រុស្ស៊ី​ផ្អាក​ផ្គត់ផ្គង់​​សព្វាវុធ​ទៅ​​វេ​ណេ​ហ្ស៊ូ​អេ​ឡា​​ចន្លោះពេល​​កំពុង​​ជួប​វិបត្ដិ​ធ្ងន់ធ្ងរ​

16-05-2019 3:38 pm 1401
  ស្តាប់
រូបភាព​ឧទ្ធម្ភាគចក្ររបស់រុស្ស៊ី
ស្តាប់ជាសំឡេង

​យោងតាម​ការបញ្ជាក់​ពី​លោក​Anatoly Punchuk អនុប្រធាន​សេវាកម្ម​សហព័ន្ធ​សម្រាប់​កិច្ចសហប្រតិបត្ដិការ​ផ្នែក​បច្ចេកទេស​កងទ័ព​រុស្ស៊ី ពេល​ផ្ដល់​បទសម្ភាសន៍​ដល់សារព័ត៌មាន​Sputnik​បានឲ្យដឹងថា កិច្ចព្រមព្រៀង​ថ្មី​ស្ដីពី​ការផ្គត់ផ្គង់​អាវុធ​ទៅ​វេ​ណេ​ហ្ស៊ូ​អេ​ឡា មិនអាច​ធ្វើ​នៅពេលនេះ​បានឡើយ​ដោយ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​កំពុងមាន​វិបត្ដិ​។ 

​លោក​បាន​បញ្ជាក់បន្ថែម​ដូច្នេះ​ថា “​សព្វថ្ងៃ​យើង​កំពុង​បន្ដការងារ​រក្សា​សម្ភារ​ដែល​ត្រូវ​ផ្គត់ផ្គង់​ទៅ ប៉ុន្ដែ​បើ​គិតពី​ស្ថានភាព​បច្ចុប្បន្នវេណេ​ហ្ស៊ូ​អេ​ឡា​កំពុង​ជួប​វិបត្ដិ ដូច្នេះ​កុងត្រា​ថ្មី​មិនអាច​ចុះហត្ថលេខា​បានទេ​។​” លោក​ថាវេ​ណេ​ហ្ស៊ូ​អេ​ឡា​គឺជា​ប្រទេស​មួយនៅ​អាមេរិក​ឡាទីន ស្ថិតក្នុង​ចំណោម​ប្រទេស​ដែល​ទិញ​សព្វាវុធ​ច្រើន​បំផុត​ពី​រុស្ស៊ី តួយ៉ាង​មាន​យន្ដហោះ​ចម្បាំង ឧទ្ធម្ភាគចក្រ ប្រព័ន្ធ​ការពារ​មី​ស៊ី​ល និង​យានយន្ដ​យោធា​ជាដើម​។ 

“​ខ្ញុំ​មិន​លាក់បាំង​ទេ ទណ្ឌកម្ម​ដែល​អាមេរិក​និង​ប្រទេស​លោកខាងលិច​បានដាក់​លើ​វេ​ណេ​ហ្ស៊ូ​អេ​ឡា និង​ក្រុមហ៊ុននាំចេញ​សម្ភារ​យោធា​របស់​រុស្ស៊ី មាន​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ការអភិវឌ្ឍ​កិច្ចសហប្រតិបត្ដិការ​ផ្នែក​បច្ចេកវិទ្យា​យោធា​ប្រទេស​ទាំងពីរ​។ អាមេរិក​កំពុង​ព្យាយាម​រារាំង​មិនឲ្យ​រុស្ស៊ី​ចែកចាយ​សម្ភារ​យោធា ដែលជា​ទម្រង់​មួយ​នៃ​ការប្រកួតប្រជែង​មិន​យុត្ដិធម៌​លើ​ទីផ្សារ​អាវុធ​។​” នេះ​ជា​សម្ដី​សង្កត់ធ្ងន់​របស់លោក​Punchuk​។​

​តែ​ស្របពេល​ជាមួយគ្នា​លោក​លើកឡើង​ដែរថា ការសាងសង់​រោងចក្រ​ផលិត​កាំភ្លើង​នៅវេ​ណេ​ហ្ស៊ូ​អេឡា នៅ​ដំណើរការ​ដូច​ធម្មតា​ទេ​ទោះបី​មាន​ការរារាំង​ក៏ដោយ​។ ការរៀបចំ​របស់​ទីក្រុង​វ៉ាស៊ីនតោន​មិនបាន​ជះឥទ្ធិពល​វិជ្ជមាន​ដល់​ដំណើរការ​សាងសង់​ទេ​។ តាម​របាយការណ៍​ចេញផ្សាយ​កន្លងមក រោងចក្រ​ផលិត​កាំភ្លើង​នឹង​សាងសង់​រួចរាល់​ក្នុង​ឆ្នាំ​២០១៩​នេះហើយ​។ ពាក់ព័ន្ធ​នឹង​ការលក់​អាវុធ​លោក​Punchuk​និហាយថា ដោយសារតែ​មាន​ការផ្គត់ផ្គង់​ពី​អាមេរិក និង​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​មួយចំនួន ជា​មូលហេតុ​មួយ​ដែល​រុស្ស៊ី​មាន​ភាគហ៊ុន​តិចតួច​ប៉ុណ្ណោះ​នៅក្នុង​តំបន់​អាមេរិក​ឡាទីន​។​

​ជាធម្មតា​តម្លៃ​នៃ​ទីផ្សារ​លក់​សម្ភារ​យោធា​នៅ​អាមេរិក​ឡាទីន តាម​ការប៉ាន់ប្រមាណ​មាន​ចន្លោះ​ពី​៤០​ទៅ​៥០​ពាន់​លាន​ដុល្លារ​អាមេរិក​។ បច្ចុប្បន្ន​ការវិនិយោគ​របស់​សហ​គ្រាស​រុស្ស៊ី​មាន​ទំហំ​តូច គឺ​ប្រហែលជា​ពីរ​បី​ភាគរយ​ប៉ុណ្ណោះ​។ នេះ​គឺ​ដោយសារតែ​ការទិញ​ទំនិញ​ជាប្រចាំ​របស់​ប្រទេស​ក្នុង​តំបន់ ការកំណត់​កញ្ចប់​ថវិកា ក៏ដូចជា​សម្ពាធ​នយោបាយ​និង​ទណ្ឌកម្ម​របស់​អាមេរិក​និង​បណ្ដា​ប្រទេស​អឺរ៉ុប​មួយចំនួន​៕

ព័ត៌មានផ្សេងទៀត