កម្ពុជា​ទទួល​ជំនួយ​ជិត​$៦៦​លាន​ពី​អាល្លឺម៉ង់​អនុវត្ត​លើ​គម្រោង​សំខាន់ៗ​បី​

18-05-2019 9:48 am 480

​រដ្ឋាភិបាល​អាល្លឺម៉ង់ បាន​សម្រេច​ផ្តល់​ជំនួយ​ជា​ទឹកប្រាក់​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ចំនួន​ជិត​៦៦​លាន​ដុល្លារ​អាមេរិក ដើម្បី​អនុវត្ត​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​ប្រទេស​កម្ពុជា ។ គម្រោង​នេះ មាន​រយៈពេល​២​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២០...

​ប្រទេស​អាល្លឺម៉ង់​បាន​សម្រេច​ផ្តល់​ហិរញ្ញប្បទាន​ក្នុង​ទំហំ​ទឹកប្រាក់ ៥៨,៦៤៨.៦ លាន​អឺរ៉ូ ឬ​ស្មើនឹង​ប្រមាណ ជិត​៦៦​លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា ដើម្បី​អភិវឌ្ឍ​វិស័យ​អាទិភាព​ចំនួន​បី រួមមាន វិស័យ​អភិបាលកិច្ច​, សន្តិសុខ និង​វិស័យ​អភិវឌ្ឍន៍ជនបទ រយៈពេល​ពីរ​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២០ ។ 

​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​១៥ ឧសភា បានឱ្យដឹងថា ការគោរព​សិទ្ធិមនុស្ស​, សិទ្ធិ​ក្នុង​សង្គម និង​សិទ្ធិ​ចូលរួម​នយោបាយ គឺជា​មូលដ្ឋាន​គ្រឹះ​របស់​កិច្ចសហប្រតិបត្តិការ​អាល្លឺម៉ង់ ។​

​លោក Norbert Barthle សមាជិក​សភា​សហព័ន្ធ​អាល្លឺម៉ង់ បាន​ថ្លែង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា មិត្តភាព​កម្ពុជា​និង​អាល្លឺម៉ង់ នៅ​តែ​ឈរ​រឹងមាំ ហើយ​ការលុបបំបាត់​ភាពក្រីក្រ និង​ការកើនឡើង​នៃ​វិបុល​សុខ​សម្រាប់​ទាំងអស់គ្នា ជា​គោលដៅ​រួម​របស់​យើង ។ 

​លោក​រដ្ឋលេខាធិការ​ក្រសួង​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​រូបនេះ បាន​សង្កត់ធ្ងន់ថា ប្រសិនបើ​លំហ​នយោបាយ និង​សង្គម ពិតជា​ត្រូវបាន​បើកចំហ កម្ពុជា​នឹង​អាច​គេចផុត​ពី​ការបាត់បង់​នូវ​ក្រប​ខណ្ឌ​គាំពារ​ពិសេស​ផ្នែក​ពាណិជ្ជកម្ម ។ 

​លោក​បញ្ជាក់ថា ច្បាប់​ជាតិ និង​ការអនុវត្ត​ជាក់ស្តែង ត្រូវតែ​ស្រប​តាម​កាតព្វកិច្ច​សិទ្ធិមនុស្ស​អន្តរជាតិ ដូច​ជា​សេរីភាព​នៃ​ការបញ្ចេញមតិ និង​សេរីភាព​ការជួបជុំ និង​ប្រមូលផ្តុំ ហើយ​លោក​ជឿថា វា​មិន​ពិបាក​នឹង​សម្រេច​ទេ ។​

​គូសបញ្ជាក់ថា ក្នុងចំណោម​ទឹកប្រាក់​ចំនួន​ជិត​៦៦​លាន​ដុល្លារ​អាមេរិក មាន​ឥណទាន​ជា​កម្ចី​សម្រាប់​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ៣០​លាន​អឺរ៉ូ ស្មើនឹង​ជិត​៣៤​លាន​ដុល្លារ​អាមេរិក និង​២៨,៦​លាន​អឺរ៉ូ ប្រមាណ​ជាង​៣២​លាន​ដុល្លារ​អាមេរិក ជា​ជំនួយ​ឥត​សំណង សម្រាប់​អភិវឌ្ឍ​វិស័យ​អាហារូបត្ថម្ភ និង​ប្រព័ន្ធ​គណនេយ្យភាព​សង្គម សុខភាព​សាធារណៈ និង​អភិវឌ្ឍន៍​ជនបទ ៕

ព័ត៌មានផ្សេងទៀត