អូស្ដ្រាលី​​ចាប់ផ្ដើម​​ការបោះឆ្នោត​​ថ្នាក់ជាតិ​​ខណៈ​បក្សប្រឆាំង​​រំពឹង​នឹង​ឈ្នះ​

18-05-2019 10:01 am 581
  ស្តាប់
រូបភាពប្រជាជនអូស្ដ្រាលីបោះឆ្នោត
ស្តាប់ជាសំឡេង

​អូស្ដ្រាលី​បានចាប់ផ្ដើម​ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ដ្រី​ថ្មី នៅ​ថ្ងៃទី​១៨​ខែឧសភា​ឆ្នាំ​២០១៩​នេះហើយ​។ ស្ថានីយបោះឆ្នោត​ជាង​៧​ពាន់​កន្លែង ចាប់ផ្ដើម​បើកទ្វារ​នៅ​ម៉ោង​៨​ព្រឹក​ម៉ោង​ក្នុង​តំបន់​និង​បិទ​វិញ​នៅ​ម៉ោង​៦​ល្ងាច​។ ប្រជាជន​អូស្ដ្រាលី​ដែល​អាច​ចូលរួម​ការបោះឆ្នោត​ក្នុង​ឆ្នាំ​២០១៩​នេះ មាន​ចំនួន​ប្រមាណ​១៧​លាន​នាក់​។ អូស្ដ្រាលី​បានរៀបចំ​ការបោះឆ្នោត​ថ្នាក់ជាតិ​រៀងរាល់​បី​ឆ្នាំ​ម្ដង ប៉ុន្ដែ​គ្មាននាយករដ្ឋមន្ដ្រីរូប​ណា​អាច​កាន់តំណែង​បាន​ពេញ​មួយ​អាណត្ដិ​ឡើយ ចាប់តាំងពី​ឆ្នាំ​២០០៧​មក​។ 

​ក្នុង​ការបោះឆ្នោត​លើក​នេះ​នាយករដ្ឋមន្ដ្រី​អូស្ដ្រាលី​បច្ចុប្បន្ន និង​ជា​មេដឹកនាំ​គណបក្ស​សម្ព័ន្ធ​សេរីនិយម​ជាតិ លោក​Scott Morrison កំពុង​ប្រជែង​ជាមួយ​ដៃគូ​ដ៏​ខ្លាំង​មួយរូប​គឺ​លោក​Bill Shorten ជា​មេដឹកនាំ​គណបក្ស​ពលករ​ជា​បក្សប្រឆាំង​។ តាម​ការព្យាករណ៍​គេ​រំពឹងថា​លោក​Shorten​នឹង​ឈ្នះ​ការបោះឆ្នោត ដោយសារតែ​លោក​បាន​ជ្រើស​យក​បញ្ហា​ប្រែប្រួល​អាកាសធាតុ និង​ការធ្វើ​កំណែទម្រង់ពន្ធ​ជា​របៀបវារៈ​កំពូល​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​។ បញ្ហា​ទាំងពីរ​នេះ​កំពុង​ក្លាយជា​ការព្រួយបារម្ភ​ខ្លាំង និង​មាន​ការចាប់អារម្មណ៍​ពី​ប្រជាជន​អូស្ដ្រាលី​ពិសេស​គឺ​យុវជន​។​

​ចំណែក​លោក​Morrison​បាន​ជ្រើស​យក​ការគ្រប់គ្រង​សេដ្ឋកិច្ច ជា​របៀបវារៈ​សំខាន់​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់លោក​។ សម្រាប់​ការស្ទង់មតិ​បង្ហាញថា បញ្ហា​សេដ្ឋកិច្ច តម្លៃ​នៃ​ការរស់នៅ បញ្ហា​បរិស្ថាន និង​បញ្ហា​សុខភាព គឺជា​ការព្រួយបារម្ភ​ស្នូល​របស់​អ្នកបោះឆ្នោត​។ ប៉ុន្ដែ​យុវជន​អូស្ដ្រាលី​សម្ដែង​ការមិនពេញចិត្ដ​ខ្លាំង ពី​ការប្រែប្រួល​អាកាសធាតុ​និង​កង្វះខាត​លំនៅស្ថាន​តម្លៃ​សមរម្យ​។ ការស្ទង់មតិ​បង្ហាញ​ដែរថា គណបក្ស​ពលករ​របស់លោក​Shorten​មាន​ការពេញចិត្ដ​ពី​ប្រជាជន​រហូតដល់​៥១.៥​ភាគរយ ខណៈដែល​គណបក្សកាន់អំណាច​សម្ព័ន្ធ​សេរីនិយម​ជាតិ ទទួលបាន​ការពេញចិត្ដ​តែ​៤៨.៥​ភាគរយ​ប៉ុណ្ណោះ​។​

​គួរ​បញ្ជាក់ថា ក្រោយ​បញ្ចប់​ការបោះឆ្នោត​ការរាប់​សន្លឹកឆ្នោត​នឹង​ចាប់ផ្ដើម ហើយ​លទ្ធផល​នឹង​ប្រកាស​នៅពេល​បន្ទាប់​នោះ​។ អ្វីដែល​កត់សម្គាល់​មួយទៀត​ដោយសារតែ​វា​ជា​កាតព្វកិច្ច ដូច្នេះ​អ្នក​ដែល​មានឈ្មោះ​ហើយ​មិន​ទៅ​ចូលរួម​បោះឆ្នោត នឹងត្រូវ​ពិន័យ​ជា​ប្រាក់​២០​ដុល្លារ​អូស្ដ្រាលី​ស្មើនឹង​១៤​ដុល្លារ​អាមេរិក​៕

ព័ត៌មានផ្សេងទៀត