ក្រុមហ៊ុនមួយវិនិយោគការកែច្នៃ វេចខ្ចប់ផលិតផលកសិកម្មលើដីជាង២ពាន់ហ.តនៅកំពង់ធំ

16-05-2019 6:33 pm 558
  ស្តាប់
ស្តាប់ជាសំឡេង

​ក្នុង​ជំនួប​ជាមួយ​លោក He Jianping ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន ជី​ប៊ី​អា​យ អិន​ធើ​ណេ​សិន​ណល អិន​វេស​មិន កាលពី​ព្រឹក​ថ្ងៃទី​១៦ ឧសភា លោក​រដ្ឋមន្ត្រី វេង សាខុន បានលើកឡើង​គាំទ្រ និង​ស្វាគមន៍​ចំពោះ​បំណង និង​ផែនការ​វិនិយោគ​របស់​ក្រុមហ៊ុន​លើ​វិស័យ​កសិកម្ម ដោយ​សំដៅលើ​ការកែច្នៃ វេច​ខ្ចប់​វត្ថុធាតុដើម សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក និង​នាំចេញ...

​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​លើកឡើង​ថា ភាគី​ចិន បាន​បន្ត​ផ្តល់​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​ប្រសើរ​ជាមួយ​ភាគី​កម្ពុជា ដោយ​ចិន​បាន​ឯកភាព​បង្កើន​កូតា​នាំចូល​អង្ករ​កម្ពុជា​រហូត​ដល់​៤០០​ពាន់​តោន និង​ថ្មីៗ​នេះ បានអនុញ្ញាត​ឱ្យ​ចេកអំបូង​លឿង​កម្ពុជា នាំចេញ​ឆ្ពោះ​ត្រង់​ទៅ​កាន់​ទីផ្សារ​ចិន ។​

​លោក​រដ្ឋមន្ត្រី​ថា ចំនួន​នៃ​ការវិនិយោគ​ពី​ក្រុមហ៊ុន​ចិន​មកលើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា បាន​កំពុង​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ដូច្នេះ លោក​គាំទ្រ និង​ស្វាគមន៍​ចំពោះ​បំណង និង​ផែនការ​វិនិយោគ​របស់​ក្រុមហ៊ុន​មក​លើ​វិស័យ​នេះ ដោយ​ត្រូវ​សំដៅលើ​ការកែច្នៃ វេច​ខ្ចប់​វត្ថុធាតុដើម ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ ។​

​យ៉ាងណាមិញ លោក He Jianping ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន ជី​ប៊ី​អា​យ អិន​ធើ​ណេ​សិន​ណល អិន​វេស​មិន ឯ​.​ក បាន​ថ្លែងថា ក្នុង​ជំនួប​នេះ គឺ​លោក​ផ្តោត​សំខាន់​លើ​បំណង និង​ផែនការ​វិនិយោគ លើ​ការកែច្នៃ វេច​ខ្ចប់ ពិសេស​ការបំពេញ​ចង្វាក់ផលិត​កម្មក​សិក​ម្ម​ពី​ចំណុច​ផ្តើម រហូត​ដល់​នាំ​ចេញ ។​

​លោក​បញ្ជាក់ថា ដើម្បីឱ្យ​ផែនការ​វិនិយោគ​របស់​ក្រុមហ៊ុន​ជោគជ័យ ក្រុមហ៊ុន​បាន​រៀបចំ​ដី​ជាង​២​ពាន់​ហិកតា​នៅ​ខេត្ត​កំពង់ធំ សម្រាប់​ដាំ​ដុះ កែច្នៃ និង​វេច​ខ្ចប់​ផលិតផល​កសិកម្ម ដូចជា អង្ករ ស្វាយ ស្វាយចន្ទី​ជា​ដើម ហើយ​គម្រោង​នេះ ក៏​ទទួលបាន​ការសហការ​គាំទ្រ​ពី​ក្រសួង​កសិកម្ម និង​កិច្ចការ​ជនបទ​នៃ​សាធារណដ្ឋ​ប្រជាមានិត​ចិន​ដែរ ៕

ព័ត៌មានផ្សេងទៀត