នគរបាលជាតិ​៖ GCG ASIA ជា​ក្រុមហ៊ុន​ឆបោក​លក្ខណៈ​អន្តរជាតិ​

18-05-2019 10:01 am 675
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ឲ្យដឹងថា ក្រុមហ៊ុន GCG ASIA ដែល​បាន​យកឈ្មោះ និង​រូប​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន និង​ឈ្មោះ​ធនាគារ​ជាតិ​កម្ពុជា ទៅ​បង្ហោះ​ខុសច្បាប់ គឺជា​ក្រុមហ៊ុន​ឆបោក​លក្ខណៈ​អន្ដរជាតិ ហើយ​ប្រទេស​ជាច្រើន នៅ​តំបន់​អាស៊ី បាន​រងគ្រោះ​ដោយសារ​ក្រុមហ៊ុន​នេះ​រួចហើយ​។

​ក្រោយ​ទទួល​គោលការណ៍​ពី​ប្រមុខ​រដ្ឋាភិបាល និង​បន្ទាប់​ពី​កម្លាំង​ជំនាញ នៃ​អគ្គស្នងការដ្ឋាន​គ​របាល​ជាតិ បាន​បើក​កិច្ចប្រជុំ​បន្ទាន់​ជាមួយ អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា ដើម្បី​ឈាន​ទៅរក​ការបន្ត​នីតិវិធី​តាម​ផ្លូវច្បាប់ ចំពោះ​ក្រុមហ៊ុន​ដែល​បាន​យកឈ្មោះ និង​រូប​នាយករដ្ឋមន្ត្រី​កម្ពុជា បង្ហោះ​លើ​វេបសាយ​ដោយ​ខុសច្បាប់ នៅ​ទីបំផុត​សមត្ថកិច្ច​បាន​សម្រេច​ចុះ​បិទ​ទីតាំង​ក្រុមហ៊ុន​ខាងលើ និង​បាន​ឃាត់ខ្លួន​ប្រធាន​ក្រុមហ៊ុន​ប្តី​ប្រពន្ធ​២​នាក់ នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា​នេះ​។​ ​ក្រុមហ៊ុន​ខាងលើនេះ មានឈ្មោះ GCG ASIA CO.,LTD មាន​ទីតាំង​ស្ថិតនៅ​ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

លោក​នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ក្រុមហ៊ុន GCG ASIA​នេះ ជា​ក្រុមហ៊ុន​ឆបោក​លក្ខណៈ​អន្ដរជាតិ ហើយ​ប្រទេស​ជាច្រើន នៅ​តំបន់​អាស៊ី បាន​រងគ្រោះ ដោយសារ​ក្រុមហ៊ុន​នេះ​រួច​ហើយ​។​

​លោក​បាន​បញ្ជាក់​ផងដែរ​ថា ក្រោយ​កម្លាំង​នគរបាល​ជំនាញ ជួបប្រជុំ​ជាមួយ​មន្ដ្រី​ធនាគារជាតិ​បាន​រកឃើញថា ក្រុមហ៊ុន​មួយ​នេះ មិន​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ជា​មួយ​ធនាគារជាតិ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នោះឡើយ ហើយ​ពីមុន​ក្រុមហ៊ុន​នេះ ធ្លាប់​រកស៊ី​បោកប្រាស​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី​ជាដើម ហើយ​ត្រូវបាន​អាជ្ញាធរ​ប្រទេស​ទាំងនោះ​ដឹង ហើយក៏​បាន​រត់​ចេញ​មក​បោះ​មូលដ្ឋាន​នៅ​កម្ពុជា​។​

លោក​នេត សាវឿន បន្តថា ពលរដ្ឋ​ខ្មែរ នៅ​មិនទាន់​ចាញ់បោក​ក្រុមហ៊ុន​នេះ នៅឡើយ​ទេ មាន​ភាគច្រើន​តែ​ជនជាតិ​ចិន ព្រោះ​ក្រុមហ៊ុន​នេះ​ដាក់លក់​តែ​នៅ ក្រៅ​ប្រទេស​ប៉ុណ្ណោះ ប៉ុន្តែ​មាន​ស្នាក់ការ​នៅ​កម្ពុជា​។​
​នៅ​ក្នុង​ប្រតិបត្តិការ​ចុះ​ឆែកឆេរ សមត្ថកិច្ច​ក៏​បាន​ឈានទៅដល់​ការបិទ​ក្រុមហ៊ុន​ជា​បណ្ដោះអាសន្ន ហើយ​ឈាន​ទៅដល់​ការឃាត់ខ្លួន ប្រធាន​ក្រុមហ៊ុន​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ យក​ទៅ​សួរនាំ​ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។​

​វិទ្យុ​វាយោ​បាន​ព្យាយាម​ទាក់ទង​ទៅ​កាន់​លោក​ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​សុំ​ការបញ្ជាក់​បន្ថែម​លើ​បញ្ហា​នេះ ខ​ល​ចូល​ប៉ុន្តែ​ពុំ​មាន​អ្នកទទួល​។​

​សូមបញ្ជាក់​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា បាន​ចេញ​មក​ប្រកាស​អំពី​ដំណឹង​សន្តិសុខ​ជាតិ​បន្ទាន់​មួយ ពាក់ព័ន្ធ​ក្រុមហ៊ុន​មួយ​ឈ្មោះ GCG Asia Co., LTD បាន​យក​រូបថត និង​ឈ្មោះ​លោក ទៅ​បង្ហោះ​នូវលើ Website របស់ខ្លួន ដោយ​បាន​អះអាង​ថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នឹង​ចូលរួម​សម្ពោធ​ក្រុមហ៊ុន​នេះ នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៩​ខាងមុខនេះ​។ លើសពីនេះ ក្រុមហ៊ុន​បាន​យកឈ្មោះ ធនាគារ​ជាតិ​កម្ពុជា និង​ធនាគារ​ចិន​ថា ជា​ដៃគូ​ទទួលខុសត្រូវ​ក្នុង​ជំនួញ​ជួញដូរ Crypto Currency ប៉ុន្តែ​ក្រុមហ៊ុន​នេះ ត្រូវបាន​ស្ថានទូត​ឥណ្ឌូណេស៊ី បញ្ជាក់ថា ជា​ក្រុមហ៊ុន​រកស៊ី​មិនត្រូវ និង​ដាក់​ក្នុង​បញ្ជីខ្មៅ​ទៅហើយ​។​

​ប្រមុខ​រដ្ឋាភិបាល បាន​បដិសេធ​ព័ត៌មាន​ដែល​ផ្សាយ ក្នុង​វេបសាយ​របស់​ក្រុមហ៊ុន​ខាងលើ​នេះ​គឺ​មិន​ពិត​ទេ និង​ស្នើ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ពិនិត្យ​តាមដាន និង​ស្រាវជ្រាវ​រក​មុខ​ជនខិលខូច យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន​ជាបន្ទាន់​។​

​គួររម្លឹកថា ធនាគារជាតិ​នៃ​កម្ពុជា គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ កាលពី​ថ្ងៃ​ទី​១១ ខែ​ឧសភា បានចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​មួយ ស្តីពី​ការផ្សព្វផ្សាយ និង​ចរាចរ ការវិនិយោគ​តាម​ប្រព័ន្ធ​អ៊ី​ធើ​ណែ​ត​ខុសច្បាប់​។​

​សេចក្តីថ្លែងការណ៍​បានឲ្យដឹងថា ថ្មី​នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​សង្កេតឃើញថា មាន​ការផ្សព្វផ្សាយ​ចរាចរ ទិញ លក់ ជួញដូរ ទូទាត់ កាស​អេឡិចត្រូនិច ដូចជា KH Coin, Suncoin, Kcoin, One-Coin, Forex Coin និង​កាស​អេឡិចត្រូនិច​ប្រហាក់ប្រហែល យ៉ាង​សកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​។​

​អាជ្ញាធរ​សូមបញ្ជាក់ថា ការផ្សព្វផ្សាយ ចរាចរ ទិញ លក់ ជួញដូរ កាស​អេឡិចត្រូនិច ដោយ​មិន​មាន​អាជ្ញាប័ណ្ណ ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច គឺជា​សកម្មភាព​ខុសច្បាប់ និង​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​សាធារណជន និង​សង្គម​ទាំងមូល​ដូចជា​៖

-​    ​ចេញ​ផ្សាយ​ដោយ​ពុំ​មាន​វត្ថុ​ធានា​សង​ត្រលប់​មកវិញ​នោះឡើយ​

-​    ​ទទួលរង​ការខាតបង់​លើ​ការវិនិយោគ ដោយសារ​តែ​តម្លៃ​ចារឹក​របស់​កាស​អេឡិចត្រូវនិក​ប្រែប្រួល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​

-​    ​ប្រឈម​នឹង​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា និង​ធ្វើឲ្យ​បាត់បង់​មូលនិធិ ដោយសារ​ការ​ចូល​ទៅក្នុង​ប្រព័ន្ធ​

-​    ​ពុំមាន​យន្តការ​ការពារ​ផលប្រយោជន៍​អតិថិជន អ្នកប្រើប្រាស់​កាស​អេឡិចត្រូនិក ជា​ជនអនាមិក ពុំ​មាន​ការ​សម្គាល់​អត្ត​សញ្ញាណ ឬ​សាវតា​របស់​អ្នកប្រើប្រាស់​បានច្បាស់លាស់ គឺជា​ហានិភ័យ​ក្នុង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។​

​សេចក្តីថ្លែងការណ៍ បាន​អំពាវនាវ​ឲ្យ​សាធារណ​ជន​ទាំង​អស់​ប្រុងប្រយ័ត្ន ចំពោះ​ការផ្សព្វផ្សាយ​កៀរគរ​ប្រមូល​មូលនិធិ និង​ធ្វើ​ប្រតិបត្តិការ ជួញដូរ កាស​អេឡិចត្រូនិក ដែល​មិន​មាន​អាជ្ញាប័ណ្ណ​ពី​អាជ្ញាធរ​។ ជន​ដែល​ប្រព្រឹត្ត​ខុស​លើ​បញ្ហា​នេះ នឹង​ត្រូវ​ប្រឈម​មុខ​ច្បាប់​ជា​ធរមាន​៕

ព័ត៌មានផ្សេងទៀត