អា​រ៉ាប៊ីសាអូឌីតនឹង​ឆ្លើយ​តប​គ្រប់កម្លាំង​ទាំងអ​ស់ ចំពោះ​ភាគី​ណា​ដែល​ចង់​បង្ក​សង្គ្រាម​

19-05-2019 1:03 pm 1941
  ស្តាប់
​រដ្ឋមន្ត្រី​ក្រសួងការបរទេសអា​រ៉ាប៊ីសាអូឌីត​លោកAdel al-Jubeir
ស្តាប់ជាសំឡេង

​រដ្ឋមន្ត្រី​ក្រសួងការបរទេស អា​រ៉ាប៊ីសាអូឌីត​លោក Adel al-Jubeir បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា អា​រ៉ាប៊ីសាអូឌីត​មិន​ចង់​ឲ្យមាន​សង្គ្រាម​កើតឡើង​នៅក្នុង​តំបន់​ទេ​។ អា​រ៉ាប៊ីសាអូឌីត​នឹងធ្វើ​អ្វីៗ ដើម្បី​រារាំង​កុំឲ្យ​មានសង្គ្រាម ប៉ុន្តែ​ទន្ទឹមនឹងនោះ ប្រសិនបើ​មាន​ភាគី​ណាមួយ ជ្រើសរើស​យក​ការធ្វើ​សង្គ្រាម​មុន នោះ​អា​រ៉ាប៊ីសាអូឌីតក៏​មិននៅ​ស្ងៀម​ដែរ នឹង​ប្រើប្រាស់​គ្រប់​កម្លាំង​ទាំងអស់​ដែលមាន ដើម្បី​ការពារ​ខ្លួន​និង​ការពារ​អត្ថប្រយោជន៍​របស់​អា​រ៉ាប៊ីសាអូឌីត​។​

ការ​ថ្លែង​របស់​ប្រមុខ​ការទូត នៃ​ប្រទេស​មហាសេដ្ឋី​ប្រេង​រូបនេះ ធ្វើឡើង​ក្រោយពី​មាន​យន្តហោះ​គ្មាន​មនុស្ស​បើក វាយប្រហារ​លើ​ស្ថាន​នី​យ៍​បូ​ប​ប្រេង​ចំនួន​២ របស់​អា​រ៉ាប៊ីសាអូឌីត​កាលពី​ថ្ងៃ​អង្គារ​។ ការវាយប្រហារ សំដៅ​ធ្វើឲ្យ​រំខាន​ដល់​ប្រតិបត្តិការផ​លិ​ត​ប្រេង​នេះ កើតឡើង​២​ថ្ងៃ​បន្ទាប់ពី​មាន​ការវាយប្រហារ លើ​នាវា​ដឹក​ប្រេង​ចំនួន​៤​គ្រឿង នៅក្នុង​ដែនទឹក​របស់​ប្រទេស​អា​មី​រ៉ាត់​អារ៉ាប់​រួម កាលពីដើម​សប្តាហ៍​នេះ​។ នាវា​៤​គ្រឿង​នោះ មាន​នាវា​អា​រ៉ាប៊ីសាអូឌីត​២​គ្រឿង​។​

​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​លើ​ស្ថានីយ៍​បូ​ប​ប្រេង ក្រុម​ឧទ្ទាម Houthi គាំទ្រ​ដោយ​អ៊ីរ៉ង់​នៅក្នុង​ជម្លោះ​ក្នុងប្រទេស​យេមែន បានប្រកាស​ទទួលខុស​ត្រូវ​។ ប៉ុន្តែ ចំពោះ​អ៊ីរ៉ង់​វិញ ចេញមក​បដិសេធថា មិនបាន​នៅ​ពីក្រោយ​ការវាយប្រហារ​ថ្មីៗ​នេះ​ទេ​។ ទោះ​អ៊ីរ៉ង់​ប្រកែក តែ​អាមេរិក​បានដាក់​ការសង្ស័យ លើ​អ៊ីរ៉ង់​ជា​អ្នក​នៅ​ពីក្រោយ តាមរយៈ​ការបង្គាប់បញ្ជា​ឲ្យ​ក្រុម​ឧទ្ទាម​Houthi ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​យេមែន បង្ក​ការអុកឡុក​រំខាន​។ អ៊ីរ៉ង់​បាន​រង​នូវ​ការដាក់ទណ្ឌកម្ម មិនឲ្យ​នាំ​ប្រេង​ចេញ ហើយ​អាមេរិក​បាន​ស្នើឲ្យ​ប្រទេស​មួយចំនួន នៅ​ក្នុងនោះ ក៏មាន​អា​រ៉ាប៊ីសាអូឌីត​ដែរ ឲ្យ​បង្កើន​ទិន្នផល​ប្រេង ផ្គត់ផ្គង់​លើ​ទីផ្សារ​ជំនួស​អ៊ីរ៉ង់​។ អ៊ីរ៉ង់​មិន​សប្បាយចិត្ត​ទេ ដែលជា​ប្រទេស​សម្បូរ​ប្រេង​មួយ​នឹង​គេ​ដែរ តែ​មិនអាច​នាំចេញ​ប្រេង​ដោយ​សេរី​បាន​។ 

​ឆ្លើយតប​នឹង​ស្ថានការណ៍​ចំពោះមុខ ព្រះមហាក្សត្រ​នៃ​ប្រទេស​អា​រ៉ាប៊ីសាអូឌីត Salman នៅ​ថ្ងៃអាទិត្យ បាន​អញ្ជើញ​មេដឹកនាំ​នៅ​តំបន់​ឈូង​សមុទ្រ និង​បណ្តា​ប្រទេស​អារ៉ាប់ ឲ្យ​កោះ​គ្នា​រៀបចំ​កិច្ចប្រជុំ​បន្ទាន់ នៅ​ទីក្រុង​Mecca នៅ​ថ្ងៃទី​៣០​ខែ​ឧសភា ដើម្បី​ពិភាក្សា​ពី​ការជាប់​ពាក់ព័ន្ធ​នៃ​ការវាយប្រហារ​នេះ​៕

ព័ត៌មានផ្សេងទៀត