AFD​និង​EU​ផ្តល់​ជាង​$៣២​លាន អនុវត្ត​គម្រោង​ថាមពល​អគ្គិសនី​ដល់​កម្ពុជា​

17-05-2019 6:25 pm 728
  ស្តាប់
ស្តាប់ជាសំឡេង

​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD) និង​សហគមន៍​អឺរ៉ុប បាន​សម្រេច​ផ្តល់​ជំនួយ​ជាង​២៩​លាន​អឺរ៉ូ ប្រមាណ​ជាង​៣២​លាន​ដុល្លារ​អាមេរិក អនុវត្ត​លើ​គម្រោង​ថាមពល​អគ្គិសនី​នៅ​កម្ពុជា ។ នាយក​ចាត់ការ​ទូទៅ​នៃ AFD បាន​លើកឡើង​ថា សម្រាប់​កិច្ចសហប្រតិបត្តិការ​បន្ត AFD​មានបំណង​បង្កើន​ទំហំ​ឥណទាន​ប្រចាំឆ្នាំ​របស់​ខ្លួន ឱ្យស្រប​នឹង​បរិការណ៍​អភិវឌ្ឍន៍​នៅ​កម្ពុជា ...

​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD) បាន​សម្រេច​ផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ដល់​កម្ពុជា ចំនួន ២៩,១ លាន​អឺរ៉ូ ស្មើ​នឹង​ប្រមាណ ៣២,៤៩ លាន​ដុល្លារ​អាមេរិក ក្នុងនោះ ឥណទាន​សម្បទាន​ចំនួន​២៥​លាន​អឺរ៉ូ បានមក​ពី​ទី​AFD និង​ហិរញ្ញប្បទាន​ឥត​សំណង ចំនួន ៤,១​លាន​អឺរ៉ូ ទទួល​ពី​សហគមន៍​អឺរ៉ុប ។​

​ជំនួយ​ជា​ទឹកប្រាក់​ទាំងនេះ នឹង​យកទៅ​អនុវត្ត​លើ​គម្រោង​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​បណ្តាញ​បញ្ជូន និង​ចែកចាយ​អគ្គិសនី ក៏​ដូចជា​បង្កើន​ប្រសិទ្ធភាព និង​និរន្តរភាព​ក្នុង​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​កម្ពុជា ។ ពិធី​ចុះហត្ថលេខា​ទទួល ត្រូវបាន​ធ្វើឡើង​រវាង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក Rèmi Rioux នាយក​ចាត់ការ​ទូទៅ នៃ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ កាលពី​ថ្ងៃ​ទី​៦ ឧសភា ។​

​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ប្រាប់​នៅ​ថ្ងៃ​ទី​១៥ ឧសភា ថា ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិកា​រ​កម្ពុជា​និង​សហភាព​អឺរ៉ុប សហភាព​អឺរ៉ុប នៅតែ​តម្រង់ទិស​នៃ​កិច្ចសហប្រតិបត្តិការ ទៅលើ​វិស័យ​អាទិភាព ដូចជា អប់រំ កសិកម្ម កំណែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ។​

​លោក Rèmi Rioux នាយក​ចាត់ការ​ទូទៅ​នៃ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ បាន​លើកឡើង​ថា សម្រាប់​កិច្ចសហប្រតិបត្តិការ​បន្ត រវាង​ភាគី​ទាំង​ពីរ​នាពេលខាងមុខ ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ​មានបំណង​នឹង​បង្កើន​ទំហំ​ឥណទាន​ប្រចាំឆ្នាំ​របស់​ខ្លួន ឱ្យស្រប​នឹង​បរិការណ៍​អភិវឌ្ឍន៍​នៅ​កម្ពុជា ។​

​លោកស្រី Agnès PANNIER-RUNACHER រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បារាំង​បាន​ថ្លែងថា បារាំង​និង​កម្ពុជា គឺជា​មិត្ត​ដ៏​ល្អ ដែល​មិន​អាច​កាត់ផ្តាច់​ពី​គ្នា​បាន ហើយ​បារាំង​នឹង​នៅតែ​បន្ត​ជំរុញ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ ទាំង​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស ដោយ​តម្រង់​វិស័យ​នៃ​កិច្ចសហប្រតិបត្តិកា​ររ​បស់​បារាំង ឱ្យស្រប​ទៅ​នឹង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ​របស់​កម្ពុជា ពិសេស ការអភិវឌ្ឍ​ហេដ្ឋរចនាសម្ព័ន្ធ និង​ការងារ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​ជា​ដើម ៕

 ពាក្យគន្លឹះ  ក្រសួងសេដ្ឋកិច្ចAFDEU

ព័ត៌មានផ្សេងទៀត