ការបកប្រែ​ខុស​លើ​ស្លាក​យីហោ​នៅតែ​ជា​បញ្ហា​ដ៏​គួរ​ឲ្យ​ឈឺក្បាល​

16-05-2019 4:57 pm 353
  ស្តាប់
ស្តាប់ជាសំឡេង

​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​មន្ត្រី​ជំនាញ សហការ​ជាមួយ​សាលាក្រុង​បាន​ចុះ​រុះរើ​ស្លាក​យីហោ​ភោជនីយដ្ឋាន​ចិន​មួយ​កន្លែង​ដែល​មានឈ្មោះ​ថា «​សាច់​មាន់​លោក​» ដែល​បាន​បកប្រែ​ពី​ភាសា​អង់គ្លេស និង​ប្រើប្រាស់​អក្ខរាវិរុទ្ធ​មិន​ត្រឹមត្រូវ​។ ជាមួយគ្នា​នេះ​ការលើក​ស្លាក​យីហោ និង​ធ្វើ​អាជីវកម្ម​របស់ ភោជនីយដ្ឋាន​ចិន​នេះ ពុំ​បាន​សុំច្បាប់​អនុញ្ញាត ពី​ក្រសួង​ពាណិជ្ជកម្ម និង​ច្បាប់​អនុញ្ញាត​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ឡើយ​។​

​មិនមែន​ជា​រឿង​ថ្មី​ឡើយ ជុំវិញ​បញ្ហា​ស្លាក​យីហោ ដែល​បាន​បកប្រែ​មិន​ត្រឹមត្រូវ  រឺ​មាន​កំហុស​អក្ខរាវិរុទ្ធ ជារឿយៗ​គេ​តែងតែ​ឃើញ​ស្លាក​យីហោ​ទាំងនោះ ត្រូវបាន​បង្ហាញ​ទាំង​ខុស និង​ទទួល​រង​ការរិះគន់​។ ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក មេ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលាក្រុង​ភ្នំពេញ បានឱ្យដឹង​ថា​ភាគច្រើន​ម្ចាស់​អាជីវកម្ម​ជា​អ្នក​លើក​ស្លាក​យីហោ​ដោយ​ខ្លួនឯង ជា​មូលហេតុ​ធ្វើឱ្យ​មាន​ការខុសឆ្គង​លើ​អក្ខរាវិរុទ្ធ និង​ខុស​ខ្លឹមសារ​ផ្សេងៗ ប៉ុន្តែ​បើ​ទោះបីជា​មិន​មាន​កំហុស​បែបនេះ​ក៏ដោយ ក៏​មិន​ត្រូវបាន​អនុញ្ញាត​ដែរ ព្រោះ​ការ​ធ្វើ​អាជីវកម្ម​នេះ​មិន​បាន​សុំ​ច្បាប់​អនុញ្ញាតិ​។ លោក មេ​ត មាស​ភក្តី បន្ថែមថា ប្រសិន​បើ​ម្ចាស់​អាជីវកម្ម​បាន​សុំ​ការអនុញ្ញាតិ​បង្កើត​អាជីវកម្ម​ស្រប​តាម​បទដ្ឋាន​នោះ អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​ត្រួតពិនិត្យ​មិន​ឱ្យ​មាន​បញ្ហា​នោះទេ ។​

​សំឡេង​លោក​មេ​ត មាស​ភក្តី​ ៖

​ជា​វិធានកា​រលោក មេ​ត មាស​ភក្តី បាន​លើកទឹកចិត្ត​ដល់​ម្ចាស់​អាជីវកម្ម​ទាំងអស់​ត្រូវ​គោរព​ច្បាប់​អា​ជី​កម្ម មិន​ថា​អាជីវកម្ម​ប្រភេទ​ណា​នោះ​ទេ ហើយ​សម្រាប់​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ ម្ចាស់​អាជីវកម្ម​ទាំងអស់​ត្រូវ​សុំ​ច្បាប់​ទីតាំង​នៅក្នុង​ដែន​គ្រប់គ្រង​រាជធានី​ភ្នំពេញ​។ លោក​បន្តថា រហូតមកដល់​ពេលនេះ​អាជ្ញាធរ​មិន​មាន​ចាត់​វិធានការ​ណា​មួយ​លើ​អ្នក​ដែល​លើក​ស្លាក​យីហោ​មិន​ស្រប​តាម​ច្បាប់​ទាំងនោះ​ទេ ក្រៅតែពី​ការអប់រំ​ពួកគាត់ ចុះកិច្ចសន្យា និង​រុះ​ស្លាក​យីហោ​ប៉ុណ្ណោះ​។​

​គួរបញ្ជាក់​ថា តាម​គោលការណ៍​ស្លាក​យីហោ​អាជីវកម្ម ត្រូវ​ប្រើប្រាស់​អក្សរ​ខ្មែរ លើ​ស្លាក​យីហោ​ហាង​ពីលើ​អក្សរ​បរទេស​ដើម្បី​ជួយ​លើកស្ទួយ​ភាសាជាតិ​។ លើ​ស្លាក​យីហោ​អាច​សរសេរ​អក្សរ​ជា​៣​ភាសា ដោយ​ផ្នែក​ខាងលើ​ត្រូវ​សរសេរ​អក្សរ​ខ្មែរ ហើយ​ទំហំ​ធំជាងគេ​,​ផ្នែក​កណ្តាល​ត្រូវ​សរសេរ​អក្សរ​អង់គ្លេស ហើយ​ទំហំ​ត្រឹម​ពាក់កណ្តាល​អក្សរ​ខ្មែរ​ដែល​សរសេរ​នៅ​ខាងលើ​នោះ និង​ផ្នែក​ខាងក្រោម​ត្រូវ​សរសេរ​ជា​ភាសា​ទី​៣​តាម​ត្រូវការ​របស់​អាជីវកម្ម អាច​ជា​អក្សរ​ចិន ជប៉ុន កូរ៉េ​-​ល​-៕

ព័ត៌មានផ្សេងទៀត