អាមេរិក​​​​លក់​ប្រព័ន្ធការពារ​​មី​ស៊ី​ល​​​ឲ្យ​កូរ៉េខាងត្បូង​​និង​ជប៉ុន​​តម្លៃ​ជាង​​៦០០​លាន​

18-05-2019 8:53 am 2339
  ស្តាប់
រូបភាពធ្វើតេស្ដប្រព័ន្ធការពារមីស៊ីល​SM-2​
ស្តាប់ជាសំឡេង

​សហរដ្ឋអាមេរិក​បានឲ្យដឹងកា​លពី​ថ្ងៃ​សុក្រ​ថា ខ្លួន​បានសម្រេច​លក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​តម្លៃ​ជាង​៦០០​លាន​ដុល្លារ ទៅឲ្យ​ប្រទេស​កូរ៉េខាងត្បូង​និង​ប្រទេស​ជប៉ុន ស្របពេល​ភាព​តានតឹង​ជាមួយ​កូរ៉េខាងជើង​ចាប់ផ្ដើម​ជាថ្មី​។ ក្រសួងការបរទេស​បាន​បញ្ជាក់ថា មី​ស៊ី​ល​ប្រភេទ​SM-2​ចំនួន​៩៤​គ្រាប់ មាន​មូលដ្ឋាន​បាញ់​ចេញពី​នាវា​ប្រឆាំង​ការគំរាមកំហែង​ដែន​អាកាស រួមជាមួយ​ប្រព័ន្ធ​មី​ស៊ី​ល​នាំ​ផ្លូវ​ចំនួន​១២​គ្រាប់​ទៀត ត្រូវបាន​សម្រេច​លក់​ឲ្យ​កូរ៉េខាងត្បូង​ក្នុងតម្លៃ​សរុប​៣១៣.៩​លាន​ដុល្លារ​អាមេរិក​។​

​ដោយឡែក​មី​ស៊ី​ល​ប្រឆាំង​ដែន​អាកាស​AMRAAM១៦០​គ្រាប់ រួមទាំង​សម្ភារ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត សម្រេច​លក់​ទៅឲ្យ​ប្រទេស​ជប៉ុន​ក្នុងតម្លៃ​៣១៧​លាន​ដុល្លារ​អាមេរិក​។ ក្រសួង​បញ្ជាក់បន្ថែម​ក្នុង​សេចក្ដីថ្លែងការណ៍​ថា ការលក់​នេះ​នឹង​គាំទ្រ​ដល់​គោលនយោបាយ​ការបរទេស និង​គោលដៅ​សន្ដិសុខ​ជាតិ​របស់​អាមេរិក តាមរយៈ​ការគាំទ្រ​ដល់​ប្រទេស​សម្ព័ន្ធមិត្ដ​សំខាន់ៗ​។ វា​នឹងមិន​ធ្វើឲ្យ​ប្រែប្រួល​នូវ​តុល្យភាព​យោធា​ជា​មូលដ្ឋាន​នៅក្នុង​តំបន់​ឡើយ​។ 

​កូរ៉េខាងជើង​កាលពី​សប្ដាហ៍​មុន​បានធ្វើតេ​ស្ដមី​ស៊ីល ដែល​កូរ៉េខាងត្បូង​ចាត់ទុកជា​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ចំនួន​២​គ្រាប់ ជាការ​ធ្វើតេស្ដ​លើក​ទី​ពីរ​ក្នុងពេល​មិន​ដល់​មួយ​សប្ដាហ៍​ផង​។ វា​កើតឡើង​ចន្លោះពេល​ដែល​កិច្ចចរចា​ស្ដីពី​ការរំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង រវាង​សហរដ្ឋអាមេរិក​និង​កូរ៉េខាងជើង​នៅ​ទ្រឹង​មួយកន្លែង​។ កិច្ចចរចា​លើក​ទី​ពីរ​រវាង​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក ជាមួយ​លោក​គីម ជុង​អ៊ុន​មេដឹកនាំ​កូរ៉េខាងជើង ប្រព្រឹត្ដ​ទៅក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃទី​២៧-២៨​កុម្ភៈ បិទ​បញ្ចប់​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ឡើយ ដោយសារ​អាមេរិក​មិន​ព្រម​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​។ 

​ចំពោះ​ការធ្វើ​តេស្ដ​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ទាំងពីរ​លើក​ថ្មីៗ​នេះ ទោះបី​កូរ៉េខាងជើង​អះអាង​ជា​ការហ្វឹកហាត់​របស់​យោធា​អនុលោម​យុទ្ធសាស្ដ្រ​ការពារ​ខ្លួន ហើយ​លោក​ត្រាំ​មិន​ចាត់ទុកជា​ការគំរាមកំហែង​ដល់​ការជឿ​ទុកចិត្ដ​គ្នា​ក៏ដោយ វា​បានធ្វើឲ្យ​ប្រទេស​ក្បែ​រខាងដូចជា​កូរ៉េខាងត្បូ​ង​និង​ជប៉ុន​ព្រួយបារម្ភ​សារជាថ្មី​។ ព្រួយបារម្ភ​ខ្លាច​កូរ៉េខាងជើង​វិល​ទៅ​ចាប់ផ្ដើម​កម្មវិធី​នុយក្លេអ៊ែរ​ឡើងវិញ ព្រោះ​កន្លងមក​លោក​គីម​ធ្លាប់​ព្រមាន​ថា បើ​ស្ថានការណ៍​មិន​ស្រួល​ទេ​លោក​នឹង​វិល​ទៅ​ដើរ​តាម​គន្លង​ចាស់​របស់លោក​៕

ព័ត៌មានផ្សេងទៀត