ធនាគារជាតិ​ ចេញ​គោលនយោបាយ​​រូបិយវត្ថុ​៤​​ចំណុច​ ដើម្បី​រក្សា​​ស្ថិរភាព​ថ្លៃ​ និង​កំណើន​សេដ្ឋកិច្ច​​

19-05-2019 2:59 pm 490

​តាមរយៈ​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ គោលនយោបាយ​រូបិយវត្ថុ​លើក​ទី​៤៧ របស់ខ្លួន ក្នុង​គោលដៅ​បន្ត​រក្សាបាន​ស្ថិរភាព​ថ្លៃ និង​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព ធនាគារជាតិ​នៃ​កម្ពុជា តាមរយៈ​គណៈកម្មាធិកា​រគោល​នយោបាយ​រូបិយវត្ថុ បានសម្រេច​បន្ត​អនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​ចំនួន​៤​ចំណុច​៖

​ទី​១៖ បន្ត​ប្រកាន់យក​របប​អត្រា​ប្តូរប្រាក់​ដែលមាន​ស្ថិរភាព ដោយ​ធ្វើ​អន្តរាគមន៍​ចាំបាច់ ផ្អែកលើ​ការ​ប្រែប្រល​នៃ​សេដ្ឋកិច្ច ដើម្បី​បន្ត​ពង្រឹង​ជំនឿ​ទុកចិត្ត​របស់​សាធារណជន​មកលើ​ប្រាក់រៀល​។​ទី​២៖ រក្សា​ស្ថិរភាព​អត្រា​ការប្រាក់ LPCO និង​ផ្គត់ផ្គង់​បរិមាណ​សន្ទនីយ​ភាពជា​ប្រាក់រៀល​៨០០​ប៊ីលាន​រៀល​ក្នុង​១​ខែ ឬ​ទៅតាម​ការវាយតម្លៃ​លើ​តម្រូវការ​សេដ្ឋកិច្ច​។​ទី​៣៖ បន្ត​លើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល ឱ្យ​កាន់តែ​ទូលំទូលាយ តាមរយៈ​ការបង្កើន​ការយល់ដឹង របស់​សាធារណជន​ពី​សារៈសំខាន់ និង​តួនាទី​ប្រាក់រៀល​នៅក្នុង​សេដ្ឋកិច្ច និង​សង្គម និង​៤៖ បន្ត​តាមដាន និង​វាយតម្លៃ​ជាប្រចាំ​លើ​ការអនុវត្ត​តាម​ប្រកាស របស់​ធនាគារជាតិ​នៃ​កម្ពុជា​ស្តីពី ការតម្រូវ​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​មាន​ប្រាក់កម្ចី​យ៉ាងហោច​១០%​ជា​ប្រាក់រៀល​។​

​អង្គប្រជុំ​ក៏បាន​ពិភាក្សា​លើ​ស្ថានភាព​សេដ្ឋកិច្ច និង​ការអនុវត្ត​គោលនយោបាយ​រូបិយវត្ថុ នៅ​ត្រីមាស​ទី​១ និង​ទិសដៅ​នា​ត្រីមាស​ខាងមុខ​។ បើតាម​លោក​ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​បញ្ជាក់ថា នៅ​ត្រីមាស​ទី​១​ឆ្នាំ​២០១៩ សូចនាករ​ម៉ាក្រូសេដ្ឋកិច្ច​សំខាន់ៗ​បង្ហាញ​វឌ្ឍនភាព​ល្អ​។ អតិផរណា​មាន​កម្រិត​ទាប​ជា​មធ្យម​១,៩% អត្រា​ប្តូរប្រាក់​៤,០១៧​រៀល​ក្នុង​មួយ​ដុល្លារ​អាមេរិក ហើយ​ទុនបម្រុង​អន្តរជាតិ​ដុល្លារ​កើនឡើង ដែល​អាច​ធានា​ការនាំ​ចូល​ទំនិញ និង​សេវា​បាន​ប្រមាណ​៥​ខែ​នាគ្រា​បន្ទាប់​៕

ព័ត៌មានផ្សេងទៀត