ក្រសួងអប់រំ អបអរសាទរធុច សាលិក ដែលមានឱកាសទៅសិក្សានៅចិន

18-05-2019 1:36 pm 700

ក្រសួងអប់រំយុវជន និងកីឡា បានសម្ដែងការអបអរសាទរ ដល់កុមារាធុច សាលិក ដែលបានទៅសិ​ក្សានៅប្រទេសចិន បន្ទាប់ពីកុមារាកម្ពុជារូបនេះ មានសមត្ថភាពនិយាយភាសាបរទេស ជាច្រើនភាសា​។

ទំព័រហ្វេសប៊ុកហ្វេសប៊ុកផ្លូវការ របស់ក្រសួងអប់រំយុវជនកម្ពុជា បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ថា កុមារា​កម្ពុជា​ម្នាក់​ ដែល​មាន​ភាព​ល្បីល្បាញ​យ៉ាង​ខ្លាំង នៅ​លើ​បណ្ដាញ​​សង្គម កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ កន្លងទៅ ដោយ​សារ​សមត្ថភាព ​និយាយ​ភាសា​បរទេស​ជា​ច្រើន​ភាសា​នោះ ទី​បំផុត​ទទួល ​បាន​ឱកាស​ចូល​រៀន​ នៅ​សាលា​ឯកជន​មួយ​កន្លែង ​ក្នុង​ខេត្ត Zhejiang ភាគ​ខាង​កើត​នៃ​​សាធារ​ណរដ្ឋ​ប្រជាមានិត​ចិន ព្រមទាំង​មាន​បំណង​ប្រាថ្នា ​ចង់​បន្ត​ការ​សិក្សា ​នៅ​សាកលវិទ្យាល័យ​ដ៏​ល្បី​មួយ នៅ​រដ្ឋធានីប៉េកាំងថែមទៀតផង។

ក្រសួងអប់រំយុវជន និងកីឡា បានបន្ត ថា កុមារាធុច សាលិក ដែល​មាន​វ័យ​១៤ឆ្នាំ ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ ដោយ​ការ​សម្ដែង​រាំ-ច្រៀង របស់​សិស្សានុសិស្ស​មក​ពី​សាលា Zhejiang Hailiang Foreign Language School ខណៈ​ដែល កុមា​រា​រូប​នេះ ធ្វើ​ដំណើរ​ទៅ​​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Pudong ក្នុង​ទី​ក្រុង Shanghai កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅនេះ។

សូមជម្រាប ថា ក្រុមហ៊ុន Hailiang Group ជាក្រុមហ៊ុន​ផលិត​នូវ​ផលិត​ផល​ធ្វើ​ពី​ទង់ដែង ក្នុង​ទីក្រុង Zhuji និង​ជា​ម្ចាស់​សាលារៀន​ខាង​លើ​ បាន​លើក​ឡើង​ថា ខ្លួន​នឹង​ឧបត្ថម្ភ​ដល់​ការ​សិក្សា​របស់​កុមារា សាលិក និង​ចេញ​​ថ្លៃ​​ពាក់​កណ្ដាល​នៃ​ការ​ចំណាយ ​ក្នុង​ការ​រស់​​នៅ​របស់​កុមារ​រូប​នេះ ​ក្នុង​ពេល​សិក្សា​នៅ​សាកល​វិទ្យាល័យ និង​ក្រោយ​បញ្ចប់​ការ​សិក្សា​ផង​ដែរ ប្រសិន​បើ​​សាលិក មាន​បំណង​​ចង់​បន្ត​ការ​សិក្សា​៕

 ពាក្យគន្លឹះ  ក្រសួងអប់រំធុច សាលិក

ព័ត៌មានផ្សេងទៀត