ស្ថានទូត​ចិន​៖ វីដេអូ​គំរាម​បង្ក​អសន្តិសុខ​នៅ​ព្រះសីហនុ ជាការ​លេងសើច​

18-05-2019 8:37 am 1863
  ស្តាប់
ស្តាប់ជាសំឡេង

​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​ប្រកាស​តាម​រយៈ​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​ខ្លួន កាលពី​ល្ងាច​ថ្ងៃទី​១៧ ឧសភា​ថា វីដេអូ​គំរាម​បង្ក​ព្យុះ ភ្លៀង នៅ​ក្រុងព្រះសីហនុ ពី​សំណាក់​ជនជាតិ​ចិន កាលពី​ពេល​ថ្មីៗ​នោះ គឺ​គ្រាន់តែ​ជាការ​លេងសើច​ប៉ុណ្ណោះ ហើយ​ពួកគេ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​សង្គមងងឹត​ណាមួយ​ទេ...

​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែងថា ក្រោយ​មាន​ការស៊ើបអង្កេត​យ៉ាង​ហ្មត់ចត់​របស់​សមត្ថកិច្ច​ចិន រកឃើញថា វីដេអូ​ដែល​បង្ហាញ​អំពី​ជន​សង្គម​ងងឹត​ចិន គំរាម​បង្ក​អសន្តិសុខ​នៅ​ក្រុងព្រះសីហនុ​នោះ ត្រូវ​បាន​ថត​ដោយ​ជនជាតិ​ចិន មកពី​ទីក្រុង ឆុង​ជី​ង (Chong Qing) ដែល​មក​ធ្វើការ​នៅ​ប្រទេស​កម្ពុជា កាលពី​ខែ​មីនា ឆ្នាំនេះ ។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត ផ្សាយ​នៅ​ល្ងាច​ថ្ងៃ​ទី​១៧ ឧសភា បានបញ្ជាក់​ថា ក្រោយ​ស្រវឹងស្រា ជនជាតិ​ចិន​ទាំង​នោះ បាន​ថត​វីដេអូ​នេះ ដោយ​គ្រាន់តែ​ជាការ​លេងសើច​ប៉ុណ្ណោះ ។ បុគ្គល​ទាំងឡាយ​នៅ​ក្នុង​វីដេអូ​នោះ គឺ​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​សង្គមងងឹត​ណាមួយ​ទេ ។​

​ស្ថានទូត​ចិន​បានបញ្ជាក់​ថា ឆ្នាំនេះ គឺជា​ឆ្នាំ​នៃ​សហប្រតិបត្តិការ​អនុវត្ត​ច្បាប់​រវាង​ចិន​និង​កម្ពុជា ភាគី​ទាំងពីរ នឹង​ចាត់វិធានកា​រណ៍​ជាក់ស្តែង ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ លើ​កិច្ច​សហការ​ផ្នែក​សន្តិសុខ និង​ការអនុវត្ត​ច្បាប់ ដែល​នឹង​នាំមក​នូវ​សុខដុមរមនា និង​អត្ថប្រយោជន៍ ជូន​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ។​

​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន ត្រូវបាន​ស្រង់​សម្តី​ដោយ​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ កាលពី​ថ្ងៃ​ទី​១៥ ឧសភា បញ្ជាក់ថា ក្រុម​ជនជាតិ​ចិន​ដែល​បាន​បង្ហោះ​វីដេអូ ព្រមាន​ចង់​បង្ក​អសន្តិសុខ​ក្នុង​ខេត្ត​ព្រះសីហនុ មិនមែន​ស្ថិត​នៅក្នុង​ប្រទេស​កម្ពុជា​ទេ និង​បាន​បញ្ជាក់ថា ឃ្លីប​វីដេអូ​នោះ គឺជា​វីដេអូ​ចាស់ ។​

​គូសបញ្ជាក់ថា តាមរយៈ​វីដេអូ​មួយ​ដែល​បាន​ចែកចាយ​កាលពី​ពេល​ថ្មីៗ​នេះ ដែល​បាន​បក​ប្រែជា​ភាសា​ខ្មែរ ជនជាតិ​ចិនទាំងនោះ​បាន​និយាយថា « ពួកគេ​មក​ពី​ខេត្ត​ឆុង​ជី​ង (Chong Qing)  ប្រទេស​ចិន ហើយ​ទឹកដី​កំពង់សោម ខេត្ត​ព្រះសីហនុ ៣​ឆ្នាំក្រោយ ពួក​គេ​ចង់​ឱ្យ​វឹកវរ គឺ​វឹកវរ ចង់​ឱ្យ​សុវត្ថិភាព គឺ​សុវត្ថិភាព » ៕

ព័ត៌មានផ្សេងទៀត