លោក​គង់ គាំ ​យក​វេទិកា​​សមាជ​​គណបក្ស​ឆន្ទៈ​ខ្មែរ​ វាយប្រហារ​​លោក​សម រង្ស៊ី​​

20-05-2019 11:13 am 3293
  ស្តាប់
ស្តាប់ជាសំឡេង

​គណបក្ស​ឆន្ទៈ​ខ្មែរ​របស់ លោក​គង់ មុនី​កា បានធ្វើ​សមាជ​វិសមញ្ញ​មួយ​នៅ​ថ្ងៃទី១៩ ឧសភា ​ដោយ​ជ្រើសរើស​លោក គង់ គាំ ជា​ឪពុក​របស់ខ្លួន ឲ្យធ្វើជា​ប្រធានកិត្តិយស​គណបក្ស ជា​ផ្លូវការ​។ ក្រោយ​ទទួលបាន​តួនាទី​ជា​ប្រធានកិត្តិយស​ជា​ផ្លូវការ​ភ្លាម លោក​គង់ គាំ ដែលជា​អតីត​ទីប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ និង​ធ្លាប់ជា​មនុស្ស​ជំនិត​បំផុត​នឹង​លោក​សម រង្ស៊ី ផង​នោះ បាន​ថ្លែង​វាយប្រហារ​ខ្លាំងៗ​ទៅលើ​លោក សម រង្ស៊ី ដែល​ធ្លាប់ជា​មេ​កើយ​ខ្លួន មិន​ញញើត​មាត់​។ ការណ៍​នេះ ទំនង​លោក​គង់ គាំ ខឹង​នឹង​លោក​សម រង្ស៊ី ហៅ​អ្នក​សុំ​សិទ្ធិ​នយោបាយ​ពី​លោក​ហ៊ុន សែន ឡើងវិញ​ថា​ជា​មនុស្ស​ក្បត់បក្ស​។​

​អ្នកនយោបាយ​ចាស់វស្សា​រូបនេះ បាន​សរសើរ​ដល់​សកម្មជន​គណបក្សប្រឆាំ​ង​មួយចំនួន ដែល​មក​ចូលរួម​ជាមួយ​គណបក្ស​ឆន្ទៈ​ខ្មែរ​។ លោក គង់ គាំ ថែមទាំង​ថ្លែង​ការពារ​ជំរ​ហ​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ​ដែល​ចូលរួម​ការបោះឆ្នោត​អសកល​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ​ថ្ងៃទី​២៦ ឧសភា​ខាងមុខ​ថា ជា​ការចូលរួម​ការពា​រ​សន្តិភាព ទោះបីជា​ដឹងខ្លួន​ថា គណបក្ស​នេះ​គ្មាន​អង្គ​បោះឆ្នោត​ក៏ដោយ​។​

​តែ​យ៉ាងណាក្តី លោក គង់ គាំ មិន​បានបង្ហាញ​ពី​ចំណុចខ្លាំង​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ​ទេ លោក​បែរជាយក​វេទិកា​សមាជ​នោះ វាយប្រហារ​ខ្លាំងៗ​ទៅលើ​ក្រុម លោក​សម រង្ស៊ី ទៅវិញ​។ លោក​ថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ​កំពុងតែ​បែកបាក់​ផ្ទៃក្នុង​កាន់​ខ្លាំង បើទោះបីជា លោក​សមរង្ស៊ី ប្រើ​សារ «​សម រង្ស៊ី និង កឹម សុខា គឺជា​មនុស្ស​តែមួយ​»​ក៏ដោយ​។​

​លោក​គង់ គាំ បាន​ប្រាប់​សមាជិក​គណបក្ស​ឆន្ទៈ​ខ្មែរ សូម​កុំឲ្យ​ជឿ កុំឲ្យ​ចាំ និង​កុំឲ្យ​ជួយ​ដល់​ក្រុម​លោកសម រង្ស៊ី ដោយ​លោក​បានចាត់ទុក​ក្រុម​លោក​សមរង្ស៊ី​ថា ជា​ក្រុមមនុស្ស​ខូច និង​ចោទថា លោក​សម រង្ស៊ី ជា​អ្នក​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​យូរ​មកហើយ​។​

​លោក​គង់ គាំ អាច​ចាត់ទុកថា ជា​អ្នក​ដឹងចិត្ត និង​ស្គាល់​ពី​យុទ្ធសាស្ដ្រ​របស់លោក​សម រង្ស៊ី ខ្លាំងជាងគេ ព្រោះ​លោក​ធ្លាប់ជា​ដៃគូរ​នយោបាយ​ស្និទ្ធស្នាល​នឹង​គ្នា​ជា​យូរ​ឆ្នាំ​មកហើយ​។ ជារឿយៗ លោក​គង់ គាំ តែងតែ​ទម្លាយ និង​វាយប្រហារ​លោក​សម រង្ស៊ី ជា​បន្ដបន្ទាប់ ចាប់តាំងពី​លោក​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​មក​។ លោក​ក៏​តែងតែ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដល់​សកម្មជន​ដែល​ធ្លាប់​គាំទ្រ​អតីត​បក្សប្រឆាំង​នេះ ឈប់​គាំទ្រ​ការដឹកនាំ​របស់លោក​ស​ម រង្ស៊ី តទៅទៀត ដែល​លោក​និយាយថា នយោបាយ​លោក​សម រង្ស៊ី នាំឲ្យមាន​គ្រោះថ្នាក់​ដល់​ជាតិ​មាតុភូមិ​។ ប៉ុន្តែ​ជា​ការកត់សម្គាល់ លោក​សម រង្ស៊ី ក៏​មិនដែល​ជ្រលក់​មាត់​តបត នឹង​ការវាយប្រហារ​ពី​លោក​គង់ គាំ ម្តងណា​ឡើយ​៕

ព័ត៌មានផ្សេងទៀត