ផ្ទៃសមុទ្រ នៃ​ប្រទេស​អា​មី​រ៉ាត់​អារ៉ាប់​រួម ការវាយប្រហារ​លើ​ស្ថានីយ​បូ​ប​ប្រេង​អា​រ៉ាប៊ីសាអូឌីត ហើយ​ថ្មីៗ​នេះ មាន​រ៉ុក​ក្តែ​ត​វាយប្រហា​រចូល​ទឹកដី​អ៊ីរ៉ាក់ ក្បែរ​អាគារ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​អ៊ីរ៉ាក់​ទៀត​។ ការវាយប្រហារ​នេះ មិន​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​ទេ​។ ហេតុការណ៍​នេះ គេ​ដាក់​ការសង្ស័យ​លើ​អ៊ីរ៉ង់​នៅ​ពីក្រោយ ជាពិសេស​អាមេរិក​តែម្តង​។ ចំណែក​អ៊ីរ៉ង់​វិញ បាន​បដិសេធ​គ្រប់​ហេតុការណ៍​កើតឡើង​ថ្មីៗ​នេះ ថា​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ខ្លួន​ឡើយ​៕

 

ព័ត៌មានផ្សេងទៀត