ក្រសួង​សេដ្ឋកិច្ច​ស្នើ​ក្រុមហ៊ុន​អាមេរិក​ ជួយវិនិយោគ​លើ​វិស័យ​ថាមពល​អគ្គិសនី​

17-05-2019 2:57 pm 1087

​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ស្នើ​ដល់​ក្រុមហ៊ុន​អាមេរិក បោះទុន​លើ​វិស័យ​ថាមពល​អគ្គិសនី ដើម្បី​ដោះស្រាយ​កង្វះខាត​អគ្គិសនី​នៅ​កម្ពុជា​។ សំណើរ​នេះ ធ្វើឡើង​នៅក្នុង​កិច្ច​ជំនួប ពិភាក្សា​ជាមួយ លោក ច​ន ជី​រៃ (Mr. John G. Rice) អគ្គនាយក​ក្រុមហ៊ុន General Electric Gas Power និង​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា​។

​លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់​ថា ថាមពល​អគ្គិសនី មាន​តួនាទី​សំខាន់​ក្នុង​ដំណើរការ​សេដ្ឋកិច្ច តាមរយៈ​ការធានាបាន និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ភាព​ប្រកួត ប្រជែង​ពាណិជ្ជកម្ម ។​

​លោក​បន្តថា កិច្ចសហប្រតិបត្តិការ ជាមួយ​ក្រុម​ការងា​ររ​បស់​លោក ច​ន ជី​រៃ គឺ​មាន​សារៈសំខាន់ ស្របពេល​ដែល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កំពុង​សហការ​ជា​អន្តរក្រសួង ជាមួយ​ក្រសួង​រ៉ែ និង​ថាមពល​, អគ្គិសនី​កម្ពុជា និង​ស្ថាប័ន្ធ​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​ខាត​ថាមពល​អគ្គិសនី​កម្ពុជា នាពេល​បច្ចុប្បន្ន និង​សម្រាប់​អនាគត ។​

​លោក​រដ្ឋមន្ត្រី បាន​ស្នើសុំ​ឲ្យ​លោក ច​ន ជី​រៃ បន្ត​ផ្តល់​ការគាំទ្រ ទៅលើ​កិច្ចការ​សំខាន់​ផ្សេងៗ​ទៀត​រួមមាន​៖ ១.​បន្ត​គាំទ្រ​វិស័យ​សុខាភិបាល និង​សុខុមាលភាព របស់​ប្រជាជន​, ២.​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​ការផ្គត់ផ្គង់​អគ្គិសនី និង ៣. ជួយ​គាំទ្រ​កសាង​សមត្ថភាព និង​សិក្សាការ​បន្ទាប​ថ្លៃ​អគ្គិសនី នៅ​កម្ពុជា​បន្ថែម​ទៀត ។​

​ជា​ការឆ្លើយតប លោក ច​ន ជី​រៃ បាន​យល់ស្រប និង​ទទួលយក​សំណើរ​នេះ ទៅ​ពិចារណា ហើយ​ក្រុមការងារ​របស់​លោក នឹង​ប្តេជ្ញា​បន្ត​កិច្ចសហការ​ជាមួយ​ក្រុមការងារ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ពាក់ព័ន្ធ ធ្វើការ​ពិនិត្យ​សិក្សា​ទៅលើ​ការងារ និង​សំណើរ​ទាំងនេះ​។​

​គួរ​បញ្ជាក់ដែរថា ក្រុមហ៊ុន General Electric មាន​វត្តមាន​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០០៩ ដោយ បាន​កសាង​ភាពជា​ដៃគូ​ជាមួយនឹង​វិស័យ​ឯកជន និង​សាធារណៈ ដោយ​អាជីវកម្ម​ដែល​មាន​ភាព​សកម្ម គឺ​វិស័យ​ថាមពល អគ្គិសនី​, ដំណោះស្រាយ​បណ្តាញ​បញ្ជូន និង​ចែកចាយ​អគ្គិសនី និង​ថាមពល​អគ្គិសនី​សម្រាប់​វិស័យ​សុខាភិបាល​។​ ​ក្រុមហ៊ុន​មាន​ទីស្នាក់ការ​នៅក្នុង​រដ្ឋ Boston, សហរដ្ឋអាមេរិក និង​នៅក្នុង​ប្រទេស​ចំនួន ១៧៥ ជុំវិញ​ពិភពលោក​៕

ព័ត៌មានផ្សេងទៀត