អាមេរិក​ព្រមាន​ពី​សន្តិសុខ​នៅ​ឥណ្ឌូនេស៊ី មុន​ការប្រកាស​លទ្ធផល​បោះឆ្នោត​

19-05-2019 4:18 pm 886
  ស្តាប់
យោធាឥណ្ឌូនេស៊ី
ស្តាប់ជាសំឡេង

​ស្ថានទូត​អាមេរិក​ប្រចាំ​នៅក្នុង​ទីក្រុង​Jakarta​ប្រទេស​ឥណ្ឌូនេស៊ី បានចេញ​សេចក្តី​ព្រមាន​ពី​បញ្ហា​សន្តិសុខ មុន​ថ្ងៃ​ដែល​គណៈកម្មាការ​បោះឆ្នោត​ឥណ្ឌូនេស៊ី ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ នៅ​ថ្ងៃទី​២២​ខែ​ឧសភា​។នៅក្នុង​សេចក្តីថ្លែងការណ៍​ស្ថានទូត​អាមេរិក ប្រចាំ​នៅក្នុង​ទីក្រុង​Jakarta​ប្រទេស​ឥណ្ឌូនេស៊ី បាន​ណែនាំ​ពលរដ្ឋ​ខ្លួន​នៅក្នុង​ប្រទេស​នេះ ចៀសវាង​ធ្វើដំណើរ​ទៅ​កន្លែង​ដែលមាន​ការធ្វើ​បាតុកម្ម​ធំៗ​។ បាតុកម្ម​ទ្រង់ទ្រាយ​ធំ អាច​នឹង​ធ្វើឡើង​នៅក្នុង​ទីក្រុង Jakarta និង​ទីក្រុង​ផ្សេងទៀត​ដូចជា​ទីក្រុង Surabaya ស្ថិតនៅ Java ខាងកើត និង Medan នៅ​ស៊ូ​ម៉ា​ត្រា​ខាងជើង​។ បម្រាប​នេះ ដើម្បី​ការពារ​គ្រោះថ្នាក់​ដែល​អាច​កើតមាន​ជាយៈថាហេតុ​។​

​សេចក្តីថ្លែងការណ៍​នេះ ត្រូវបាន​ផ្សព្វផ្សាយ​ឲ្យដឹង មុន​គណៈកម្មការ​បោះឆ្នោត​ឥណ្ឌូនេស៊ី នឹង​ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ នៅ​ថ្ងៃទី​២២​ខែឧសភា​ខាងមុខ​។ ប្រសិនបើ​លទ្ធផល​បោះឆ្នោត​ផ្លូវការ​នេះ​នៅតែ​បង្ហាញថា លោក Joko Widodo​ប្រធានាធិបតី​ក្នុង​តំណែង ទទួលបាន​ជ័យជម្នះ​លើ​លោក Prabowo Subianto ដូច​លទ្ធផល​ក្រៅផ្លូវការ គឺ​អ្នកគាំទ្រ​លោក Prabowo Subianto នឹង​ប្រមូលផ្តុំ​តវ៉ា​ដោយ​សន្តិភាព ប្រឆាំងនឹង​លទ្ធផល​បោះឆ្នោត​នេះ​។ ពួកគេ​នឹង​ប្រមូល​កម្លាំង​ក្នុង​ទ្រង់ទ្រាយ​ធំ ចុះ​តវ៉ា​តាម​ដងផ្លូវ​។​

​ម្យ៉ាងទៀត ក្នុង​ខែឧសភា​នេះ ឥណ្ឌូនេស៊ី​បាន​បង្ក្រាប​ភាពមិនប្រក្រតី​ទាំងឡាយ បាន​ជាច្រើន​ករណី​មុន​ថ្ងៃ​ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ​។ ឥណ្ឌូនេស៊ី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ដែលជា​ក្រុម​សកម្មប្រយុទ្ធ​ចំនួន​២៩​នាក់​។ ពួកគេ​មាន​ទំនាក់ទំនង​ជាមួយនឹង​ក្រុម Jemaah Ansharut Daulah (JAD) ជា​ក្រុម​អ៊ីស្លាម​និយម​នៅ​ក្នុងប្រទេស​។ ក្រៅពីនោះ អាជ្ញាធរ​ក៏បាន​រឹបអូស​យ៉ាងហោចណាស់​គ្រាប់បែកដៃ​ចំនួន​៥ នៅតាម​ទីតាំង​ជាច្រើន​ផ្សេងគ្នា នៅ Java និង​ភាគ​ខាងជើង​ក្រុង Sulawesi ។ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​មួយចំនួន ធ្លាប់​ទទួលបាន​ការបណ្តុះ​បណ្តាល​ផ្នែក​យោធា និង​ធ្វើដំណើរ​ទៅ​ប្រយុទ្ធ​នៅ​ស៊ី​រី​ទៀតផង​។​

​ឥណ្ឌូនេស៊ី​បាន​រឹតបន្តឹង​សន្តិសុខ​ក្នុង​កម្រិត​ខ្ពស់បំផុត នៅមុន​ថ្ងៃ​ប្រកាស​លទ្ធផល​បោះឆ្នោត និង​ត្រៀម​រួចជាស្រេច ដើម្បី​ចាត់វិធានការ​ការពារ កុំឲ្យ​មាន​ភាព​អនាធិបតេយ្យកើត​ឡើង ក៏ដូចជា​សុ​វត្ថ​ភាព​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​។ នៅ​ក្នុងនោះ ឥណ្ឌូនេស៊ី​នឹង​ដាក់ពង្រាយ​ប៉ូលិស​និង​យោធា​ជិត​៣២ ០០០​នាក់ នៅក្នុង​ទីក្រុង Jakarta​។​

​សូមបញ្ជាក់ថា ឥណ្ឌូនេស៊ី​បានរៀបចំ​ការបោះឆ្នោត កាលពី​ខែមេសា​ឆ្នាំ​២០១៩​។ លទ្ធផល​ក្រៅផ្លូវការណ៍​បង្ហាញថា លោក Joko Widodo​ប្រធានាធិបតី​ក្នុង​តំណែង បន្ត​ឈ្នះឆ្នោត​នៅ​អាណត្តិ​ថ្មី​នេះ​ទៀត​។ លោក​Subianto ដែលជា​គូប្រជែង បាន​បដិសេធ​មិន​ទទួលយក​លទ្ធផល​បោះឆ្នោត​ក្រៅផ្លូវការ​ឡើយ ហើយ​បានប្រកាស​ពី​ជ័យជម្នះ​ដូចគ្នា​។ លោក​អះអាងថា ក្រុម​របស់លោក មាន​ភស្តុតាង​បង្ហាញថា មាន​ភាពមិនប្រក្រតី​កើតឡើង នៅក្នុង​ការបោះឆ្នោត តាមរយៈ​ការលួចបន្លំ​សន្លឹកឆ្នោត​ជាច្រើន​។ ផ្អែកទៅលើ​ភស្តុតាង​នេះ អ្នកនាំពាក្យ​ម្នាក់​របស់លោក Subianto បាន​និយាយថា នឹង​ដាក់ពាក្យ​ប្តឹងទៅ​តុលាការ​ធម្មនុញ្ញ ប្រសិនបើ​គណៈកម្មការ​បោះឆ្នោត បញ្ជាក់​ពី​ជ័យជម្នះ របស់លោក​Widodo​នៅ​ថ្ងៃទី​២២​ខែ​ឧសភា​៕

ព័ត៌មានផ្សេងទៀត