​នគរបាល​ជាតិ​នឹង​ប្រជុំ​បន្ទាន់ ដើម្បី​ចាត់វិធានការ​លើ​ក្រុមហ៊ុន GCG Asia

17-05-2019 8:46 am 526

​កម្លាំង​ជំនាញ​នៃ​អគ្គស្នងការដ្ឋាន​គ​របាល​ជាតិ នឹង​បើក​កិច្ចប្រជុំ​បន្ទាន់​ជាមួយ លោក ជា ចាន់តូ អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា ដើម្បី​ឈាន​ទៅរក​ការបន្ត​នីតិវិធី​តាម​ផ្លូវ​ច្បាប់​ចំពោះ​ថៅកែ​ក្រុមហ៊ុន ដែល​បាន​យកឈ្មោះ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ទៅ​បង្ហោះ​លើ​វេបសាយ​របស់​ខ្លួន និង​ប្រកាស​ថា លោកនាយក​រដ្ឋមន្ត្រី បាន​អញ្ជើញ​ចូលរួម​បើក​សម្ពោធ​ក្រុមហ៊ុន​ដោយ​ផ្ទាល់​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក​នេត សាវឿន ថ្លែង​ប្រាប់​ដល់​សារព័ត៌មាន Fresh News នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា​នេះ​។​

​គួរបញ្ជាក់​ថា នៅ​យប់​ថ្ងៃទី​១៦ ខែ​ឧសភា លោកនាយក​រដ្ឋមន្ត្រី បាន​ចេញ​មក​ប្រកាស​អំពី​ដំណឹង​សន្តិសុខ​ជាតិ​បន្ទាន់​មួយ តាមរយៈ​ហ្វេ​សប៊ុក ដោយ​បាន​បញ្ជាក់ថា​ ​កាលពី​ពេល​ថ្មីៗ​នេះ មាន​ក្រុមហ៊ុន ឈ្មោះ GCG Asia Co., LTD បាន​យក​រូបថត​ខ្ញុំ និង​ឈ្មោះ​ខ្ញុំ ទៅ​បង្ហោះ​នៅក្នុង Website របស់​ក្រុមហ៊ុន http://gcgasiacoin.com/ ដែល​និយាយថា ខ្ញុំ​ជា​អ្នកគាំទ្រ និង​ចូលរួម​សម្ពោធ​កាត់​ខ្សែបូ​ក្រុមហ៊ុន នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី ២០ ខែ ឧសភា ២០១៩​។ ទន្ទឹមនឹងនោះ ក្រុមហ៊ុន​នេះ បាន​យកឈ្មោះ​ធនាគារជាតិ និង​ធនាគារ​ចិន​នៅ​កម្ពុជា​ថា​ជា​ដៃគូ​ទទួលខុសត្រូវ​ក្នុង​ជំនួញ​ដូរ​លុយ​ក្នុង​រូបភាព​គ្រីប​តូ​ឃឺ​រិន​ស៊ី (Crypto Currency)​។ តាម​ព័ត៌មាន​ពី​ស្ថានទូត​ឥណ្ឌូណេស៊ី​នៅ​កម្ពុជា​គឺ​បញ្ជាក់ថា GCG Asia ជា​ក្រុមហ៊ុន​រកស៊ី​មិន​ត្រឹមត្រូវ​ហើយ​ត្រូវបាន​ដាក់​ចូល​ក្នុង Black List​។​

​លោកនាយក​រដ្ឋមន្ត្រី បន្ថែមថា ក្នុងនាម​ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​សូម​បដិសេធន៍​ព័ត៌មាន​ដែល​ផ្សាយ​ក្នុង​វេបសាយ​របស់​ក្រុមហ៊ុន​ខាងលើ​នេះ​គឺ​មិន​ពិត​ទេ​។ សូម​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ឋ​ទាំង​អស់​ពិនិត្យ​តាមដាន និង​ស្រាវជ្រាវ​រក​មុខ​ជនខិលខូច​យកមក​ផ្តន្ទារ​ទោស​តាម​ច្បាប់​ជា​ធរមាន​ជាបន្ទាន់​។​

​សូម​បងប្អូន​ប្រជាពលរដ្ឋ និង​ពាណិជ្ជក​រទាំង​ក្នុង​និង​ក្រៅ​ប្រទេស​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ការទិញ​ដូរ​ប្រាក់​ដែល​គ្មាន​ការ​អនុញ្ញាត្តិ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​៕

 

ព័ត៌មានផ្សេងទៀត