លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​៣​ថ្ងៃ​របស់​នាយក​រដ្ឋមន្ត្រី​នេ​ប៉ា​ល់នៅ​កម្ពុជា​

16-05-2019 3:29 pm 476
  ស្តាប់
ស្តាប់ជាសំឡេង

លោកនាយក​រដ្ឋមន្ត្រី​នេ​ប៉ាល់ បាន​ធ្វើដំណើរ ចាកចេញ​ពី​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី​១៥ ឧសភា បន្ទាប់ពី​បាន​បំពេញ​ទស្សនកិច្ច​៣​ថ្ងៃ តប​តាម​ការអញ្ជើញ​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​។ តើ​អ្វីខ្លះ​ជា​លទ្ធផល នៃ​ដំណើរ​ទស្សនកិច្ច​លើកដំបូង រយៈពេល​៣​ថ្ងៃ របស់​នាយក​រដ្ឋមន្ត្រី​នេ​ប៉ាល់​រូបនេះ​?

​លោក ខេ ភី សា​ម៉ា អូ​លី (The Rt. Hon’ble K. P. Sharma Oli) នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៣-១៥ ខែ​ឧសភា តប​តាម​ការអញ្ជើញ ពី​សំណាក់ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ។​

​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ បាន​មក​ដល់​ប្រទេស​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែ​ឧសភា ដោយ​មាន​ការទទួល​បដិ​សណ្ឋារ​កិច្ច​ដោយលោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន រួម​ទាំង​ឥស្សរជន​ខ្មែរ​មួយចំនួន​ទៀត​។​
​ក្នុង​ដំណើរ​ទស្សនកិច្ច​ថ្ងៃ​ដំបូង​នេះ នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ បាន​អញ្ជើញ​ទៅ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ នៅ​ស្តូប​វិមានឯករាជ្យ និង​ព្រះ​មណ្ឌប​ព្រះ​បរម​រតន​កោដ្ឋ​។

​បន្ទាប់ពីនោះ នាយករដ្ឋមន្ត្រី​រូបនេះ បាន​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ទ្វេរ​ភាគី ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព​។ នៅក្នុង​ជំនួប ប្រមុខ​ដឹកនាំ ទាំងពីរ​បាន​ពិភាក្សា​គ្នា​យ៉ាង​ស៊ីជម្រៅ សី្ត​ពី​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ក្នុង​វិស័យ​ជាច្រើន រួម​មាន​ពាណិជ្ជកម្ម និង​ការវិនិយោគ ទេសចរណ៍ វប្បធម៌ និង​ការអប់រំ ហើយ​បាន​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ស្តីពី​បញ្ហា​តំបន់ និង​អន្តរជាតិ ដែល​មាន​ផលប្រយោជន៍​ទៅវិញទៅមក​។​

​ប្រមុខ​ដឹកនាំ​កំពូល នៃ​ប្រទេស​ទាំង​ពីរ បាន​បង្ហាញ​ក្តីសង្ឃឹម​ដូច​គ្នា​ថា កម្ពុជា​-​នេ​ប៉ា​ល់នឹង​បើក​ស្ថានទូត​នាពេល​ខាងមុខ​នេះ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ព្រមទាំង​បង្ហាញ​អំពី​បំណង​ចង់ឲ្យ​មាន​ការហោះហើរ​ត្រង់ រវាង​ប្រទេស​ទាំង​ពីរ​ថែម​ទៀត​។​

​បន្ទាប់​ពី​បញ្ចប់​ជំនួប​ពិភាក្សា​ទ្វេភាគី​នេះ នាយករដ្ឋមន្ត្រី​ទាំងពីរ បាន​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្តីពី​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​រដ្ឋាភិបាល​កម្ពុ​ជា និង​រដ្ឋាភិបាល​នេ​ប៉ាល់ និង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង​សភាពាណិជ្ជកម្ម​នេ​ប៉ាល់​។​

ឈាន​ចូល​ដល់​ថ្ងៃ​ទី​២ លោកនាយក​រដ្ឋមន្ត្រី​នេ​ប៉ាល់ បាន​បន្ត​ជួប​សម្តែង​ការគួរសម ជាមួយ​លោក ហេង សំរិន ប្រធានរដ្ឋសភា និង​លោក សាយ ឈុំ ប្រមុខរដ្ឋ​ស្តីទី​កម្ពុជា​ផងដែរ​។ ក្នុង​កិច្ច​ជំនួប​នេះ នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ បាន​កោតសរសើរ​ចំពោះ​ការអភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា​។ លោក​បន្ថែមថា កម្ពុជា​-​នេ​ប៉ាល់ មាន​វប្បធម៌ អរិយធម៌ ជំនឿ​លើ​សាសនាព្រះពុទ្ធ​ដូចគ្នា ព្រមទាំង​ការរស់នៅ និង​ការប្រកប​របរ​រ​ស៊ី​របស់​ប្រជាពលរដ្ឋ ក៏​មាន​ភាពស្រដៀងគ្នា​ផងដែរ​។​ ​បន្ទាប់មក​លោក​នាយក​រដ្ឋមន្ត្រី​នេ​ប៉ាល់ និង​គណៈប្រតិភូ បាន​បន្ត​អញ្ជើញ​ទស្សនា​សារមន្ទីរ​ជាតិ និង​ព្រះវិហារ​ព្រះ​កែវ​មរកត និង​ចូលរួម​វេទិកា​ធុរកិច្ច​កម្ពុជា​-​នេ​ប៉ាល់​។

លុះដល់​ថ្ងៃ​ចុងក្រោយ នៃ​ដំណើរ​ទស្សនកិច្ច នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​ឧសភា លោកនាយក​រដ្ឋមន្ត្រី​នេ​ប៉ាល់ បាន​អញ្ជើញ​ទស្សនា​វិមាន​ឈ្នះ​ឈ្នះ ដែល​ជា​វិមាន​តំណាង​ឲ្យ​នយោបាយ​ជោគជ័យ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្វើឲ្យ​សង្គ្រាម​នៅ​កម្ពុជា បាន​បញ្ចប់​ទាំងស្រុង​ហើយ​ទទួលបាន​នូវ​សន្តិភាព​។​

​មុននឹង​បញ្ចប់​ទស្សនកិច្ច​នេះ កម្ពុជា និង​នេ​ប៉ាល់ បានចេញ​សេចក្ដីថ្លែងការណ៍​រួម ចំនួន​១៥​ចំណុច ស្ដី​ពី​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​នាយក​រដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ​នេ​ប៉ាល់ នៅ​ផង​ដែរ​។​
​សូមបញ្ជាក់​ថា ប្រទេស​កម្ពុជា និង​នេ​ប៉ាល់ បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គ្នា​នៅ​ឆ្នាំ​១៩៦៤ តែ​ត្រូវបាន​កាត់ផ្តាច់​ទៅវិញ​នៅ​អំឡុង​ពេល​កម្ពុជា​ជួប​វិបត្តិ​ភ្លើងសង្គ្រាម​។ ប្រទេស​ទាំង​ពីរ​បាន​ភ្ជាប់​ទំនាក់ទំនង​ឡើងវិញ​នៅ​ថ្ងៃ​ទី​០៧ ខែ​កញ្ញា ឆ្នាំ​១៩៩៩៕

ព័ត៌មានផ្សេងទៀត