ទីបំផុតសមត្ថកិច្ច​ចុះ​បិទ និង​ឃាត់ខ្លួន​ប្រធាន​ក្រុមហ៊ុន​GCG Asian

17-05-2019 11:12 am 1760

​នៅ​ទីបំផុត ក្រុមហ៊ុន GCG Asia Co., LTD ដែល​បាន​យកឈ្មោះ និង​រូប​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បង្ហោះ​ក្នុង​គេហទំព័រ​របស់ខ្លួន ដោយ​ខុសច្បាប់ ត្រូវបាន​សមត្ថកិច្ច និង​មន្ត្រី​ធនាគារជាតិ ចុះ​ទៅ​បិទ​ជា​បណ្ដោះអាសន្ន នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ស្ថិតនៅ​សង្កាត់​វត្ត​ភ្នំពេញ ខណ្ឌដូនពេញ​។ ជាមួយគ្នា​នេះ​កម្លាំង​នគរបាល ក៏​បាន​ឃាត់ខ្លួន​ប្រធាន​ក្រុមហ៊ុន​ទាំង​២​នាក់ ប្តី​ប្រពន្ធ​ជា​ជនជាតិ​ម៉ាឡេស៊ី យក​ទៅ​សួរនាំ​ដើម្បី​ចាត់ការ​បន្ត​ទៀត​។​

ការចុះ​បិទ​ទីតាំង​ក្រុមហ៊ុន​ខាងលើនេះ ធ្វើឡើង​បន្ទាប់​ពី​មាន​ប្រតិកម្ម​ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ថា​ក្រុមហ៊ុន​ខាងលើ​ជា​ក្រុមហ៊ុន​រកស៊ី​មិន​ត្រឹមត្រូវ ស្ថិតក្នុង​Black List​។​

​ប្រមុខ​រដ្ឋាភិបាល បាន​ប្រកាស​តាម​រយៈ​ហ្វេ​សប៊ុក ថា​កាលពី​ពេល​ថ្មីៗ​នេះ មាន​ក្រុមហ៊ុន ឈ្មោះ GCG Asia Co., LTD បាន​យក​រូបថត​ខ្ញុំ និង​ឈ្មោះ​ខ្ញុំ ទៅ​បង្ហោះ​នៅក្នុង Website របស់​ក្រុមហ៊ុន http://gcgasiacoin.com/ ដែល​និយាយថា ខ្ញុំ​ជា​អ្នកគាំទ្រ និង​ចូលរួម​សម្ពោធ​កាត់​ខ្សែបូ​ក្រុមហ៊ុន នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី ២០ ខែ ឧសភា ២០១៩​។ ទន្ទឹមនឹងនោះ ក្រុមហ៊ុន​នេះ បាន​យកឈ្មោះ​ធនាគារជាតិ និង​ធនាគារ​ចិន​នៅ​កម្ពុជា​ថា​ជា​ដៃគូ​ទទួលខុសត្រូវ​ក្នុង​ជំនួញ​ដូរ​លុយ​ក្នុង​រូបភាព​គ្រីប​តូ​ឃឺ​រិន​ស៊ី (Crypto Currency)​។

តាម​ព័ត៌មាន​ពី​ស្ថានទូត​ឥណ្ឌូណេស៊ី​នៅ​កម្ពុជា​គឺ​បញ្ជាក់ថា GCG Asia ជា​ក្រុមហ៊ុន​រកស៊ី​មិន​ត្រឹមត្រូវ​ហើយ​ត្រូវបាន​ដាក់​ចូល​ក្នុង Black List​។​

​លោកនាយក​រដ្ឋមន្ត្រី បន្ថែមថា ក្នុងនាម​ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​សូម​បដិសេធន៍​ព័ត៌មាន​ដែល​ផ្សាយ​ក្នុង​វេបសាយ​របស់​ក្រុមហ៊ុន​ខាងលើ​នេះ​គឺ​មិន​ពិត​ទេ​។ សូម​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ឋ​ទាំង​អស់​ពិនិត្យ​តាមដាន និង​ស្រាវជ្រាវ​រក​មុខ​ជនខិលខូច​យកមក​ផ្តន្ទារ​ទោស​តាម​ច្បាប់​ជា​ធរមាន​ជាបន្ទាន់​៕

ព័ត៌មានផ្សេងទៀត