កងកម្លាំង​​អាមេរិក​​បញ្ជូនទៅ​​មជ្ឈិមបូព៌ា​​ជិត​ជុំគ្នា​​នៅ​គោលដៅ​រួម​ហើយ​

17-05-2019 11:13 am 4750
  ស្តាប់
នាវា​ចម្បាំង​អាមេរិក​ធ្វើដំណើរទៅមជ្ឈិមបូព៌ា
ស្តាប់ជាសំឡេង

​នាវាចម្បាំង​អាមេរិក​ពីរ​គ្រឿង​បាន​ធ្វើដំណើរ​ចូល​ឈូង​សមុទ្រ​ពែ​ក្ស​ហើយ ខណៈ​នាវា​ផ្ទុក​កងកម្លាំង​វាយប្រហារ​មួយក្រុម​ទៀត កំពុង​ប្រចាំការ​នៅ​ឆ្នេរសមុទ្រ​នៃ​ប្រទេស​អូ​ម៉ង់​។ នាវាចម្បាំង​USS Gonzalez (DDG-66) និង USS McFaul (DDG-74) បំពាក់​ដោយ​មី​ស៊ី​ល​វាយប្រហារ​កម្រិត​ខ្ពស់​Tomahawk​បាន​ឆ្លងកាត់​ច្រក​សមុទ្រ​Hormuz​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ នេះ​បើតាម​ការបញ្ជាក់​ពី​កងកម្លាំង​ជើង​ទឹក​អាមេរិក​។ នាវា​ទាំងពី​រគ្រឿង​ពេលនេះ​កំពុងធ្វើដំណើរ​ទៅ​កាន់តែ​ជិត​នាវាចម្បាំង​ផ្សេងទៀត ដែល​អាមេរិក​បាន​បញ្ជូនទៅ​កាលពីដើម​ខែឧសភា​នេះ ត្រៀម​ទប់​ទល់នឹង​ការវាយប្រហារ​ពី​ប្រទេស​អ៊ីរ៉ង់​។ 

​ស្របពេល​ដែល​នាវា​ដឹក​ក្រុម​វាយប្រហារ​USS Abraham Lincoln កំពុង​ប្រចាំការ​រួចជាស្រេច​នៅក្បែរ​ឆ្នេរសមុទ្រ​ប្រទេស​អូ​ម៉ង់ នាវាចម្បាំង​ផ្សេងទៀត​USS Kearsarge បាន​ចាកចេញ​ពី​ឆ្នេរសមុទ្រ​នៃ​ប្រទេស​អារ៉ាប់​រួម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ផងដែរ​។ ចំណែក​យន្ដហោះ​ទម្លាក់​គ្រាប់​B-52​បានចាប់ផ្ដើម​ប្រតិ​បត្ដិកា​រផ្លូវការ​របស់ខ្លួន ពី​មូលដ្ឋានទ័ព​អាមេរិក​នៅ​កាតា ហើយ​ទីក្រុង​វ៉ាស៊ីនតោន​កំពុង​បន្ដ​ប្រមូល​កងកម្លាំង​កាន់តែច្រើន ត្រៀម​ទប់ទល់​ជាមួយ​ប្រទេស​អ៊ីរ៉ង់​។​

​ការបញ្ជូន​កងកម្លាំង​យ៉ាង​ព្រោងព្រាត​ទៅ​តំបន់​មជ្ឈិម​បូព៌ា បន្ទាប់ពី​អាមេរិក​និង​អ៊ីរ៉ង់​ផ្ទុះ​ភាព​តានតឹង​ជាថ្មី​ប៉ុន្មាន​ថ្ងៃមុន​។ អ៊ីរ៉ង់​បានប្រកាស​ដកចេញ​នូវ​ការប្ដេជ្ញាចិត្ដ​មួយចំនួ​ន​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ និង​ប្រកាស​ចង់​ចាប់ផ្ដើម​កម្មវិធី​នុយក្លេអ៊ែរ​ឡើងវិញ​។ ក្រោយមក​អាមេរិក​បានប្រកាស​ដាក់​ទណ្ឌកម្ម​បន្ថែម​។ អាមេរិក​ចោទថា​អ៊ីរ៉ង់​មាន​ចេតនា​ចង់​វាយប្រហារ​ផលប្រយោជន៍​អាមេរិក និង​សម្ព័ន្ធមិត្ដ​អាមេរិក​នៅក្នុង​តំបន់ ហេតុ​ដូច្នេះហើយ​បានជា​បញ្ជូន​កម្លាំង​ទៅ​ការពារ​ជាមុន តែ​អាមេរិក​គ្មាន​បំណង​ចង់​បង្ក​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​ទេ​។​

​ចំណែក​ប្រទេស​អ៊ីរ៉ង់​ចាត់ទុក​ការបញ្ជូន​កងកម្លាំង​អាមេរិក ជា​សង្គ្រាមចិត្ដសាស្ដ្រ​មួយ ហើយ​អ៊ីរ៉ង់​ត្រៀម​ជាស្រេច​វាយបក​ប្រឆាំង​ការឈ្លានពាន​ពី​អាមេរិក តែ​អ៊ីរ៉ង់​អះអាង​ដូចគ្នា​ដែរថា គ្មាន​បំណង​ចង់​ជ្រើស​យក​សង្គ្រាម​ជាមួយ​អាមេរិក​ឡើយ​។ ដ្បិតថា​ដូច្នេះ​មែន​អ៊ីរ៉ង់​ក៏​មិនឲ្យ​នរណា​ម្នាក់មក​ឈ្លានពាន សិទ្ធិសេរីភាព និង​អធិបតេយ្យភាព​របស់ខ្លួន​ងាយៗ​ដែរ​៕

ព័ត៌មានផ្សេងទៀត