លោក​ស ខេង ​ផ្ដល់​អនុសាសន៍​​៥​ចំណុច​សំខាន់ៗ​ ដល់​នគរបាលជាតិ​​

16-05-2019 10:04 am 681
  ស្តាប់
ស្តាប់ជាសំឡេង

​អនុសាសន៍​ចំនួន​៥​ចំណុច​របស់លោក​ស ខេង គឺ​ទី​១៖ ត្រូវ​ពង្រឹង​កងកម្លាំង​នគរបាលជាតិ ដោយ​ត្រូវធ្វើ​ការប្តេជ្ញាចិត្ត​រួមគ្នា បន្តធ្វើ​ការកែទម្រង់​នគរបាលជាតិ អំពី​ក្របខ័ណ្ឌ ឋានន្តរស័ក្តិ តួនាទី មុខងារ និង​ការទទួលខុសត្រូវ នៅតាម​ស្ថាប័ន​-​អង្គភាព​នគរបាល​គ្រប់​ថ្នាក់ ដើម្បី​លើកកម្ពស់​គុណភាព ប្រសិទ្ធភាព​ការងារ សំដៅ​ឆ្លើយតប​ចំពោះ​ការវិវត្ត​រីកចម្រើន របស់​សង្គម និង​ស្ថានភាព​ប្រែប្រួល​ស្មុគស្មាញ នៃ​សភាពការណ៍​សន្តិសុខ ក្នុង​តំបន់ និង​ពិភពលោក​។​

​ទី​២៖ ត្រូវមាន​លក្ខណៈសម្បត្តិ និង​នីតិសម្បទា​គ្រប់គ្រាន់ ក្នុង​ការបម្រើ​ប្រជាពលរដ្ឋ ប្រកបដោយ​ស្មារតី​អង់អាច​ក្លាហាន និង​មាន​សមត្ថភាព​ពេញលេញ ទាំង​សមត្ថភាព​ផ្នែក​ច្បាប់ ជំនាញ​បច្ចេកទេស ព្រមទាំង​មាន​មនសិការ​វិជ្ជាជីវៈ បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ភក្តីភាព​។ លើ​មូលដ្ឋាន​នេះ លោក​ស ខេង ចង្អុលបង្ហាញ​ថា ការកសាង​អភិវឌ្ឍ​ធនធានមនុស្ស និង​ស្ថាប័ន គឺជា​គោលដៅ​អាទិភាព​ដែល​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់ តាមរយៈ​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​មុខជំនាញ ឯកទេស និង​ច្បាប់ រយៈពេល​វែង​-​ខ្លី និង​ការ​បំប៉ន​នៅ​ហ្នឹង​កន្លែង ជាពិសេស​បង្កើន​ការអប់រំ ពង្រឹង​សីលធម៌ វិន័យ​កងកម្លាំង​ជាប្រចាំ​ដើម្បី​កសាង​ធនធាន​មន្ត្រី​អនុវត្ត​ច្បាប់ ឲ្យមាន​សមត្ថភាព មាន​សីលធម៌ គុណធម៌ និង​មនសិការ វិជ្ជាជីវៈ​ពិតប្រាកដ ស័ក្តិសម​នឹង​កិត្តិយស​របស់​កងកម្លាំង​នគរបាលជាតិ​។​

​ទី​៣៖ គ្រប់​អគ្គនាយកដ្ឋាន នាយកដ្ឋាន​-​អង្គភាព​ជំនាញ និង​គ្រប់​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត នៅ​ទូទាំងប្រទេស ត្រូវ​បន្ត​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការគ្រប់គ្រង ដឹកនាំ​អង្គភាព និង​កងកម្លាំង​ក្រោម​ឱវាទ ដោយ​ត្រូវ​ពង្រឹង​ការអនុវត្ត​តួនាទី ភារកិច្ច ដែល​បានចែង​ក្នុង​ច្បាប់ លិខិតបទដ្ឋាន ពាក់ព័ន្ធ​ស្ថាប័ន អង្គភាព​នីមួយៗ ដើរ​ទន្ទឹមនឹង​ការខិតខំ​រក្សា​ឲ្យបាន​នូវ​សាមគ្គីភាព​ផ្ទៃក្នុង ផ្តល់​ភាពកក់ក្តៅ​ដល់​កម្លាំង​ក្រោម​ឱវាទ ដោយ​ត្រូវ​ស្វែងយល់​អំពី​សុខទុក្ខ ការលំបាក​បញ្ហា​ប្រឈម និង​សំណូមពរ​នានា​របស់​ថ្នាក់ក្រោម​ជាតិ ព្រមទាំង​ត្រូវ​អនុវត្តឲ្យ​បា​នខ្ជា​ប់​ខ្លួន នូវ​គោលនយោបាយ​សរសើរ ជូន​រង្វាន់​លើកទឹកចិត្ត និង​អនុវត្ត​វិន័យ​តឹងរឹង ប្រកបដោយ​តម្លាភាព និង​យុត្តិធម៌​។​

​ទី​៤៖ ត្រូវ​បន្ត​លើកទឹកចិត្ត និង​បំផុស​ចលនា​ផ្សាភ្ជាប់ រវាង​សមរភូមិ​ក្រោយ ជាមួយ​សមរភូមិ​មុខ​តាមរយៈ​ការបន្ត​ពង្រឹង​សម្ព័ន្ធមេត្រីភាព រវាង​អង្គភាព​នានា មាន​ការចូលរួម​គាំទ្រ​ពី​ប្រជាពលរដ្ឋ អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯកជន ដើម្បី​រួមគ្នា​ធ្វើ​សកម្មភាព​ចុះ​សួរ​សុខ​ទុក ស្វែងយល់​អំពើ​ពលិកម្ម និង​បញ្ហា​ប្រឈម​នានា​របស់​កងកម្លាំង​នគរបាល ដើម្បី​ចូលរួម​លើកទឹកចិត្ត​ទាំង​ស្មារតី និង​ឧបត្ថម្ភ​គាំទ្រ​នូវ​មធ្យោបាយ សម្ភារ គ្រឿងឧបភោគ បរិភោគ​នានា ដល់​កងកម្លាំង​នគរបាល ដែល​កំពុង​ឈរជើង​នៅតាម​ព្រំដែន​។ 

​ទី​៥៖ លោក​ស ខេង បាន​ជំរុញ​លើកទឹកចិត្ត​ដល់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​-​ខេត្ត ក៏ដូចជា​ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ លើកកម្ពស់​ស្មារតី​សហការ ដឹកនាំ​គាំទ្រ​ដល់​គ្រប់​សកម្មភាព របស់​កងកម្លាំង​នគរបាលជាតិ ដើម្បី​រួមគ្នា​ថែរក្សា​ឲ្យបាន​នូវ​សុខសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ក៏ដូចជា​ការពារ​ឲ្យបាន​នូវ​សមិទ្ធផល​សង្គម​ជាតិ ដែល​បាន​កសាងឡើង​ដោយ​លំបាកលំបិន សំដៅ​ចូលរួម​កសាង​អភិវឌ្ឍ​សង្គម​កម្ពុជា ឆ្ពោះទៅ​ដល់​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ជោគជ័យ​៕

 ពាក្យគន្លឹះ  លោកស ខេងនគរបាលជាតិ

ព័ត៌មានផ្សេងទៀត