លោក​ដូណាល់ ត្រាំ​​ជឿជាក់ថា​​អ៊ីរ៉ង់​​នឹង​ងាក​​មក​ចរចា​​ក្នុងពេល​ឆាប់ៗ​

16-05-2019 10:59 am 484
  ស្តាប់
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ
ស្តាប់ជាសំឡេង

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​កាលពី​ថ្ងៃ​ពុធ បាន​និយាយថា​លោក​ជឿជាក់​ប្រទេស​អ៊ីរ៉ង់​នឹង​ងាក​មករក​តុ​ចរចា​ក្នុងពេល​ឆាប់ៗ ដើម្បី​ពិភាក្សា​ពី​កម្មវិធី​នុយក្លេអ៊ែរ​របស់គេ​។ លោក​ត្រាំ​ថ្លែង​ដូច្នេះ​តាមរយៈ​សារ​បង្ហោះ​លើ​ប្រព័ន្ធ​ធ្វី​ត​ទ័​រ ដោយ​លោក​សង្កត់ធ្ងន់​បែបនេះ​ថា “​ខ្ញុំ​ច្បាស់​ណាស់​អ៊ីរ៉ង់​នឹង​ត្រូវការ​កិច្ចពិភាក្សា​ជា​ចាំបាច់​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។​” ប៉ុន្ដែ​ទន្ទឹមគ្នា​លោក​ក៏បាន​ច្រានចោល​របាយការណ៍​ដែលថា រដ្ឋបាល​របស់លោក​បាន​បែងចែក​បញ្ហា​នៃ​គោលនយោបាយ​នៅ​តំបន់​មជ្ឈិមបូព៌ា​។ 

​ប៉ុន្មាន​ថ្ងៃមុន​សារព័ត៌មាន​New York Times​បាន​ចុះផ្សាយ​ថា រដ្ឋមន្ដ្រី​ការពារជាតិ​ស្ដីទី​អាមេរិក​បានធ្វើ​បទ​បង្ហាញ ពី​ផែនការ​ដាក់ពង្រាយ​ទ័ព​ទៅកាន់​តំបន់​មជ្ឈិមបូព៌ា​ចំនួន​១២​ម៉ឺន​នាក់ ប្រសិនបើ​អ៊ីរ៉ង់​ចាប់ផ្ដើម​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​ឡើងវិញ​។ ព័ត៌មាន​បញ្ជាក់ថា​ទីប្រឹក្សា​សន្ដិសុខ​ជាតិ​អាមេរិក ជា​អ្នក​នៅ​ពីក្រោយ​ផែនការ​នេះ​។ ប៉ុន្ដែ​ភ្លាមៗ​លោក​ដូណាល់ ត្រាំ​បានប្រកាស​បដិសេធ និង​ថា​ព័ត៌មានេះ​ជា​ព័ត៌មាន​ក្លែងក្លាយ​។ លោក​ត្រាំ​បញ្ជាក់ថា​គ្មានអ្វី​កើតឡើង​ដូច​ការផ្សព្វផ្សាយ​ទេ ប៉ុន្ដែ​បើ​មាន​មែន​លោក​ក៏​មិន​បញ្ជូន​ទ័ព​ទៅ​ប៉ុណ្ណឹង​ដែរ គឺអាច​ច្រើន​ជាងនេះទៅទៀត​។​

​សូមបញ្ជាក់ថា ភាព​តានតឹង​រវាង​អាម​រិកជាមួយ​អ៊ីរ៉ង់​បាន​ផ្ទុះឡើង​ជាថ្មី បន្ទាប់ពី​អ៊ីរ៉ង់​ប្រកាស​ដកចេញ​ការប្ដេជ្ញាចិត្ដ​មួយចំនួ​ន ដែល​បាន​ឯកភាព​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ឆ្នាំ​២០១៥​។ អ៊ីរ៉ង់​បាន​ព្រមាន​ថា​អាច​នឹង​ចាប់ផ្ដើម​កម្មវិធី​នុយក្លេអ៊ែរ​ឡើងវិញ​ផងដែរ​។ ក្រោយពី​នោះ​អាមេរិក​ក៏​ប្រកាស​ដាក់ទណ្ឌកម្ម​បន្ថែម​លើ​អ៊ីរ៉ង់​។​

​កាលពី​សប្ដាហ៍​មុន​អាមេរិក​បានប្រកាស​បញ្ចូន​នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង យន្ដហោះ​ទម្លាក់​គ្រាប់ នាវាចម្បាំង ទៅកាន់​តំបន់​មជ្ឈិមបូព៌ា​ត្រៀម​ទប់​ទ់លនឹង​អ៊ីរ៉ង់​។ តែ​អាមេរិក​ថា​គ្មាន​ចេតនា​ចង់​បង្ក​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​ទេ វា​គ្រាន់​ជា​ការការពារ​ខ្លួន​ប៉ុណ្ណោះ​។ រីឯ​អ៊ីរ៉ង់​ក៏​បញ្ជាក់​យ៉ាងច្បាស់​ថា​គេ​ក៏​មិន​ចង់​បង្ក​សង្គ្រាម​ជាមួយ​អាមេរិក​ដូចគ្នា​។ ប៉ុន្ដែ​អ៊ីរ៉ង់​ត្រៀមខ្លួន​រួចជាស្រេច​ឆ្លើយតប​នឹង​ជម្លោះ ដែល​អាច​កើតឡើង​ដោយ​ប្រការ​ណាមួយ​៕

ព័ត៌មានផ្សេងទៀត