បើ​ការចរចា​​បរាជ័យ​​អង់គ្លេស​​អាចធ្វើ​ប្រជាមតិ​​ជា​លើក​ទី​ពីរ​​រឿង​ចាកចេញ​​ពី​អឺរ៉ុប​

17-05-2019 4:24 pm 534
  ស្តាប់
ទង់ជាតិអឺរ៉ុប(ឆ្វេង)​និងទង់ជាតិអង់គ្លេស
ស្តាប់ជាសំឡេង

​តាម​ការបញ្ជាក់​ពី​លោក​Hilary Benn​សមាជិកសភា​គណបក្ស​ពលករ​(Labour Party) ជា​បក្សប្រឆាំង​នៅ​អង់គ្លេស​បានឲ្យដឹងថា ការបោះឆ្នោត​ប្រជាមតិ​ដើម្បី​សម្រេច​ថា នៅ​ជា​សមាជិក​ឬ​ត្រូវ​ចាកចេញ​ពី​សហភាព​អឺរ៉ុប អាច​នឹងធ្វើ​ឡើងជា​លើក​ទី​ពីរ ប្រសិនបើ​ការចរចា​រវាង​រដ្ឋាភិបាល​លោកស្រី​Theresa May ជាមួយ​គណបក្ស​របស់​លោក​ត្រូវ​បរាជ័យ​។ 

​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​១៧​ឧសភា​នេះ លោក​Benn​បន្ថែម​ដូច្នេះ​ថា “​ប្រសិនបើ​ការចរចា​មិន​ឈាន​ទៅមុខ​ទេ តាម​គំនិត​របស់ខ្ញុំ​មានរឿង​តែមួយគត់​ដែល​អាច​ដោះស្រាយ​បញ្ហា​បាន​។ បច្ចុប្បន្ន​មានវី​ធី​សាស្ដ្រ​ពីរ​យ៉ាង​សម្រាប់​ដោះស្រាយ​វិបត្ដិ​ដើរ​ចេញពី​អឺរ៉ុប ទីមួយ​ត្រូវមាន​ការឯកភាព​នៅក្នុង​សភា និង​ទី​ពីរ​ត្រូវ​វិល​ទៅរក​ការធ្វើប្រជាមតិ​ជា​លើក​ទី​ពីរ ដើម្បី​ស្នើសុំ​ឲ្យ​ប្រជាជន​សម្រេចចិត្ដ​ម្ដងទៀត​។ ប៉ុន្ដែ​តាម​អ្វីដែល​ខ្ញុំ​គិត ការបោះឆ្នោត​ប្រជាមតិ​ជាថ្មី​អាចជា​ជម្រើស​តែមួយគត់​ដែល​ត្រូវធ្វើ ទោះបី​ពេលនេះ​មិនទាន់មាន​សំឡេងគាំទ្រ​ភាគច្រើន​ក្នុង​សភា​ក៏ដោយ​។​”

​គួរ​ជម្រាបជូន​ថា វិបត្ដិ​ដើរ​ចេញពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស ពេលនេះ​កំពុង​ជាប់គាំង​រក​ដំណោះស្រាយ​មិនទាន់​ឃើញ​ឡើយ​។ អង់គ្លេស​បានរៀបចំ​កា​រ​បោះឆ្នោត​ក្នុង​សភា​ដល់​ទៅ​បី​លើក ស្វែងរក​សំឡេងគាំទ្រ​កិច្ចព្រមព្រៀង​ដើរ​ចេញពី​អឺរ៉ុប ប៉ុន្ដែ​កិច្ចព្រមព្រៀង​គ្មាន​សំឡេងគាំទ្រ​អាច​យកជាការបាន​ឡើយ​។ ដូច្នេះ​ការចាក​ចេញពី​អឺរ៉ុប​ក៏​មិនអាច​ធ្វើតាម​ពេល​កំណត់​បាន ព្រោះ​សមាជិកសភា​នៅ​ខ្វែងគំនិត​គ្នា​។ 

​តាម​កំណត់​អង់គ្លេស​ត្រូវ​ដើរ​ចេញពី​អឺរ៉ុប​តាំងពី​ថ្ងៃទី​២៩​ខែ​មីនាឆ្នាំ​២០១៩​នេះ​មកម្ល៉េះ ប៉ុន្ដែ​ត្រូវ​ពន្យារពេល​ដល់​ថ្ងៃទី​១២​មេសា ហើយ​ចុងក្រោ​សម្រេច​ពន្យារពេ​ល​ដល់​ថ្ងៃទី​៣១​ខែតុលា​វិញ ដោយសារ​គ្មាន​កិច្ចព្រមព្រៀង​។ បច្ចុប្បន្ន​អង់គ្លេស​ត្រូវ​រង់ចាំ​រហូត​ដល់​បញ្ចប់​ការបោះឆ្នោត​សភា​អឺរ៉ុប​ចាប់ផ្ដើម​នៅ​ថ្ងៃទី​២២​ឧសភា​នេះ​សិន បន្ទាប់មក​នឹង​ពិភាក្សា​រក​ដំណោះស្រាយ​ជាថ្មី​។ ប៉ុន្ដែ​មិនទាន់​ដឹងថា​រដ្ឋាភិបាល​អង់គ្លេស​ស្ថិតក្រោម​ការដឹកនាំ​របស់​លោកស្រី​May អាច​ទទួលបាន​កិច្ចព្រមព្រៀង​ដើរ​ចេញពី​អឺរ៉ុប​មុន​ថ្ងៃ​កំណត់​ឬ​យ៉ាងណាទេ​៕

ព័ត៌មានផ្សេងទៀត