មន្ដ្រីជាន់ខ្ពស់​​អាមេរិក​​នឹង​ទៅ​ទីក្រុង​ប៉េកាំង​​ដើម្បី​បន្ដ​ចរចា​​បញ្ហា​ពាណិជ្ជកម្ម​

16-05-2019 9:58 am 302
​រដ្ឋមន្ដ្រី​រតនាគា​រអា​មេរិក​លោក​Steven Mnuchin

​រដ្ឋមន្ដ្រី​រតនាគា​រអា​មេរិក​លោក​Steven Mnuchin​បានប្រកាសថា អាមេរិក​និង​ចិន​នឹង​ចាប់ផ្ដើម​កិច្ចពិភាក្សា​ថ្នាក់​រដ្ឋមន្ដ្រី​ជាថ្មីទៀត​ក្នុងពេល​ឆាប់ៗ ដើម្បី​បន្ដ​ស្វែងរក​ដំណោះស្រាយ​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម​។ ការប្រកាស​ដូច្នេះ​ស្របពេល​លោក​ត្រាំ​ទើប​បញ្ជា​ឲ្យ​ដំឡើង​ពន្ធ​២៥​ភាគរយ លើ​ទំនិញ​ចិន​តម្លៃ​២០០​ពាន់​លាន​ដុល្លារ​ចាប់ផ្ដើម​មាន​ប្រសិទ្ធភាព​ពី​ថ្ងៃទី​០១​មិថុនា​។ កិច្ចចរចា​រវាង​មន្ដ្រី​តំណាង​ប្រទេស​ទាំងពីរ ក៏​ទើប​បញ្ចប់​កាលពី​ថ្ងៃទី​០៩-១០​ឧសភា​នេះ​នៅ​អាមេរិក ប៉ុន្ដែ​បញ្ចប់​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ឡើយ​។ 

​លោក​Mnuchin​បាន​ប្រាប់​សមាជិកសភា​នៅក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​ពុធ​ថា លោក​នឹង​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​ដើម្បី​បន្ដ​កិច្ចពិភាក្សា​។ ស្របពេល​ជាមួយគ្នា​លោក​ក៏​ទទួលស្គាល់ថា កិច្ចព្រមព្រៀង​នៅ​មិនទាន់​ទទួល​បានទេ ដោយ​មានរឿង​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ​។ ជា​ការកត់សម្គាល់​សហ​រដ្ឋ​អាមេរិក​ទំនង​ចង់​បញ្ចប់​ជំហាន​នានា​មុនពេល​លោក​ត្រាំ​ជួប​លោក​ស៊ី ជីន​ពីង នៅក្រៅ​កិច្ចប្រជុំ​G20​នា​ចុង​ខែមិថុនា​ក្នុងប្រទេស​ជប៉ុន​៕

ព័ត៌មានផ្សេងទៀត