កំពុង​​ដំឡើង​​ពន្ធ​​លើ​ទំនិញ​ចិន​​តែ​អាមេរិក​​ប្រកាស​​ដក​ពន្ធ​​ពី​កាណាដា​​និង​ម៉ិក​ស៊ិក​

18-05-2019 11:49 am 478
ពីឆ្វេង ទង់ជាតិម៉ិកស៊ិក កាណាដា អាមេរិក

​រដ្ឋាភិបាល​អាមេរិក​បាន​និយាយថា បាន​ឈានដល់​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ដក​ពន្ធ​លើ​ការ​នាំចូល​ដែកថែប​និង​អាលុយមីញ៉ូម ពី​ប្រទេស​ម៉ិក​ស៊ិ​កនិងប្រទេស​កាណាដា​។ ដើម្បី​ការពារ​ក្រុមហ៊ុន​របស់​អាមេរិក រដ្ឋបាល​លោក​ត្រាំ​កាលពី​ឆ្នាំមុន​បានកំណត់​ពន្ធ​ខ្ពស់​លើ​ទំនិញ​នាំចូល​ពី​ប្រទេស​មួយចំនួន ជាក់ស្ដែង​មាន​លោហៈធាតុ​ជាដើម​។ ប៉ុន្ដែ​កាលពី​ថ្ងៃ​សុក្រ​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​របស់​អាមេរិក បានប្រកាស​ពី​កិច្ចព្រមព្រៀង​ដក​ការដំឡើង​ពន្ធ ដែល​បាន​ឯកភាព​ជាមួយ​ប្រទេស​កាណាដា​និង​ម៉ិក​ស៊ិក​។ ប្រទេស​ទាំងពីរ​ក៏​នឹង​ដកចេញ​ការដំឡើង​ពន្ធ​លើ​ទំនិញ​អាមេរិក ដែល​ពួកគេ​បាន​សងសឹក​ផងដែរ​។​

​ជំហាន​ថ្មី​នេះ​បាន​នាំឲ្យ​រដ្ឋាភិបាល​អាមេរិក ខិត​កាន់តែ​ជិត​ការអនុម័ត​ក្នុង​សភា សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​ជាមួយ​ប្រទេស​កាណាដា​និង​ម៉ិក​ស៊ិក បាន​ចុះហត្ថលេខា​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន​ហើយ​។ សមាជិកសភា​ភាគច្រើន​បាន​និយាយថា រដ្ឋបាល​លោក​ដូណាល់ ត្រាំ​ជាដំបូង គួរតែ​ដោះស្រាយ​ជម្លោះ​របស់ខ្លួន​ជាមួយ​ប្រទេស​ទាំងពីរ​ទាក់ទង​នឹង​ពន្ធ​នាំចូល​នេះ​។ លោក​ត្រាំ​ក៏បាន​គាំទ្រ​កិច្ចព្រមព្រៀង​នៅក្នុង​សុន្ទរកថា​មួយ ដោយ​លោក​និយាយថា​នឹង​ជួយ​ពង្រីក​សេដ្ឋកិច្ច​អាមេរិក​បន្ថែមទៀត​។ 

​ការប្រមូល​ពន្ធ​ក្នុង​កម្រិត​ខ្ពស់​លើ​ដែក​ថែម​និង​អាលុយមីញ៉ូម នៅតែ​ដាក់​លើ​ប្រទេស​ជាច្រើន​ទៀត​ដដែល ក្នុងនោះ​មាន​ជប៉ុន​និង​ប្រទេស​ចិន​ជាដើម​។ បច្ចុប្បន្ន អាមេរិក​ក៏​កំពុង​ប្រឈម​បញ្ហា​ធំ​មួយ​ជាមួយ​ចិន គឺ​ភាពជាប់គាំង​នៃ​ជម្លោះ​ពាណិជ្ជកម្ម​ដែល​ពុំទាន់​មាន​ដំណោះស្រាយ​។ អាមេរិក​និង​ចិន​បានប្រកាស​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ទៅវិញទៅមក​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​៕

ព័ត៌មានផ្សេងទៀត