កំណែទម្រង់​​«​វះកាត់​»​​អាច​ជា​ជំហាន​​ល្អ​នៅ​​ថ្ងៃ​​អនាគត​​​បើធ្វើ​ជាប់​លាប់​

16-05-2019 8:39 am 1429
ប្រជុំគណៈរដ្ឋមន្ត្រីកម្ពុជានាពេលកន្លងទៅ។

​ការចាប់ផ្តើម​អនុវត្ត​អភិក្រម​ទី​៥ គឺ “​វះកាត់​” មន្ត្រី​ខិលខូច​ដែល​បង្ក​ឱ្យ​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា និង សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ ត្រូវបាន​គេ​មើលឃើញថា​លេចចេញ​ជា​រូបរាង​តាំងពី​ដើមឆ្នាំ​២០១៩​នេះ ដោយ​មន្ត្រី ឬ​អ្នកមានអំណាច​ខ្លះ​ត្រូវ​ដក​ចេញពី​តំណែង និង ឈានដល់​ការដាក់ទោសទណ្ឌ​។​ជា​វិធានការ​ដែល​គេ​មើលឃើញថា ជា​ជំហាន​ដ៏​ល្អ​មួយ​របស់​រដ្ឋាភិបាល បើទោះបីជា​រៀង​យឺត​ពេល​បន្តិ​ចក្តី​។​

«​ងូតទឹក ឆ្លុះ​កញ្ចក់ ដុះ​ក្អែល ព្យាបាល និង វះកាត់​» ជា​សារ​ខ្លី​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ដាស់តឿន​មន្ត្រី​ដែល​ធ្លាប់​ស្ពឹក​ស្រ​ពន់ ឱ្យ​ភ្ញាក់រលឹក​ក្នុងន័យ​កំណែទម្រង់​ស៊ីជម្រៅ​នៅក្នុង​ជួរ​គណបក្ស និង ជួរ​រាជរដ្ឋាភិបាល​។​ហើយ​អនុសាសន៍​ទាំងនេះ មន្ត្រីរាជការ​នៅក្នុង​ប្រទេស​កម្ពុជា ចាប់តាំងពី​ថ្នាក់ទាប ដល់​មន្ត្រី​ជាន់​សុទ្ធតែ​បាន​ទទួលបាន និង ប្តេជ្ញា​ចូលរួម​អនុវត្ត ។​

​នៅ​អាណត្តិ​ទី​៦ ជាពិសេស​នៅ​ឆ្នាំ​២០១៩​នេះ ជា​ការចាប់ផ្តើម​អនុវត្ត​អភិក្រម​ទី​៥ គឺ​“​វះកាត់​” ពោលគឺ​រាល់​មន្ត្រី​ខិលខូច​រូប​ណា​ដែល​បង្ក​ឱ្យ​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា និង សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ គឺ​ត្រូវបាន​ដក​ចេញពី​តំណែង និង ឈានដល់​ការដាក់ទោសទណ្ឌ ទោះបី​មាន​ឋានៈ​ផ្កាយ ឬ​លោក​ខែ​ប៉ុណ្ណា​ក៏ដោយ​។​លោក ហ៊ុន សែន បាន​ថ្លែង​ដោយ​ន័យធៀប​ថា «​ដើម្បី​បន្តដំណើរ​ទៅរក​ភាព​រីកចម្រើន​នោះ គឺ​ត្រូវ​យកចេញ​គ្រាប់​ខ្សាច់​ចេញពី​ជើង​»​។​

​ម្លោះ​ហើយ​បានជា​នៅ​រយៈពេល​ចុងក្រោយ​នេះ វិធានការ​នៃ​ការដកតំណែង និង កាត់ទោស​មន្ត្រី​ខិលខូច​ដែល​ប្រព្រឹត្តល្មើស​នឹង​ច្បាប់ ត្រូវបាន​ធ្វើឡើង​យ៉ាង​ក្តៅគគុក និង សកម្ម ដោយ​គេ​ឃើញ​មាន​ការបញ្ឈប់​តំណែង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគីរី​លោក គឹម រស្មី ដោយសារ​ចែក​ប្រាក់​ទៅ​កូនៗ​សរុប​កន្លះ​លាន​ដុល្លារ  ហើយ​ត្រូវគេ​បង្ហោះ​ជា​សាធារណៈ​។​ការបង្ក្រាប​គ្រឿងញៀន​ដ៏​កក្រើក​កណ្តាល​ក្រុងភ្នំពេញ​នា​មជ្ឈមណ្ឌល​កំសាន្ត​រ៉ុក ដោយមានឧ​ញ៉ា​នៅ​ពី​ក្រោយខ្នង​។​

​ការបញ្ចប់​មុខតំណែង អភិបាលរង​ខេត្ត​ព្រះសីហនុ​២​រូប ពាក់ព័ន្ធ​ករណី​បង្ក្រាប​ដោយ​ហិង្សា លើ​ប្រជាពលរដ្ឋ​តវ៉ា​រឿង​ដីធ្លី ស្ថិតក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​អំឡុង​ចុងខែ​មករា​កន្ល​ង​ទៅ​។​ហើយ​ចុងក្រោយ​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោក ហ៊ុន សែន ស្នើ​ទៅ​ព្រះមហាក្សត្រ​ដក​លោក សួន បវរ ចេញពី​អភិបាលខេត្ត​បន្ទាយមានជ័យ បន្ទាប់ពី​លោក សួន បវរ ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ស្នេហ៍​។​

​ជា​ការពិត វិធានការ​ចុងក្រោយ​របស់​រដ្ឋាភិបាល អនុវត្ត​វះកាត់​សាច់​ស្អុយ​ចេញពី​ខ្លួន គឺជា​រឿង​ចាំបាច់​ដែល​ត្រូវតែ​ធ្វើ ហើយ​នេះ​ជា​ជំហាន​ដ៏​ល្អ​មួយ​របស់​រដ្ឋាភិបាល ក្នុង​ការវះកាត់ សាច់​ស្អុយ ឬ​មន្ត្រី​ខិលខូច ពុករលួយ ចេញ បើទោះបីជា​រៀង​យឺត​ពេល​បន្តិ​ចក្តី​។ តំណាក់កាល​បច្ចុប្បន្ន ក៏​អាច​ចាត់ទុកថា ជា​វិញ្ញាសា​ថ្មី​មួយទៀត សម្រាប់​រដ្ឋាភិបាល​កម្ពុ​ជា​ក្នុង​ការអនុវត្តន៍​ច្បាប់​ដោយ​តម្លាភាព និង ភាពយុត្តិធម៌​នៅ​ក្នុងសង្គម​។​

​យុត្តិធម៌ គឺជា​តម្លៃ​ខ្ពស់បំផុត​សម្រាប់​ធ្វើឱ្យ​សង្គម​ទាំងមូល​មាន​ស្ថេរភាព និង មាន​សណ្តាប់ធ្នាប់​ល្អ​ដោយ​គ្មាន​ការតវ៉ា ឬ​ការចុះ​ផ្លូវ​ធ្វើបាតុកម្ម​នោះឡើយ​។​ដូច្នេះ​ការពង្រឹង​នូវ​យុត្តិធម៌​សង្គម គឺជា​រឿង​ចាំបាច់​ដែល​រដ្ឋាភិបាល​មិនអាច​មើលរំលង​បាន​។​

​ជារួម​ការអនុវត្ត​អភិក្រម​ចំណុច​ចុងក្រោយ​របស់​ប្រមុខ​រដ្ឋាភិបាល គឺ​«​វះកាត់​» អាចជា​គំរូ​ដ៏​ល្អ​ទៅ​ថ្ងៃមុខ​បន្តទៀត សម្រាប់​គ្រប់​មន្ត្រី​ទាំងអស់ ជាពិសេស​មន្ត្រី​ដែល​កន្លងមក​ធ្លាប់បាន​ប្រើប្រាស់​អំណាច ធ្វើបាប​រាស្ត្រ​ឱ្យ​ពួកគេ​មានការ​ភ្ញាក់រលឹក​ថា ត្រូវធ្វើ​ជា​មន្ត្រី ដើម្បី​បំរើ​រាស្ត្រ​។​

​ដូច្នេះ​ដើម្បីឱ្យ​អភិក្រម​ចំណុច​ចុងក្រោយ​ទទួលបាន​ជោគជ័យ រដ្ឋាភិបាល គួរតែ​អនុវត្ត​នូវ​វិធានការ​កាត់​សាច់​ស្អុយ​នេះ ធ្វើឡើង​ដូច​ភ្លៀងរលឹម កុំ​ធ្វើជា​លក្ខណៈ​ភ្លើង​ចំបើង​។​ព្រោះ​កន្លងមក គេ​ពិនិត្យឃើញថា ចំណាត់ការ​របស់​រដ្ឋាភិបាល តែងតែ​ប្រើប្រាស់​នូវ​វិធានការ​ភ្លើងចំបើង ដែល​ងាយ​ឆេះ ហើយ​ឆាប់​រលត់ទៅវិញ​។​

​ប្រសិនបើ​រដ្ឋាភិបាល ធ្វើជា​លក្ខណៈ​ភ្លៀងរលឹម​ដោយ​បន្ត​តាមដាន​ពិនិត្យ និង អនុវត្ត​នូវ​ច្បាប់ ឬ​វិធានការ​ដែលមាន​ស្រាប់ វា​នឹង​ក្លាយជា​ប្រយោជន៍​សម្រាប់​សង្គមជាតិ និង ប្រជាពលរដ្ឋ​ទៅ​ថ្ងៃ​អនាគត​។ ប្រជាប្រិយភាព និង មុខមាត់​របស់​ថ្នាក់ដឹកនាំ រួមទាំង​មន្ត្រី​គ្រប់​ជាន់ថ្នាក់ អាច​នឹង​ត្រូវបាន​ពល​រដ្ឋ​គោរព និង ឱ្យ​តម្លៃ​។ ជាក់ស្តែង ដូច​ករណី​ដកតំណែង​មន្ត្រី​ខិលខូច ឬ​រឿង​បង្ក្រាប​គ្រឿងញៀន​នានា​កន្លងមកនេះ គឺ​មហាជន​ទូទៅ​សាទរ និង គាំទ្រ​ចំពោះ​វិធានការ​របស់​រដ្ឋាភិបាល​។​តែ​យ៉ាងណា​សូមឱ្យ​វិធានការ​នេះ ធ្វើ​ឡើយ​ដោយ​ឆន្ទះ​ពិត និង គ្មាន​ការ​បំភាន់​ភ្នែក​មហាជន​ខ្មែរ​ទូទៅ​៕

 ពាក្យគន្លឹះ  កំណែទម្រង់វះកាត់

ព័ត៌មានផ្សេងទៀត