កងទ័ព​មួក​ខៀវ​កម្ពុជា​២៩៨​នាក់ ត្រូវបាន​បញ្ជូន​ទៅ​​ម៉ាលី​នៅថ្ងៃនេះ​

17-05-2019 7:20 pm 1274
  ស្តាប់
ស្តាប់ជាសំឡេង

​កម្ពុជា​បាន​បញ្ជូន​កងទ័ព​មួក​ខៀវ​ចំនួន ២៩៨​នាក់ ទៅ​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព ក្រោម​ទង់​អង្គការសហប្រជាជាតិ ទៅ​ប្រទេស​ម៉ាលី នា​រសៀល​ថ្ងៃ​ទី​១៧ ឧសភា ។ អគ្គនាយក​នៃ​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​កងកម្លាំង​រក្សា​សន្តិភាព​ថ្លែងថា កងកម្លាំង​ទាំង​នេះ ត្រូវ​បាន​ចាត់​ឱ្យ​ឈរជើង​នៅ​ទីតាំង​ចំនួន​៦​កន្លែង​ផ្សេងៗ​គ្នា ដោយ​ពួកគេ បាន​យក​ទៅ​ជាមួយ​នូវ​សម្ភារ​យោធា និង​បរិក្ខារ​តម្រូវការ អាច​ធានា​បាន​រយៈពេល​១​ឆ្នាំ ...

​កងទ័ព​មួក​ខៀវ​កម្ពុជា​ចំនួន​២៩៨​នាក់ ក្នុងនោះ​ស្រី​២៥​នាក់ ជា​កងកម្លាំង​វិស្វកម្ម​ព្រលាន​យន្តហោះ​លេខ​៨៩១ និង​កង​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ​លេខ​២៣១ ត្រូវបាន​បញ្ជូន​ទៅ​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព ក្រោម​ទង់​អង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋ​ម៉ាលី នា​រសៀល​ថ្ងៃ​ទី​១៧ ឧសភា ។​

​ថ្លែង​ក្នុង​ពិធី​ជូន​ដំណើរ នាយ​ឧត្តមសេនីយ៍ សែម សុ​វណ្ណី អគ្គនាយក​នៃ​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​បាន​ថ្លែងថា កងកម្លាំង​ដែល​បញ្ជូន​នៅថ្ងៃនេះ បាន​ទទួល​ការហ្វឹកហ្វឺន​លើ​ជំនាញ​វិជ្ជាជីវៈ​ប្រកបដោយ​គុណភាព​ពី​គ្រូ​បង្គោល​កម្ពុជា និង​មន្ត្រី UNMAS ដើម្បី​ប្រសិទ្ធិភាព​ក្នុង​ការចូលរួម​ដូច​បណ្តា​កងកម្លាំង​មុនៗ ។​

​លោក​បញ្ជាក់ថា កងកម្លាំង​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ ត្រូវ​ឈរជើង​នៅ​ទីតាំង​ចំនួន​៤ រី​ឯ​កម្លាំង​វិស្វកម្ម​ព្រលានយន្តហោះ ឈរជើង​នៅ​តំបន់​២​ផ្សេងគ្នា ដោយ​ពួកគេ​នាំ​ទៅ​ជាមួយ​នូវ​សម្ភារ​យោធា បរិក្ខារ គ្រឿងបន្លាស់ និង​ឱសថ​សម្រាប់​បំពេញបន្ថែម លើ​សម្ភារ​ដែល​មាន​ស្រាប់ អាច​ធានា​បាន​រយៈពេល​១​ឆ្នាំ ។​

នាយ​ឧត្តមសេនីយ៍ ប៉ុល សារឿ​ន បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា បាន​លើកទឹកចិត្ត​លើ​ការងារ​ប្រតិបត្តិការ​រក្សា​សន្តិភាព និង​បាន​ត្រៀមកម្លាំង​ក្នុង​ប្រព័ន្ធ​ត្រៀម​បម្រុង​រហ័ស​រួចជាស្រេច ដើម្បី​ផ្តល់​ការគាំទ្រ​តាម​លទ្ធភាព​និង​សមត្ថភាព​ជាក់ស្តែង តាម​សំណូមពរ​របស់​អង្គការសហប្រជាជាតិ និង​ប្តេជ្ញា​ជំរុញ​បង្កើន​ការប្រើប្រាស់​កងកម្លាំង​ជា​នារី សម្រាប់​ធានា​និរន្តរភាព​នៃ​ការចូលរួម​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​យូរអង្វែង ។​

​លោក​បញ្ជាក់ថា អស់​រយៈពេល​១៣​ឆ្នាំ​មកហើយ ដែល​កម្ពុជា​បាន​ចូលរួម​បញ្ជូន​កងកម្លាំង​មួក​ខៀវ​រាប់ពាន់នាក់ ទៅ​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព ក្រោម​ឆ័ត្រ​អង្គការសហប្រជាជាតិ តែ​ការរក្សា​សន្តិភាព កំពុង​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​នានា ដោយ​តួអង្គ​មិនមែន​រដ្ឋ បាន​បង្ក​សង្គ្រាម​ឧទ្ទាម​វាយប្រហារ​លើ​កម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា បណ្តាល​ឱ្យ​បាត់បង់​ជីវិត និង​ពិការ​ជាច្រើន ។​

​គូសបញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​២០០៦​មក កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​មួក​ខៀវ​ចេញទៅ​បំពេញ​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ សរុប​ចំនួន​៦.០៥៣​នាក់ ក្នុងនោះ ស្រី​២៨៥​នាក់ ។ បច្ចុប្បន្ន កងកម្លាំង​កម្ពុជា ៧៩៧​នាក់ ស្រី​៥៤​នាក់ បាន​ដាក់ពង្រាយ​នៅតាម​បណ្តា​ប្រទេស​មួយចំនួន​ក្នុង​ទ្វីបអាហ្វ្រិក និង​មជ្ឈឹម​បូ​ព៌ា ៕

ព័ត៌មានផ្សេងទៀត