ក្រសួងការបរទេសអាមេរិក តាមរយៈសេចក្តីថ្លែងការណ៍ចុះផ្សាយកាលពីម្សិលមិញ បានស្នើឱ្យមានការស៊ើបអង្កេត លើករណីស្លាប់អតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិ លោក ទិត្យ រ៉ន នៅក្នុងពន្ធនាគារ ខេត្តកំពង់ចាម កាលពីថ្ងៃទី១៨ មេសា ។ ក្រសួងការបរទេសអាមេរិក ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា ដកចេញនូវការរឹតត្បិតខាងនយោបាយ និងដោះលេង លោក កឹម សុខា និងសកម្មជនជាច្រើនផ្សេងទៀត ...
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានអំពាវនាវឱ្យមានការស៊ើបអង្កេតដោយឯករាជ្យ និងជាបន្ទាន់ ទាក់ទងនឹងការចាប់ខ្លួន និងឃុំឃាំងដោយប៉ូលីស នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅលើលោក ទិត្យ រ៉ន អាយុ៣៧ឆ្នាំ អតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ដែលបានស្លាប់ កាលពីថ្ងៃទី១៨ មេសា ។
ក្នុងសេចក្តីថ្លែងការណ៍ផ្សាយនៅថ្ងៃទី១៧ ឧសភា បញ្ជាក់ថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បង្ហាញក្តីកង្វល់ និងសោកស្តាយ ទាក់ទងនឹងវិធានការរបស់រដ្ឋាភិបាលកម្ពុជា ប្រឆាំងនឹងអតីតមន្ត្រីអតីតគណបក្សសង្គ្រោះជាតិចំនួនជាង៦៥រូប ។
ក្រសួងការបរទេសសហរដ្ឋអាមេរិក អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា ដកចេញនូវការរឹតត្បិតខាងនយោបាយ និងដោះលែងលោក កឹម សុខា និងសកម្មជនជាច្រើនទៀត រួមទាំងអ្នកដែលត្រូវបានចាប់ខ្លួនថ្មីៗ ហើយស្តាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ សេរីពហុបក្សឡើងវិញ ព្រមទាំងគោរពច្បាប់អន្តរជាតិ ស្តីពីសិទ្ធិមនុស្ស ។
គូសបញ្ជាក់ថា លោក ទិត្យ រ៉ន អតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ចាប់ខ្លួនកាលពីថ្ងៃទី១៥ មេសា ហើយនៅថ្ងៃទី១៨ មេសា មន្ត្រីពន្ធនាគារបានរាយការណ៍ថា លោកបានស្លាប់នៅពន្ធនាគារ ។
កាលពីថ្ងៃទី១ ឧសភា លោក សម រង្ស៊ី បានចាត់ទុកការស្លាប់របស់លោក ទិត្យ រ៉ន គឺជាអំពើឃាតកម្មនយោបាយថ្មីមួយទៀតនៅកម្ពុជា ។ លោកបានចោទប្រកាន់អាជ្ញាធរខេត្តកំពង់ចាមត្រង់ៗថា ជនរងគ្រោះបានស្លាប់ ដោយត្រូវនគរបាលធ្វើឃាត នៅថ្ងៃទី១៨ មេសា ក្នុងពន្ធនាគារវត្តឃ្មួង ។
ទោះយ៉ាងណា នៅថ្ងៃដដែល លោក ហួត វុទ្ធី ព្រះរាជអាជ្ញាខេត្តកំពង់ចាម បានចេញមកច្រានចោលនូវការចោទប្រកាន់ថា អាជ្ញាធរបានធ្វើទារុណកម្មលោក ទិត្យ រ៉ន រហូតស្លាប់បាត់បង់ជីវិត ។ លោកអះអាងថា ឆ្លងតាមការស្រាវជ្រាវនិងស៊ើបអង្កេត លោក ទិត្យ រ៉ន ស្លាប់ដោយសារដួលបោកក្បាល ទៅនឹងជ្រុងអាងទឹក ក្នុងបន្ទប់ឃុំខ្លួនបណ្តោះអាសន្ន ដោយសារតែលោក ញ័រដៃ ញ័រជើងខ្លាំង ដូចជាមនុស្សញៀនស្រា ៕